ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់​មាន​សុវត្ថិភាព​នៅ​ខេត្តស្វាយរៀង​

ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​អង្គារ​៧​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែមីនា ឆ្នាំ​២០២៣​នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់​មាន​សុវត្ថិភាព​នៅ​ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមទី​៥(​ខេត្តស្វាយរៀង​)​នៃ​ក្រុមការងារ​ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព និង​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​។​

​ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង​បាន​លើកឡើងថា ស្រប​នឹង​ស្ថានភាព នៃ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ប្រទេសជាតិ​យើង​មាន​នាពេល​បច្ចុប្បន្ន កត្តា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម គឺជា​បុ​រេ​លក្ខខណ្ឌ ដ៏​ចាំបាច់ និង​អាទិភាព​បំផុត ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​រួមគ្នា​ធានា​ឲ្យ​បាន ។ កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​នេះ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ដែល​យើង​អាច​និយាយបានថា “​មិនមាន​ការអភិវឌ្ឍ​ណាមួយ​អាច​កើតឡើង ដោយ​គ្មាន​ស្ថិរភាព​នយោបាយ និង​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​នោះទេ​”​។​

ឯកឧត្តម​បន្ថែមថា ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សូម​សម្ដែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​ចូលរួម​សហការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ឃើញថា ទទួលបាន​លទ្ធផល​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដែល​ឃុំ​សង្កាត់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ មាន​ចន្លោះ​ពី​៧៦ ទៅ ៧៨​ឃុំ សង្កាត់ នៃ​ឃុំ សង្កាត់​ទាំង​៨០ ហើយ​មិនមាន​ឃុំ សង្កាត់​ណាមួយ​ដែល​មិន​ទទួលបាន​ចំណាត់ថ្នាក់​នោះទេ ។​

​ឯកឧត្តម រស់ វរុណ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ រដ្ឋបាលខេត្ត​ដែល​ឲ​បាន​ខិតខំ​ធ្វើឱ្យ​ការងារ​ប្រឡងប្រណាំង ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព ទទួលបាន​លទ្ធផល​ល្អ​គួរឱ្យកត់សម្គាល់​។ ទន្ទឹម​និង​នេះ ឯកឧត្តម​បាន ជំរុញ និង​លើកទឹកចិត្ត​ដល់ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​បន្ត​ពង្រឹង​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដល់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ រដ្ឋបាល​ឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​លើកកម្ពស់​ការយល់ដឹង​។ ជាពិសេស ការចូលរួម​ក្នុងការ អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​។​

​ឯកឧត្តម​បាន​ក៏​ជំរុញ​ដល់ រដ្ឋបាលខេត្ត​ត្រូវ​បន្ត​ពង្រឹង​ការងារ​គណៈ​បញ្ហា​ការឯកភាព​ខេត្ត​ឱ្យបាន​រឹងមាំ ក្តាប់​ឱ្យបាន​នូវ​រាល់​សភាព​ការ​នានា​ដែល​កើតមាន​តាម​ក្រុង​-​ស្រុក​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន ដើម្បី​ធ្វើការ​ដោះស្រាយ​ឆ្លើយតបបាន​ទាន់ពេលវេលា ក្នុងនោះ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ផ្ទាល់​តាម​ខ្នង​ផ្ទះ​ប្រជា​ពល​ដ្ឋ​អំពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ត្រូវ​រៀបចំ​វេទិការ​សាធារណៈ ដើម្បី​ស្តាប់​កង្វល់ និង​សំណូមពរ​នានា​ពី​ប្រជា​ពល​ដ្ឋ ដើម្បី​រួមគ្នា​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា