ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ហេង សំរិន ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹងធ្វើ​ឱ្យ ចំណងមិត្តភាព​កម្ពុជា​-​ម៉ាឡេស៊ី កាន់តែ​រឹងមាំ​ថែមទៀត​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​សវនាការ​ជាមួយ ឯកឧត្តម ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រី នៃ​ប្រទេស ម៉ាឡេស៊ី​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៧ ខែមីនា ឆ្នាំ​២០២៣​នេះ នៅ​វិមាន​រដ្ឋសភា ខណៈដែល​ឯកឧត្តម​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​កម្ពុជា​។

ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច ហេង សំរិន បានបង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ និង​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ទាំងអស់​។ សម្តេច​ប្រធានរដ្ឋសភា​មាន ប្រសាសន៍ថា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី នាពេលនេះ នឹង​រួមចំណែក​បន្ថែមទៀត ក្នុងការ​បន្ត​ពូន​ជ្រុំ លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដ៏​ល្អ​រវាង​ប្រជាជាតិ​ទាំងពីរ ដែលមាន​ជាង​៦​ទសវត្ស​មកនេះ ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។​

ឯកឧត្តម ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អ៊ីប្រាហ៊ីម បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បានទទួល​ស្វាគមន៍ និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​។ ឯកឧត្តម​បាន​គូស បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នាពេលនេះ នឹងចូលរួម​ចំណែក​ដ​ល់​ការពង្រឹង​ពង្រីក កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

សម្តេច​ប្រធានរដ្ឋសភា ក៏បាន​សម្តែង​នូវ​ក្តី​រីករាយ​ក្រៃលែង​ដោយ ស​ងេ្ក​ត​ឃើញថា រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី ក៏ដូចជា​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ ។ ដោយឡែក ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាងច្រើន​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​ផងដែរ ។​

សម្តេច​បន្តថា ក្រៅពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ ក្រុម​មិត្តភាព​រដ្ឋសភា ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​នីតិកម្ម រដ្ឋសភា​ទាំងពីរ​ក៏បាន​គាំទ្រ​គ្នា​ទៅវិញទៅមក លើ​វេទិកា​អន្តរ​សភា​នានា​ទាំង​ក្នុង​តំបន់ និង​សកលលោក​។​

សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែង អំណរគុណ​ដល់ រដ្ឋាភិបាល និង​ប្រជាជន​ម៉ាឡេស៊ី ដែល​បានរួម​ចំណែក​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ។

តាមរយៈ​ឯកឧត្តម នាយករដ្ឋមន្ត្រី សម្តេច​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ថ្នាក់ដឹកនាំ​សភា​ម៉ាឡេស៊ី​ទាំងអស់ ហើយ​បាន​បញ្ជាក់ថា រដ្ឋសភា​កម្ពុជា​ត្រៀម​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​សភា​ម៉ាឡេស៊ី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា