Atletico នឹង​គ្មាន​វត្តមាន Morata យ៉ាងហោចណាស់​៣​សប្តាហ៍​ដោយសារ​របួស​

​កីឡា ៖ ក្លិប​បាល់ទាត់ Atletico Madrid នឹង​គ្មាន​វត្តមាន​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ Alvaro Morata ហោចណាស់ ៣​សប្តាហ៍ បន្ទាប់ពី​លោក​បាន​បង្ខំចិត្ត​ចាក​ចេញពី​ទីលាន ក្នុងពេល​ប្រកួត​ចាញ់​ក្លិប Sevilla ១-០ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ដោយសារ​មាន​របួស​ជង្គង់​។

​ខ្សែប្រយុទ្ធ​រូបនេះ បាន​ដួល​លើ​ទីលាន បន្ទាប់ពី​ប្រជែង​គ្នា​នៅ​ចុង​តង់​ទី​១ ហើយ​ត្រូវបាន​គ្រា​ចេញពី​ទីលាន ដោយ​ត្រូវបាន​គេ​មើលឃើញថា​បាន​យំ ដោយ​ភាពឈឺចាប់​នៃ​របួស​។ ការត្រួតពិនិត្យ​បន្ថែម បាន​បង្ហាញថា កីឡាករ Morata បាន​រងរបួស​សរសៃ​ចង​ជង្គង់​ផ្នែក​ខាងក្នុង ហើយ​លោក​នឹងត្រូវ​អវត្តមាន យ៉ាងហោចណាស់​ក៏ ៣​សប្តាហ៍​ដែរ​។​

​ការ​អវត្តមាន​នេះ​មានន័យថា ខ្សែប្រយុទ្ធ​រូបនេះ នឹង​ខកខាន​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ Champions League ទល់នឹង Inter Milan, ខកខាន​ការប្រកួត​ជើង​ទី​២ នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Copa del Rey នៅក្រៅ​ទឹកដី​ទល់នឹង​ក្លិប Athletic Bilbao និង​ខកខាន​ការប្រកួត​ក្នុង​លី​គ La Liga ទល់នឹង​ក្លិប Las Palmas, Almeria, Betis, Cadiz និង​ក្លិប FC Barcelona ទៀត​ដែរ​៕

Related posts