ខេត្តព្រះវិហារ​ជា​ខេត្ត​ទី​២​នៃ​ការរៀបចំ​យុទ្ធនាការ​អន្ទាក់​សូន្យ​

​ខេត្តព្រះវិហារ​ជា​ខេត្ត​ទិសដៅ​ទី​២ បន្ទាប់ពី​ខេត្តស្ទឹងត្រែង​ក្នុងការ​រៀបចំ យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ​កម្ពុ​ជា​ដែល​ផ្តួច​ផ្តើមគំនិត​និង​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​អង្គការ​ដៃគូ​អភិរក្ស​នានា​។ ទទួល​រៀបចំ​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS ដោយមាន​ការចូលរួម​ពី​អង្គការ​អភិរក្ស​អន្តរជាតិ CI និង​គម្រោង​ព្រៃ​ឡង់​បៃតង USAID Green Prey Lang យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្តព្រះវិហារ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២ នៅក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត ប៉ើយ​ធឿន​ក្រសាំង ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ភូមិសាស្ត្រ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្រោម​វត្តមាន​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយមាន​ការចូលរួម​ពី​រដ្ឋបាលខេត្ត ព្រះវិហារ អាជ្ញាធរ​ស្រុក អង្គការ​ដៃគូ និង​បងប្អូន​ប្រជា​សហគមន៍​។

​ថ្លែង​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ក្នុង​ក្របខណ្ឌ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ​រយៈពេល ៦ ខែ​ក្នុង​ខេត្ត ៦ ភាគ​ខាងកើត​ទន្លេមេគង្គ​រួមមាន​ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និង​កំពង់ធំ ផ្តួចផ្តើម​និង​ដឹកនាំ​ធ្វើ​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ ដៃគូ​ដែល​សហការ​ក្នុង​ការងារ​អភិរក្ស​។ យុទ្ធនា​ការដែល​មន្ត្រី ជាន់ខ្ពស់​ក្រសួងបរិស្ថាន​មានជំនឿថា​នឹងចូលរួម​ក្នុងការ​កែប្រែ ឥរិយាបថ​ពលរដ្ឋ​មួយចំនួន​ដែល​និយម​ហូប​សាច់សត្វ និង​ចូលរួម​រក​ដំណោះ ស្រាយ​បញ្ចប់​វិបត្តិ​អន្ទាក់​នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា និង​មិន​ត្រឹមតែ​ផ្តល់​ជម្រក កន្លែង​រក​ចំណី និង​ប្រភពទឹក​សម្រាប់​សត្វព្រៃ​រស់​នៅ​នោះទេ តែ​ក៏​ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​សត្វព្រៃ និង​ជីវៈចម្រុះ​ក្នុង​រស់នៅ​។

លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា ការកំណត់​យក​ខេត្ត ៦ នៅ​ភាគ​ខាងកើត​នៃ​កម្ពុជា​រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និង​ខេត្តកំពង់ធំ​ជា​គោលដៅ​នៃ​យុទ្ធនាការ​ក៏​ព្រោះ​ខេត្ត​ទាំង ៦ នេះ​មាន​ផ្ទៃដី​ភាគច្រើន​គ្របដណ្តប់​ដោយ​តំបន់ការពារធម្មជាតិ​ដែលមាន​វត្តមាន​ព្រៃឈើ និង​សត្វព្រៃ និង​ខេត្ត​ទាំង ៦ នេះ​មាន​សកម្មភាព​លក់​សាច់​សត្វព្រៃ​ដោយ​ខុសច្បាប់​នៅតាម​ទីផ្សារ និង​នៅតាម​តំបន់​នានា​នាពេល​កន្លងមក​ដែល​យើង​ចាំបាច់​ត្រូវធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ទប់ស្កាត់​និង​បង្ក្រាប​ឱ្យបាន​មាន​ប្រសិទ្ធភាព​ខ្ពស់ ក៏ដូចជា​កែប្រែ​ឥរិយាបថ​ប្រជាពលរដ្ឋ​មួយ ចំនួន​ដែល​និយម​ហូប​សាច់​សត្វព្រៃ​បញ្ឈប់​ការហូប​សាច់សត្វ​ព្រៃ និង​បញ្ឈប់​ការដាក់​អន្ទាក់​សត្វព្រៃ​។

