ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​មិ​ត្ដ​ភាព​អន្តរជាតិ​ជាមួយ​បារាំង​នា​ពាក់កណ្ដាល​ខែកុម្ភៈ

​កីឡា ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា នឹងមាន​ការប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម​១៩​ឆ្នាំ នា​ពាក់កណ្ដាល​ខែកុម្ភៈ​ខាងមុខ ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​ឱ្យបាន​កាន់តែ​ល្អ ត្រៀម​ឆ្ពោះទៅ​ប្រជែង​រក​មេដាយមាស ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅលើ​ទឹកដី​ខ្លួនឯង នា​ខែឧសភា ខាងមុខនេះ​។​

​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ជំនួប​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុមយុវជន​បារាំង ដែលជា​ប្រទេស​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ផ្នែក​កីឡាបាល់ទះ​នៅលើ​ពិភពលោក​មួយ​នេះ នឹងធ្វើ​ឡើង នៅ​រាជធានី​ភ្នំពេញ តែ​លោក​ពុំទាន់​បានបញ្ជាក់​ថ្ងៃ​ប្រកួត​ច្បាស់លាស់​នោះទេ ដោយ​គ្រាន់តែ​អះអាងថា ការប្រកួត​នឹង​កើន​មាន នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​។​

​លោក​បន្ដថា​៖ «​យើង​បាន​ព្យាយាម​នាំយក​ក្រុម​ខ្លាំង​បន្ថែមទៀត ដើម្បី​ធ្វើ​ម៉េច​ឱ្យ​គុណ​ផល​កីឡាករ​របស់​យើង កាន់តែ​រីកចម្រើន ក្នុងនោះ​ការបង្ក​ទំនាក់ទំនង​ជាមួយ​សហ​ព័ន្ធ​បាល់ទះ​បណ្ដា​ប្រទេស​ជុំវិញ​អាស៊ាន​ក្ដី អាស៊ី​ក្ដី ឬ​ពិភពលោក​ក្ដី ក្នុង​ចេតនា​តែមួយ​ប៉ុណ្ណោះ គឺ​ចង់ឱ្យ​វិស័យ​បាល់ទះ​កម្ពុជា​របស់​យើង ដើរ​ឱ្យទាន់​បរិបទ​កីឡាបាល់ទះ​ពិភពលោក ពិសេស​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​» ។​

​ក្រៅពី​ការត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុមយុវជន​បារាំង​អាយុ​ក្រោម​១៩​ឆ្នាំ ក្នុង​ខែកុម្ភៈ ខាងមុខនេះ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក Mayor Sokhary Chau អភិបាល​ក្រុម Lowell នៃ​រដ្ឋ Massachusetts កាលពី​ថ្មីៗ​នេះ ដើម្បី​បង្ក​ភាពស្និទ្ធស្នាល និង​សិក្សា​ពី​គម្រោង​អញ្ជើញ​ក្រុម​កីឡាករ​អាមេរិក មក​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏ដូចជា​គម្រោង​រៀបចំ​ពានរង្វាន់​មិត្តភាព រវាង​កម្ពុជា សិង្ហ​បុរី និង​ម៉ាឡេស៊ី ផងដែរ​។​

​គួរឱ្យ​ដឹងថា ក្រោយ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ជា​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា មាន​សកម្មភាព​ប្រកួត​កាន់តែ​ផុសផុល ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ប្រជែង​មេដាយមាស​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ​។ ជាក់ស្ដែង​មុន​ជួប​បារាំង ក្រុម​កម្ពុជា​ក៏បាន​ប្រកួត​មិត្តភាព​អន្ដរជាតិ ២​ប្រកួត​រួចហើយ​ផងដែរ ដោយ​ពួកគេ បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ២​សិត​ទល់នឹង​១​សិត (២-១) និង​យកឈ្នះ​ក្រុម​ជម្រើសជាតិ​គុយបា ៣-១ កាលពី​ខែតុលា ឆ្នាំ​២០២២ កន្លងទៅ​៕ ដកស្រង់​ពី​៖ Cambodia 2023

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា