ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ​

​រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៣ នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ប្រារព្ធ​នៅ​សាលប្រជុំ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​រាយការណ៍​ជូន​សម្ដេច និង​អង្គពិធី អំពី​សាវតារ​នៃ​ក្រុមកីឡា​ក្រសួងមហាផ្ទៃ ដោយ​រម្លឹកថា​នៅ​ឆ្នាំ​១៩៥៩ នា​សម័យ​សង្គមរាស្ត្រនិយម ក្រុមប្រឹក្សា​កីឡា​កង​រាជ​តម្រួត​កម្ពុជា ដែលជា​អង្គការ​កីឡា​ដំបូង​នៃ​កងកម្លាំង​នគរបាលជាតិ ត្រូវបាន​បង្កើតឡើង​ដោយ ស្នាម​ព្រះហស្ត ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែល​ពេលនោះ​ទ្រង់​ក៏​ជា​ព្រះបិតា កីឡា​ជាតិ​ផងដែរ​។

ឯកឧត្តម បន្តថា​ស្ថាប័ន​កីឡា​នេះ​បាន​ចាប់បដិសន្ធិ និង​កែទម្រង់​ឡើងវិញ​នៅ​ឆ្នាំ​២០១៣ ដោយមាន​ឈ្មោះថា «​សហភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា​» ហើយ​ដំណើរការ​មកដល់​ចុងឆ្នាំ​២០១៩ ទើបត្រូវ​បានធ្វើ​ការកែ​សម្រួល​ជាថ្មី និង​ប្តូរ​ឈ្មោះ​មកជា​«​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហា​ផ្ទ​»​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​របស់​កងកម្លាំង​នគរបាលជាតិ និង​រួមគ្នា​អភិវឌ្ឍ​សមត្ថភាព​បច្ចេកទេស ឱ្យមាន​ការរីកចម្រើន និង​ដើម្បី​ធ្វើ​សមាហរណកម្ម​ចូល​ជា​សមាជិក​សហភាព​កីឡា​នគរបាល​អន្តរជាតិ International Police Sport Union​។​

សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​ថ្លែង​កោតសរសើរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ដែល​ជួយ​គាំទ្រ​ប្រភេទ​កីឡា​នីមួយៗ​របស់​ក្រសួង​។ សម្ដេច បានកត់សម្គាល់​អំពី​វឌ្ឍនភាព​ដ៏​ល្អ​នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ក្រោយ​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​។ សម្ដេច បាន​ថ្លែងអំណរគុណ​គ្រូបង្វឹក កីឡាករ កីឡាការិនី គ្រប់​ប្រភេទ​វិញ្ញាសារ ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុងការ​ប្រកួត​កន្លងមក និង​សង្ឃឹមថា​កីឡាករ កីឡាការិនី​ក្រសួងមហាផ្ទៃ​នឹង​សម្រេចបាន​ជោគជ័យ​បន្ថែមទៀត​។​

ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​កីឡា​នៅ​កម្ពុជា សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់​អំពី​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នា​ឆ្នាំ​២០២៣​នេះ ដោយ​បន្ថែមថា​ព្រឹត្តិការណ៍​នេះ​នឹង​បង្ក​ឱកាស​ឱ្យ​កម្ពុជា​ពង្រឹង និង​ពង្រីក​សក្ដានុពល​ផ្នែក​កីឡា​របស់ខ្លួន​ដែល​ក្នុងនោះ​ក៏មាន​កីឡាករ កីឡាការិនី ជម្រើសជាតិ​មួយចំនួន​មាន​សមាសភាព​ចេញពី​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​នេះដែរ​។ សម្ដេច បាន​បន្ថែមថា​ទោះបីជា​បាន​ជាប់​ជម្រើសជាតិ ឬ​មិនបាន​ក៏ដោយ កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវតែ​បន្ត​ខិតខំ​ង​ហ្វឹកហាត់​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​។​

សម្ដេច ក៏បានផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់​លើ​ប្រភេទ​កីឡា​មាន​ឧត្តមភាព ហើយ​ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ដែល​ទទួល​ជួយ​ប្រភេទ​កីឡា​នីមួយៗ ត្រូវ​បង្កើន​ការគាំទ្រ​ឱ្យបាន​កក់ក្ដៅ​ដើម្បី​អភិវឌ្ឍន៍​ប្រភេទ​កីឡា​ទាំងនោះ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។

សម្ដេច បានប្រកាស​ប្រគល់​តួនាទី​ជួយ​ក្លិប​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ ជូន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឈន សា​រ៉ា​ណេ ជំនួស​ឯកឧត្តម ជួន ណា​រិន្ទ និង​សង្ឃឹមថា​ក្លិប​នេះ​នឹង​ពង្រឹងសមត្ថភាព និង​កិត្យានុភាព​ឡើងវិញ​។​

​សម្ដេច ក៏បាន​ណែនាំ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​កីឡា​នៅលើ​ទីតាំង​ដែល​ទទួលបាន​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ចំពោះ​ការលើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ដែលមាន​ស្នាដៃ សម្ដេច បាន​សន្យាថា​នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ផ្ដល់​ក្របខណ្ឌ​មន្ត្រីរាជការ ពិសេស​ក្របខណ្ឌ​នគរបាលជាតិ ដល់​កីឡាករ កីឡាការិនី ដោយ​ជាបឋម​នឹង​ផ្ដល់​អាទិភាព​លើ​កីឡាករ និង​កីឡាការិនី​មាន​ស្នាដៃ​ដណ្ដើមបាន​មេដាយមាស ប្រាក់ និង​សំរិទ្ធ​។ សម្ដេច បាន​ទទូច​ជាថ្មីទៀត​ឱ្យ​កីឡាករ កីឡាការិនី បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ឱកាស​អភិវឌ្ឍន៍​ខ្លួន​។​

ពី​វេទិកា​អធិបតី​នោះដែរ សម្ដេច ក៏បាន​គូស​បញ្ជាក់ជូន​អង្គពិធី​អំពី​វឌ្ឍនភាព​នៃ​ការដឹកនាំ​ជាតិ​របស់​រាជរដ្ឋាភិបាល មាន​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ដែល​រក្សាបាន​សុខសន្តិភាព និង​ស្ថិរភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ មាន​ភាពម្ចាស់ការ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ពិសេស​ជោគជ័យ​នៃ​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២​។ សម្ដេច ក៏បានផ្ដល់​ទស្សនាទាន​អំពី​គោលបំណង​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា ដើម្បីឱ្យ​រដ្ឋបាល​នៅតាម​មូលដ្ឋាន​មាន​សិទ្ធិ អំណាច និង​ធនធាន កាន់តែច្រើន​ក្នុងការ​បម្រើ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន​។​

សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​បន្ត​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងនោះ​ក៏មាន​ក្រសួងមហាផ្ទៃ ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ប្រឈមៗ​នៅ​កម្ពុជា ដូចជា​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ បទល្មើស​ជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់​ជាដើម​។ សម្ដេច​បន្ថែមថា​ប្រជាពលរដ្ឋ​ទាំងអស់ រួមទាំង​កីឡាករ កីឡាការិនី​ដែរ សុទ្ធ​តែមាន​ចំណែក​នៅក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ទាំងនេះ និង​បទល្មើស​ផ្សេងទៀត​នៅ​កម្ពុជា ដើម្បី​រក្សាបាន​សន្តិសុខ និង​សុវត្ថិភាព​សង្គម ព្រមទាំង​កិត្តិយស​ជាតិ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា