សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារលើប្រពន្ធ័ហ្វេសប៊ុក ដែលបង្ហាញនូវការគាំទ្រចំពោះបេក្ខភាពលោជំទាវ ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បៈ ដែលកំពុងមានបញ្ហាចម្រូងចម្រាស់លើបេក្ខភាពជាប្រធានសមាគម។
សារដែលសម្តេចតេជោបានបង្ហោះមានសារដូច្នេះថា “ ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវម៉ៅ ចំណានភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ”។ សម្តេចបន្តថា” ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ”។
សូមជម្រាបថា មុននឹងសម្តេចតេជោបង្ហោះសារគាំទ្របេក្ខភាពជាប្រធានសមាគមសិល្បៈរបស់លោកជំទាវ ម៉ៅ ចំណាន នេះ សម្តេចក៏បានបង្ហោះសារដោយបង្ហាញការគាំទ្រលោកឧកញ៉ា ទ្បេង ណាវ៉ាត្រា ជាបេក្ខភាពប្រធានសមាគមសិល្បៈផងដែរ។ ប៉ុន្តែក្រោយមកសម្តេចតេជោក៏បានបង្ហោះសារមួយផ្សេងទៀតដែលមានខ្លឹមសារថា “បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខជនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់និងលើកជាគំនិតមួយចំនួនដូចខាងក្រោម៖
១.ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ។
២.សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករសិល្បការិនីដែលមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។
៣.រវាងសិល្បៈនិងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុនមិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។
៤.មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាននោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេ តែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិមិនមែនជាទាហានទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។
ប្រទេសមួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនមែនជាវេជ្ជបណ្ឌិតឬគ្រូពេទ្យទេតែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន។គំនិតរបស់ខ្ញុំមិនចង់ឃើញការលំបាករបស់សមាគមក្នុងការស្វែងរកថវិកាជួយសិល្បករសិល្បការិនីជួបការលំបាក។ឧកញ៉ា ហេង ឡុង និងអ្នកនាងចន ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយខ្ញុំប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើនដើម្បីជួយសិល្បករសិល្បការិនីដែលជួបការលំបាក។ខ្ញុំសង្ឃឹមថាសមាគមនឹងរកបានប្រធានល្អមានលទ្ធភាពជួយសិល្បករសិល្បការិនីបាន។សម្រាប់ឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំពេលក្រោយក៏មិនយឺតពេលដែរ៕