កីឡា ៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់លីគអាជីពអង់គ្លេស Premier League បានបញ្ជាក់ពីការទទួលស្គាល់ ចំពោះមហាសេដ្ឋីអង់គ្លេស លោក Sir Jim Ratcliffe ដែលបានទិញភាគហ៊ុនចំនួន ២៥% ស្មើនឹង ១.៣ពាន់លានដុល្លារ ក្នុងក្លិបបិសាចក្រហម Manchester United។
កិច្ចព្រមព្រៀងនេះត្រូវបានទទួលស្គាល់ ក្រោយពេល Premier League បានធ្វើការកែប្រែច្បាប់មួយចំនួនដែលមានការឯកភាពពីសមាជិកក្លិបជាច្រើនផងដែរ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២៣ មក និងស្ថិតក្រោមការឃ្លាំមើលពីសំណាក់ស្ថាប័នឯករាជ្យរួចមក។
បុរសវ័យ ៧១ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុន Ineos Group នោះ បានចុះហត្ថលេខាទិញក្លិប Man Utd យកមកគ្រប់គ្រង តាំងពីអំឡុងថ្ងៃបុណ្យណូអែលឆ្នាំ២០២៣ មកម្ល៉េះ ដោយបានសន្យាថា នឹងចំណាយលុយប្រមាណ ៣០០លានដុល្លារថែមទៀត ក្នុងការកែកុនកីឡដ្ឋានចាស់ Old Trafford ឡើងវិញផងដែរនាពេលអនាគត។
លោក Ratcliffe តែងតែចំណាយពេលវេលាមកទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន Old Trafford រាល់លើកដែលក្លិបរបស់លោកប្រកួត និងចុះដល់ទីតាំងហ្វឹកហាត់ផងដែរ គិតចាប់តាំងពីលោកទទួលបានសិទ្ធិគ្រប់គ្រងក្លិបនេះ ១០០%ពីក្រុមគ្រួសារលោក Glazer ដែលពួកគេបានក្លាយជាម្ចាស់ក្លិបនេះតាំងពីឆ្នាំ២០០៥ មកដែលទិញក្នុងតម្លៃតែ ៧៩០លានផោនតែប៉ុណ្ណោះ៕