ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ស ខេង អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ

នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ស្ថិតនៅ​ក្នុងភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប​។​

អញ្ជើញ​ចូលរួម​ជា​កិត្តិយស​អមដំណើរ សម្តេច​ក្រឡាហោម ស ខេង ក្នុង​ពិធី​នោះ​រួមមាន​៖ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ខេត្តសៀមរាប និង​អង្គភាព​ពាក់ព័ន្ធ មន្ត្រីរាជការ ព្រមទាំង​មន្ត្រីនគរបាល​ជាច្រើនរូប​ទៀត​។​

ថ្លែង​ក្នុងឱកាស​ស្វាគមន៍​នៃ​ពិធី​នេះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល​ឲ្យ​បាន​ជ្រាបថា ទីតាំង​ថ្មី​នៃ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​នេះ​ត្រូវបាន​សង់​ឡើង​នៅលើ​ដី ដែលមាន​ផ្ទៃក្រឡា​សរុប​ចំនួន ១៩,៩៤៧ ម៉ែត្រការ៉េ ដោយ​ក្នុងនោះ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៃ​អគារ​និង​ទីតាំង​ប្រើប្រាស់​ចាំបាច់​មាន​ចំនួន ១៦ ប្រភេទ មាន​ទំហំ​សរុប​ចំនួន ១,៧០៨ ម៉ែត្រក្រឡា​។ ទីតាំង​ខាងលើនេះ សាងសង់​ដោយ​ក្រុមហ៊ុន ប៊ី ប្រ៊ី​លលា​ន ប៊ី​ល​ឌើ​រ ក្នុងតម្លៃ​សរុប​ចំនួន ៧,១៩៨,០០០,០០០៛ (​ប្រាំពីរ​ប៊ី​លាន មួយរយ​កៅសិប​ប្រាំបី​លាន រៀល​គត់​) តាមរយៈ​ថវិកា​បានមកពី​មូលនិធិ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ ឆ្នាំ​២០១៨ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ការងារ​សាងសង់​មាន​រយៈពេល​២៤​ខែ ដោយ​ចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២១​។ សំណង់​នេះ គឺជា​សមិទ្ធផល​សំខាន់​មួយទៀត កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​​ក្រោម​ការគាំទ្រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ អាជ្ញាធរ​ដែនដី​ខេត្តសៀមរាប ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ ជាច្រើន​ទៀត ក្នុង​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ដោយ​ចីរភាព​សំដៅ​កែលម្អ​ឡើងវិញ​និង​ពង្រីក​ទេសភាព​បៃតង​ដើម្បី​លើក​តម្លៃបន្ថែម​ដល់​ភាព​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ​។​

សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​មានប្រសាសន៍​កោតសរសើ​រ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការជំរុញ និង​ផ្តួច​ផ្តើមគំនិត​នូវ​ការ ស្នើ​ផ្លាស់ប្តូរ​ទីតាំង​ស្នាក់ការ​ចាស់ របស់​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ដែលមាន​សភាព​ទ្រុឌទ្រោម មិន​រៀបរយ សាងសង់​នៅ​កៀក​ជិត​ប្រាសាទអង្គរវត្ត អាច​នឹង​ប៉ះពាល់​ដល់​ស្រទាប់​បុរាណវិទ្យា​នៅក្រោម​ដី​។

សម្តេច​ក្រឡាហោម​មានប្រសាសន៍​បន្តទៀតថា​អគារ​ថ្មី​របស់​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​​មាន​ភាពស្រស់ស្អាត តាម​រចនាបថ តាម​ទម្រង់​ស្ថាបត្យកម្ម​ខ្មែរ សាមញ្ញ បង្កប់​នូវ​ភាពថ្លៃថ្នូរ ស័ក្តិ​សមជា​សមិទ្ធផល​ថ្មី នៃ​អត្តសញ្ញាណ​ជាតិ ដែល​នឹង​ជួយ​បង្កើន​សោ​ភណ្ឌ​ភាព​រមណីយដ្ឋាន​អង្គរ ផ្តល់​ភាពងាយស្រួល​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​និង​ផាសុកភាព​ជូន​កម្លាំង​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ក្នុងការ​ថែរក្សា ការពារ រមណីយដ្ឋាន​អង្គរ​ដែលជា​មរតក​ដូនតា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​ជាតិ និង ប្រជាជន​កម្ពុជា​។​

សម្តេច​ក្រឡាហោម ស ខេង ក៏បាន ផ្តល់​អនុសាសន៍​ណែនាំ​មួយចំនួន​ជូន​អាជ្ញាធរខេត្ត សៀមរាប អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង ភាពរលូន​នៃ​កិច្ចសហការ​ការងារ មួយចំនួន​ដូចខាងក្រោម​៖

