ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​១​ពាន់​នាក់​ត្រៀមខ្លួន​ក្នុងការ​សម្តែង​សិល្បៈ​ក្នុង​កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃ​នៃ​ការប្រកួត​ស៊ី​ហ្គេម​

កីឡា ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​គូសបញ្ជាក់ថា មនុស្ស​ចំនួន​១​ពាន់​នាក់ បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​សម្តែង​សិល្បៈ វប្បធម៌ និង​កីឡា នៅក្នុង​កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​ចាប់​ផ្តើមធ្វើ​ពី​ម៉ោង ៤​រសៀល​តទៅ នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣​នេះ នៅ​កីឡដ្ឋាន​មរតក​តេ​ជោ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​នានា​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​លើកឡើងថា ក្រៅពីនេះ កម្ពុជា​ក៏បាន​អញ្ជើញ​នាយ​បេសកកម្ម​ស៊ី​ហ្គេម​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១០​ប្រទេស មក​ចូលរួម​ក្នុង​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនេះ​ផងដែរ ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​អំពី​ការត្រៀមខ្លួន​បាន​រួចរាល់​របស់​ម្ចាស់ផ្ទះ​កម្ពុជា ជូន​ជនរួមជាតិ និង​អន្តរជាតិ​។​

​ឯកឧត្តម​អគ្គលេខាធិការ​បាន​គូសបញ្ជាក់ថា កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនេះ​នឹងមាន​ការផ្សាយ​បន្ត​ផ្ទា​ល់ពី​បណ្តាញ​ទូរទស្សន៍ បណ្តាញ​សង្គម ក្រោម​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សមាគម​ទូរទស្សន៍​កម្ពុជា ជាពិសេស​ក្រោម​ការផ្តល់​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន CAMSOC លោក ខៀវ កាញារីទ្ធ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្តថា កម្ពុជា​ក៏​នឹង​ត្រៀម​រៀបចំ​ខ្សែ​ទស្សនកិច្ច និង​ការត្រួតពិនិត្យ​ចុងក្រោយ នូវ​កន្លែង​ហូបចុក ស្នាក់នៅ ទីតាំង​ហ្វឹកហាត់ ទីតាំង​ប្រកួត​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន និង​អន្តរជាតិ​ផងដែរ​។ ឯកឧត្តម​ថ្លែងថា​៖ «​ជារួម លើ​បញ្ហា​នេះ កម្ពុជា​បាន​ត្រៀមខ្លួន ចន្លោះ​ពី ៧០ ទៅ ៨០​ភាគរយ​ហើយ ដោយនៅ​សេសសល់​ត្រឹម​ចន្លោះ​ពី​២០ ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ដើម្បីឱ្យ​ចលនា​នៃ​ការរៀបចំ​បាន​គត់មត់ និង​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ការទទួល​បដិសណ្ឋារកិច្ច ហូបចុក ស្នាក់នៅ និង​ការប្រកួត​ជាដើម​»​។​

​ឯកឧត្តម​បន្ថែមថា សហព័ន្ធ​កី​ឡ​ជាតិ​ទាំងអស់ កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​កម្មវិធី​ប្រកួត​រៀងៗ​ខ្លួន ជាមួយ​សហព័ន្ធ​កីឡា​អន្តរជាតិ​របស់ខ្លួន ព្រមទាំង​បានចេញ​បទបញ្ជា​នៃ​ការប្រកួត​គ្រប់​ប្រភេទ​កីឡា​បានច្បាស់លាស់​អស់ហើយ​។ ឯកឧត្តម​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​គូស​បញ្ជាក់ទៀតថា កម្ពុជា​បានបង្ហាញ​កងកម្លាំង​ការពារ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដើម្បី​ត្រៀម​ផ្តល់​ភាពកក់ក្តៅ ថែ​រក្សាសុខ​សុវត្ថិភាព​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន និង​ភ្ញៀវ​អន្តរជាតិ​មកពី​គ្រប់ទិសទី ស្របតាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា គឺ​មិនមាន​សារធាតុ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម​ឡើយ​។​

​ឯកឧត្តម​ថា​៖ «​យើងទាំងអស់គ្នា បាន​នឹង​កំពុង​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ត្រៀម​រៀបចំ​គ្រប់​ផែនការ​សកម្មភាព​ទាំងអស់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​កម្ពុជា ក្រោយ​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ជូន​ជាតិ និង​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​អាស៊ាន​ផងដែរ​»​។ ទន្ទឹម​នោះ ឯកឧត្តម​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស សូម​ចូលរួម​គាំទ្រ​ដោយ​សេរី​ឥតគិតថ្លៃ ក្នុង​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃ នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ឱ្យបាន​ច្រើន​កុះករ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា