លីម៉ា៖ ប្រជាជនប៉េរូ រាប់សិបនាក់បានរងរបួស បន្ទាប់ពីភាពតានតឹងផ្ទុះឡើងម្តងទៀត កាលពីយប់ថ្ងៃសុក្រ ដោយមន្ត្រីប៉ូលិស ប៉ះទង្គិចគ្នាជាមួយក្រុមអ្នកតវ៉ា ជុំវិញបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលកំពុងវឹកវរនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់ Reuters ។
របាយការណ៍ដដែល បន្ថែមថា មន្ត្រីប៉ូលិស បានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបណ្តេញក្រុមបាតុករដែលគប់ដបកែវ និងដុំថ្ម ខណរូបភាពបង្ហាញឲ្យឃើញថាមានភ្លើងឆាបឆេះនៅតាមដងផ្លូវ។
ទន្ទឹមនោះ យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Vicente Romero បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា នៅក្នុងតំបន់ Puno ភាគខាងត្បូងប្រទេស ក្រុមអ្នកតវ៉ាប្រហែល ១,៥០០ នាក់ បានវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង Ilave ។
ជាមួយគ្នានោះ អគារដែលជាវិមាន មានអាយុកាលជិតមួយសតវត្សនៅកណ្តាលទីក្រុងលីម៉ា បានរងការបំផ្លិចបំផ្លាញ ខណមន្ត្រីពណ៌នាថា នេះជាការបាត់បង់ទ្រព្យសម្បត្តិដ៏មហិមា ហើយអាជ្ញាធរ ក៏កំពុងស៊ើបអង្កេតលើបញ្ហានេះផងដែរ។
គួរបញ្ជាក់ថា បាតុកររាប់ពាន់នាក់ បានចូលមកក្នុងទីក្រុងលីម៉ា នាសប្តាហ៍នេះ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរ និងខឹងសម្បារចំពោះចំនួនអ្នកស្លាប់កើនឡើង ជុំវិញការតវ៉ានេះ៕