ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គម្រោង​ជួសជុល​ជ្រុង​ខាងជើង​ប្រាសាទភ្នំបាខែង​សម្រេចបាន​៥០​ភាគរយ​ហើយ​

​គម្រោង​អភិរក្ស និង​ជួស​ជុស​ជ្រុង​ខាងជើង​ប្រាសាទភ្នំបាខែង ដែល​អនុវត្តន៍​គម្រោង​ដោយ​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monuments Fund) កំពុង​បន្ត​ទៅមុខ ដែល​មកដល់​បច្ចុប្បន្ន គម្រោង​សម្រេចបាន​ប្រមាណ ៥០​ភាគរយ​ហើយ​។​

​លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវ​នៃ​គម្រោង​អភិរក្ស​របស់ WMF បានឱ្យដឹងថា គម្រោង​ជួសជុល​នៅ​ជ្រុង​ខាងជើង​ប្រាសាទភ្នំបាខែង ជំហាន​ទី​៣ អនុវត្តន៍​ពី​ឆ្នាំ​២០១៩ ដែល​មកដល់ បច្ចុប្បន្ននេះ​សម្រេចបាន​៥០​ភាគរយ​ហើយ​។ លោកស្រី​បញ្ជាក់ថា ការងារ​នេះ​អាច​ចំណាយពេល​ខ្ទង់ ៦​ឆ្នាំ​ទៀត ដើម្បី​រួចរាល់​ជា​ស្ថាពរ​។

​មិន​ខុសពី​ប្រាសាទ​ដទៃទៀត​ដែរ ប្រាសាទភ្នំបាខែង​រង​ការខូចខាត​ដោយសារ​កត្តា​ពេលវេលា អាកាសធាតុ ដែល​ធ្វើឱ្យ​រចនាសម្ព័ន្ធ​ប្រាសាទ​នេះ​ខូចខាត និង​ទ្រេត ហើយ​កន្លែង​ខ្លះ​រលំ​ផងដែរ ដូចជា​នៅតាម​ជ្រុង នីមួយៗ ដោយសារ​មានទឹក​ហូរ​ច្រោះ​។ ការជួសជុល គេ​ត្រូវ​កាយ​ថ្ម​នៅ​បាត​គ្រឹះ​ចេញ ដោយ​បុក​បង្ហាប់ គ្រឹះ​ថ្មី និង​ធានាថា ទឹក​មិន​ហូរ​ច្រោះ​តទៅទៀត​។ ក្រៅពីនោះ ក៏មាន​ការជួសជុល​តួ​ប៉ម នៅតាម​ជ្រុង​នីមួយៗ​ផងដែរ ដែល​បាន​បាក់ និង​ដួលរលំ​។​ល​។​

​អ្នកទទួលខុសត្រូវ​នៃ​គម្រោង​អភិរក្ស​របស់ WMF បាន​បញ្ជាក់ថា គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ ភ្នំ​បាខែង ដែលជា​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ពី​ឆ្នាំ​២០០៩​មក​។ ហើយ​នៅ​ជំហាន​បន្ទាប់ WMF នឹង​គិតគូរ​ជួយ​អភិរក្ស​ប្រាសាទ​ដទៃទៀត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ បន្ទាប់ពី​មាន​វត្ត​មាននៅ​ខេត្តសៀមរាប​ជាង ៣០​ឆ្នាំ​មក WMF បាន​ជួយ​កិច្ច​អភិរក្ស​នៅ​ប្រាសាទ​មួយចំនួន ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និង​ប្រាសាទភ្នំបាខែង​ជាដើម​៕

​អត្ថបទ​៖ នាង សំណាង​
​រូបភាព​៖ ភោគ ជា​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130