នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន មានការរៀបចំពិធីចុះហត្ថលេខាលើកិច្ច សន្យា ស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និង ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើទ្បើងរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក្នុងគោលបំណងដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០ លានដុល្លារសហអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់៖ (១) កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦.៨៤៣.៧៤០ ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ; (២) មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដើម្បីធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧.១១០.៦៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ, ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង, និងខេត្តមណ្ឌលគិរី; (៣) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ១០៦.៣២៤.៣៨០ ម៉ែត្រក្រឡា នៅក្នុងខេត្តកំពង់ធំ, ខេត្តប៉ៃលិន, ខេត្តព្រះវិហារ, ខេត្តពោធិ៍សាត់, និងខេត្តសៀមរាប ។
យោងតាមប្រសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ គឺផែនការបោសសម្អាតមីនក្នុងឆ្នាំ២០២៣ នេះ គ្របដណ្តាប់ផ្ទៃដីមានមីនប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា។ ដូច្នេះ នៅក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន ១៨ រាជធានី-ខេត្ត ត្រូវប្រកាសថាអស់មីន។ បន្ទាប់ទៅទៀត នឹងមានខេត្តចំនួន ០៧ ក៏នឹងត្រូវដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន៖ ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ជាមួយគ្នានេះផងដែរ អាជ្ញាធរមីនមានភាព ជឿជាក់ ក្នុងការឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ ខាងមុខ៕