ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបណីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្តស្វាយរៀង

​ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៣​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​បាន​រៀប​ពិ​ធិ​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបណីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​ឯកឧត្ដម ថេ​ង ច័ន្ទ​សង្វារ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​។​

​ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍ថា ជាមួយនឹង​ការចូលរួម​អបអរសាទរ​ចំពោះ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្វាយរៀង​ថ្មី ដែល​ត្រូវ​ប្រកាស​ចូលកាន់​មុខតំណែង​នៅថ្ងៃនេះ ក្នុងនាម​រដ្ឋបាលខេត្ត​ស្វាយរៀង សូម​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ប្រកបដោយ​មនសិការ ឆន្ទៈ ក្រមសីលធម៌ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្របតាម​គោលការណ៍​ផែនការ​យុទ្ធសាស្ដ្រ​របស់​ក្រសួង ទិសដៅ​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​ផែនការ​ការងារ​របស់​មន្ទីរ ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជា​បន្តបន្ទាប់ ។​

​ឯកឧត្តម​បន្តថា ក្នុងនាម​រដ្ឋបាលខេត្ត​សូម​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​លោក គឹម ពិសិដ្ឋ ដែល​ក្នុង​រយៈពេល ២៨​ឆ្នាំ បម្រើ​ការងារ​ជាម​ន្ត្រី​សុរិយោដី​ក្នុង​មូលដ្ឋាន​ខេត្តស្វាយរៀង និង​ក្នុងនាម​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ បាន​សហការ និង​មាន​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​ជាមួយ​រដ្ឋបាលខេត្ត អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុងការ​អនុវត្ត​និង​ដឹកនាំ​ការងារ​ជំនាញ​ទាំង​លើ​ការងារ​ចុះបញ្ជី​ដីធ្លី ការកសាង​ផែនការ​ប្រើប្រាស់​ដីធ្លី ការសម្របសម្រួល​ក្នុង​កិច្ចការ​សម្បទាន​ដី​សង្គមកិច្ច ការសាងសង់​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន ជាពិសេស​លើ​ការងារ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ទាំងអស់នេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល ក្រសួង និង​រដ្ឋបាលខេត្ត ក្នុងការ​លើកកម្ពស់​សុ​វត្ថិ​ភាព​ក្នុងការ​កាន់កាប់​ដីធ្លី ដែលជា​បច្ច័យ​ជួយ​ជំរុញ​នូវ​កំណើន​កំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយ​និរន្តរ៍ភាព និង​សុខដុម​នីយកម្ម និង​សូម​យក​ឱកាស​នេះ ជូនពរ​ឲ្យ​លោក​ទទួលបាន​នូវ​ជោគជ័យ និង​សម្រេចបាន​នូវ​ស្នាដៃ លទ្ធផល និង​សមិទ្ធផល​ល្អៗ​បន្ថែមទៀត​ក្នុង​មុខនាទី​នេះ​នៅ​កន្លែង​ថ្មី​នាពេលខាងមុខ ដើម្បី​បម្រើ​ឲ្យ​ឧត្ដមប្រយោជន៍​ជាតិ និង​ប្រជាជន ។​

​សូម​ជម្រាបជូន​ថា យោង​ប្រកា​សលេខ​០០២​ដន​ស​/​ប្រក ចុះ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២៣ ស្តីពី​ការសម្រួល​ភារកិច្ច​មន្ត្រីរាជការ​ចំនួន​២​រូប​មាន​ដូចខាងក្រោម​៖
១.​លោក គឹម ពិសិដ្ឋ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបណីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្វាយរៀង ទៅជា​ប្រធាន​មន្ទីរ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបណីយកម្ម សំណង់ និង​សុរិយោដី ខេត្តស្ទឹងត្រែង​។​
២.​លោក ម៉ិ​ញ ស៊ីចាយ ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបណីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្ទឹងត្រែង​ទៅជា​ប្រធាន​មន្ទីរ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបណីយកម្ម សំណង់ និង​សុរិយោដី ខេត្តស្វាយរៀង​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា