ខេត្តរតនគិរី ៖ បន្ទាប់ពីទទួល បាន ព័ត៌មានពី គ្រុបតេលេក្រាមដែលមាន អាខោនហ្វេសប៊ុក ឈ្មោះ MlN បានអំពាវនាវ ឲ្យសប្បុរសជន ជួយសម្ភារៈ ដូចជា ចានបង្គន់ និងស៊ីម៉ង់ត៍ សម្រាប់ យកទៅ អភិវឌ្ឍសហគមន៍ទេសចរណ៍ ណាំងក្លាងទឹកវិល ស្ថិតក្នុងភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានបញ្ជា ឲ្យអាជ្ញាធរ ចុះស្រាវជ្រាវ ទីតាំងសហគមន៍ដើម្បី ឆ្លើយតបការ ស្នើសុំពី សហគមន៍ ដែលកំពុង ប្រឈម ការ ខ្វះខាតសម្ភារៈបម្រើ ការអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍ ក្នុង មូលដ្ឋាន។
អាខោនហ្វេសប៊ុក “ផេក” ឈ្មោះ MlN បានសរសេរសំណេរថា «សូមគោរពជូនទៅដល់សប្បុរសជនទាំងអស់ក្នុងស្រុក និង ក្រៅស្រុកតំបន់ទេសចរណ៍មួយនេះ បង្តើតឡើងដោយក្រុមសហគមន៍បងប្អូនជនជាតិដើមភាគតិច។ ឥឡូវនេះកំពុង រៀបចំ បង្គន់អនាម័យ បន្ទប់ទឹក សម្រាប់ពុកម៉ែបងប្អូនដែលមកលេងកម្សាន្ត ដោយមានការខ្វះខាតខាងសហគមន៍ កំពុងត្រូវការជំនួយដូចជា ចានបង្គន់ និងស៊ីម៉ង់ត៍ ទីតាំងនៅត្រង់ចំណុចណាំងក្លាងទឹកវិល ស្ថិតក្នុងភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី»។
លោក ញ៉ែម សំអឿន អភិបាលខេត្តបានសរសេរឆ្លើយតបជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី ១២ កុម្ភៈដោយ បញ្ជាឲ្យលោក ហេង សាវឿន អភិបាលស្រុកវើនសៃឲ្យចុះពិនិត្យមើលទីតាំង និងរាយការណ៍ជាមួយ រូបភាពមកផងដែរ។
លោក ហេង សាវឿន អភិបាលស្រុកវើនសៃបានឆ្លើយតបទៅ អភិបាលខេត្តតាមប្រព័ន្ធតេលេក្រាមនៅរសៀលថ្ងៃដដែលថា ទីតាំង សហគមន៍ ទេសចរណ៍ ណាំងក្លាងទឹកវិល ពិតជាមាននៅក្នុងឃុំកុកឡាក់ពិតប្រាកដមែន។ លោក ហេង សាវឿន អភិបាលស្រុកបន្តថា ពាក់ព័ន្ធបង្គន់អនាម័យកំពុង រៀបចំ នៅ តាម ភូមិក្នុង ឃុំកុកឡាក់អាចបញ្ចប់ក្នុងខែមិនានេះ។
រដ្ឋបាលស្រុកវើនសៃជម្រាបជូនលោកអភិបាល នៃគណៈអភិបាលខេត្តរតនគិរីអំពីតំបន់ទេសចរណ៍តាមដងអូរឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ។នៅក្នុងឃុំកុកឡាក់ មានកន្លែងកម្សាន្តធម្មជាតិជាច្រើនកន្លែងតាមដងអូរឡាឡៃ ហើយកន្លែងកម្សាន្តចំនួន ២ កន្លែង មាន ជួរ ទឹកណាំងង៉ាម និងណាំងក្លាងទឹកវិល ដែលកំពុងស្នើសុំបង្កើតគណៈកម្មការគ្រប់គ្រងសហគមន៍ដោយឈ្មោះ ម៉ូច ឌឹម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិកាវ៉ែត មានទីលំនៅភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី និងមានការចូលរួម ពី អាជ្ញាធរភូមិ ចាស់ទុំភូមិ និងក្រុមយុវជនភូមិនៃឃុំកុកឡាក់ និងកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាបង្គន់ អនាម័យ និងផ្លូវចូលចូលកន្លែងកម្សាន្ត ដែលមានការខ្វះខាតធនធានក្នុងការរៀបចំពិតប្រាកដមែន។
ណាំងក្លាងទឹកវិល ជាកន្លែងរមណីយដ្ឋានមួយនៅឆ្ងាយពីទីរួមស្រុក។ បើ ក្រឡេកមើលទេសភាពដ៏ស្រស់បំព្រងមានបង់អង្គុយ ដូចជាដើមឬស្សីនៅក្បែរមាត់ទឹក ព្រៃឈើដុះអមសងខាងទឹកអូរមានពណ៌ខៀវស្រងាត់ចង់មកគយគន់អង្គុយលេង ជាពិសេសអ្នកដែលមានគូសង្សារ មកទស្សនានិងដើរលេងនៅកន្លែងរមណីយដ្ឋានមួយនេះ៕