១- អាជ្ញាធរ​ខេត្តសៀមរាប អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ត្រូវ​បន្ត​សហការ​ជិតស្និទ្ធ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​កិច្ចការ​ថែរក្សា ការពារ​បេតិកភណ្ឌ​ជាតិ ក្នុង​រមណីយ ដ្ឋា​ន​អង្គរ និង​ខេត្តសៀមរាប ជាពិសេស​កិច្ចការ​ស្រាវជ្រាវ និង​អនុវត្ត​វិធានការ​ឱ្យបាន ជាដាច់ខាត ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​អំពើ​ល្មើសច្បាប់ ការបំផ្លិចបំផ្លាញ ការជីក​កកាយ​វត្ថុ​បុរាណ ការកាប់បំផ្លាញ​ព្រៃឈើ ការ​លួចលាក់ ប្លន់ ការទិញ លក់ និង​ការដឹកជញ្ជូន​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែលជា​ភារកិច្ច​ចម្បង​របស់ខ្លួន​។

២- អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ត្រូវ​ពិនិត្យ រៀបចំ​កំណត់​ទីតាំង​ឈរជើង​ការពារ​អាទិភាព​ជាថ្មី និង​ការ​ចល័ត​យាមល្បាត​ជា​អចិន្ត្រៃយ៍ ជាពិសេស​នៅពេល​យប់ តាម​ចំណុច​សំខាន់ៗ​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់ ពាក់ព័ន្ធ​ផ្សេងទៀត​។
៣- អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ត្រូវ​បង្កើន​ការអប់រំ​ពង្រឹង​សីលធម៌ វិន័យ​កងកម្លាំង និង​មនសិការ​វិជ្ជាជីវៈ​ស្រលាញ់​បេតិកភណ្ឌ​វប្បធម៌​ជាតិ​សំដៅ​បង្ការ និង​កាត់បន្ថយ​ឱ្យបាន​ដាច់ខាត​នូវ​អំពើ​អនាធិបតេយ្យ​នានា ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ផ្សេងៗ​ទៀត​តាមរយៈ​ការអនុវត្ត​នូវ​វិន័យ​ច្បាស់លាស់​ព្រមទាំង​វិធានការ​ច្បាប់​នានា​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ជាដាច់ខាត​។​
៤- អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ត្រូវ​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​កម្លាំង​មាន សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ក្នុង​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ និង រក្សា​របៀបរៀបរយ សណ្តាប់ធ្នាប់​សាធារណៈ ជាពិសេស​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​បំពេញបេសកកម្ម ធ្វើ​ទស្សនកិច្ច ឬ​ធ្វើ​ទេសចរណ៍ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សៀមរាប និង​តំបន់​ផ្សេងៗ​។​
៥- អាជ្ញាធរ​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ខិតខំ​ថែរក្សា​បរិស្ថាន​ធម្មជាតិ​ដែលជា​ផ្នែក​មួយ​នៃ​ទេសភាព វប្បធម៌​របស់​រមណី​យ​ដ្ឋា​ន​អង្គរ តាមរយៈ​ការដាំ​ដើមឈើ​ឡើងវិញ​បង្កើន​ភាព​បៃតង បន្ត​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​ដើម្បី​ពង្រឹង​កិច្ចការ​អភិរក្ស​ក៏ដូចជា​បង្កើតបាន​នូវ​ផាសុកភាព​សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​លំហែ និង​កំសាន្ត​។​
៦- អាជ្ញាធរ​ខេត្តសៀមរាប និង​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ត្រូវ​បន្ត​ចូលរួម​និង ទំនាក់​ទំនងជា​មួយអង្គ​ការ​យូណេស្កូ និង​អង្គការ​អន្តរជាតិ​នានា ដើម្បី​ទទួល​ការណែនាំ និង​ការផ្សព្វផ្សាយ​គោលការណ៍​ផ្សេងៗ សំដៅ​បម្រើឱ្យ​ការងារ​ការពារ​បេតិកភណ្ឌ​វប្បធម៌​។​

សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បានផ្តល់​ជា​អំណោយ​ដល់​កម្លាំង​នគរបាល ការពារ​បេតិកភណ្ឌ រួមមាន​៖ ប៉ុស្តិ៍​យាម​ប្រចាំការ​តាម​គោលដៅ​ចំនួន​១០ ទោចក្រយានយន្ត​ចំនួន​២០​គ្រឿង សម្រាប់​កងកម្លាំង​ជិះ​ល្បាត​ក្នុង​តំបន់​អង្គរ​។ ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សារឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏បានផ្តល់​ជា​អំណោយ​រួមមាន​៖ ទោចក្រយាន​ចំនួន​៥០​គ្រឿង និង​អាវយឺត ចំនួន​៥០០​អាវ សម្រាប់​កងកម្លាំង​ជិះ​ល្បាត​ក្នុង​តំបន់​អង្គរ​នោះ​ផងដែរ​៕

​អត្ថបទ​៖​ការិយាល័យ​ផ្សព្វផ្សាយ​
​រូបភាព​៖​លោក ហាប់ គឹម​អាន​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130