​លោក កែន សិរី​រដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS តំណាងឱ្យ​អង្គការ​ដៃគូ​អភិរក្ស​ជាមួយ​ក្រសួងបរិស្ថាន បាន​ថ្លែង​ស្វាគមន៍​និង​អបអរសាទរ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​របស់​ក្រសួងបរិស្ថាន​ក្នុងការ​រៀបចំ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ ដែល​បាន​ដើរតួនាទី​សំខាន់​នៅក្នុង​ការងារ​អភិរក្ស​ធនធាន​ជីវៈចម្រុះ និង​ធនធានធម្មជាតិ បញ្ឈប់​តម្រូវការ​សាច់​សត្វព្រៃ​ក្នុង​ក្របខណ្ឌ​ខេត្ត​ក៏ដូចជា​ក្នុង​ក្របខណ្ឌ​ប្រទេស​ទាំងមូល​។ តាមរយៈ​យុទ្ធនាការ​នេះ យើង​នឹង​អាច​ឈានដល់​ការស្នើសុំ​រៀបចំ​លិខិត បទដ្ឋាន​បន្ថែម​ដើម្បី​កំណត់​លើ​ការប្រើប្រាស់​អន្ទាក់ និង​ជំរុញ​ទៅលើ​ការអនុវត្ត​ច្បាប់ និង​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ពី​ការដាក់​អន្ទាក់​ក្នុង​តំបន់ការពារធម្មជាតិ​។​

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ធនធាន​សត្វ​ព្រៃរបស់​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដោយសារ​វិបត្តិ​នៃ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​ដែល​បាន និង​កំពុង​កើតឡើង​បណ្តាលមកពី​ការប្រើប្រាស់ និង​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​។ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ និង​អង្គការ​អន្តរជាតិ​ជា​ដៃគូ​ក្នុង​វិស័យ​បរិស្ថាន​បានមក​រួមគ្នា​នៅថ្ងៃនេះ​ដើម្បី​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​។ គោលដៅ​ចម្បង​នៃ​យុទ្ធនាការ​នេះ គឺ​ការ​ឈានទៅ​លុបបំបាត់​ការប្រើ​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​។ ក្នុង​ឆ្នាំ ២០២១ ក្រសួង បរិស្ថាន និង​ស្ថាប័ន​អង្គការ​ដៃគូ​របស់ខ្លួន​បាន​ដក​អន្ទាក់​សរុប​ចំនួន ៦១.៦១១ អន្ទាក់ ចេញពី​តំបន់ការពារធម្មជាតិ​ចំនួន ៧២ និង​ច្រករបៀង​ជីវចម្រុះ​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា​។

ជា​មធ្យម ក្នុង​មួយ​ឆ្នាំមាន​អន្ទាក់​សរុប​ចំនួន​ប្រមាណ​ជាង ៤០.០០០ ត្រូវបាន​ដកចេញ​ពី​តំបន់ការពារធម្មជាតិ​ទាំងនេះ​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បញ្ឈប់​ការទទួល​ទាន​សាច់សត្វ​ព្រៃ និង​ជាវ​ផលិតផល​ពី​សត្វព្រៃ​ដទៃទៀត​ជាដាច់ខាត​។

លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ថា​៖ «​យើងខ្ញុំ​សូម​អំពាវនាវ​យ៉ាងទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​និយាយថា​ទេ​ចំពោះ​សាច់​សត្វព្រៃ និង​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ធនធានធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យនៅ​ស្ថិតស្ថេរ​គង់វង្ស​»​។​

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បាន​អំពាវនាវ សូមឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ចូលរួម​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នៃ​ការចាប់ ដាក់​អន្ទាក់ ប្រមាញ់ និង​ប្រមូល​ពង​សត្វព្រៃ​គ្រប់​ប្រភេទ និង​បទល្មើស​នៃ​ការជួញដូរ​សត្វព្រៃ និង​សំណាក​សត្វព្រៃ​ដើម្បី​ចូលរួម​ការពារ​និង​អភិរក្ស សត្វព្រៃ​និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ឱ្យបាន​គង់វង្ស​និង​រីកចម្រើន សម្រាប់​បន្សល់ទុក​ដល់​មនុស្ស​រាប់​ជំនាន់​ទៀត​»៕

Related posts