រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បាននិយាយថា អ៊ីស្រាអែល ត្រូវតែពិចារណាដោយប្រុងប្រយ័ត្ននូវផលវិបាកនៃសកម្មភាពយោធាបន្ថែមទៀតនៅ Rafah ភាគខាងត្បូងហ្គាហ្សា ខណដែលជនស៊ីវិលប៉ាឡេស្ទីនប្រមាណមួយលាននាក់ត្រូវភៀសខ្លួន។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងភ្លាមៗបន្ទាប់ពីអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសដែលសម្លាប់មនុស្ស ៦៧ នាក់ នៅក្នុងទីក្រុង Rafah ធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួស។ នេះបើយោងតាមមន្ត្រីក្នុងតំបន់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) ធ្លាប់បានជំរុញឱ្យជនស៊ីវិលប៉ាឡេស្ទីនជម្លៀសខ្លួនទៅកាន់ទីក្រុងនេះ ដើម្បីធានាសុវ្ថិភាព។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Cameron បាននិយាយថា ចក្រភពអង់គ្លេស មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាព ហើយចង់ឱ្យអ៊ីស្រាអែល បញ្ឈប់ និងគិត មុនពេលវាចាត់វិធានការបន្ថែមទៀត។
លោក ក៏បានប្រកែកថា វាមិនអាចទៅរួចទេក្នុងការមើលឃើញពីរបៀបដែលអ្នកអាចប្រយុទ្ធនឹងសង្គ្រាមក្នុងចំណោមប្រជាជនទាំងនេះ ដោយសំដៅទៅលើចំនួនប្រជាជនយ៉ាងច្រើនក្នុងក្រុង Rafah ដោយកត់សម្គាល់ថា គ្មានកន្លែងណាសម្រាប់ពួកគេទៅទេ៕