យោងតាមស្ថិតិក្រសួងទេសចរណ៍បានឲ្យដឹងថា ឆ្នាំ២០២២ កន្លងទៅនេះ ភ្ញៀវទេសចរបរទេសដែលបានចូលមកទស្សនាកម្ពុជាបានកើនទ្បើងរហូតដល់១០៥៨,៦% បើប្រៀបធៀបឆ្នាំ២០២១ ។តាមរបាយការណ៍ភ្ញៀវទេសចរបរទេសមកកម្ពុជាសរុប២.២៧៦.៦២៦នាក់ សម្រាប់ពេញមួយឆ្នាំ២០២២។
គួរបញ្ជាក់ថា ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ១ ដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាច្រើនជាងគេរហូតដល់ ៨៥៣.៣៧៦នាក់ ស្មើនឹង៣៧,៥% នៃចំនួនសរុបនិងកើនទ្បើងប្រមាណ៩៤២,៧%។ភ្ញៀវវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ មានចំនួន៤៦៣.៩៩៥នាក់ ស្មើនឹង២០.៤% នៃចំនួនសរុប កើនទ្បើងប្រមាណ១៩៩៧,៦% ខណដែលភ្ញៀវចិនជាប់ចំណាត់ថ្នាក់លេខ៣ មានចំនួន១០៦.៨៧៥នាក់ ស្មើនឹង ៤,៧% នៃចំនួនសរុប កើនទ្បើង១៣៣,៥%។ក្រៅពីនោះភ្ញៀវមកពីអាមេរិក,ទ្បាវ,ឥណ្ឌូនេស៊ី, កូរ៉េខាងត្បូង , បារាំង , ម៉ាទ្បេស៊ី និងអង់គ្លេស ។
ចំណែកភ្ញៀវទេសចរផ្ទៃក្នុង សំខាន់ទេសចរជាតិដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសសរុបប្រមាណ ១៣.៩៣៤.១៥០នាក់ កើនទ្បើងប្រមាណ ១៩៨,៨% ប្រៀបធៀបឆ្នាំ២០២១ កន្លងទៅ ខណដែលភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសសរុបប្រមាណ ១.៨៧៧.១៨៧នាក់ កើនទ្បើង ៥៧២,២% ធៀបនឹងឆ្នាំ២០២១។ដោយទ្បែកក្នុងឆ្នាំ២០២២ភ្ញៀវទេសចរកម្ពុជាចេញទៅក្រៅប្រទេសមានចំនួន ៩៧០.២៩២នាក់ កើនទ្បើងប្រមាណ៣០៧៩,៥%ធៀបនឹងឆ្នាំ២០២១។
កត់សម្គាល់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជានោះគឺភ្ញៀវដែលចូលតាមផ្លូវអាកាសចំនួន៧៩១.៦០៣នាក់ ចូលតាមច្រកផ្លូវគោគចំនួន ១.៤៦៧.១៥៧នាក់ ចូលតាមផ្លូវទឹកចំនួន ១៧.៨៦៦នាក់។ទន្ទឹមនោះឆ្នាំ២០២២កន្លងទៅនេះ ករណីជើងហោះហើរអន្តរជាតិចូលសរុបមានចំនួន ១០.៩៣៨ជើង ខណឆ្នាំ២០២១ មានតែ២.១៣៩ ជើងប៉ុណ្ណោះ៕