សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ វិស័យ​ឯកជន គឺជា​គ្រឿង​ម៉ាស៊ីន​នៃ​សេដ្ឋកិច្ចជាតិ ក្នុងនោះ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម នឹង​ដើរតួនាទី​កាន់តែ​សំខាន់​ថែមទៀត

នា​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី កម្ពុជា បាន​អញ្ជើញ​ជា​អ​ធិ​តី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ ២០២៤ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ទីស្តីការក្រសួង​ថ្មី​ដែលមាន​កម្ពស់ ១៨ ជាន់ ដោយ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​អគារ​តេ​ជោ​សែន​» ។​

នាឱកាស​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ រដ្ឋសភា បានដាក់​ចេញ​នូវ យុទ្ធសាស្ត្រ​បញ្ច​កោណ ដែលជា​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច កម្ពុជា​រយៈពេល​វែង និង​ត្រូវអនុវត្ត​ជា ៥ ដំណាក់កាល សម្រាប់​រយៈពេល ២៥ ឆ្នាំ​ទៅមុខ ដោយ​រក្សា​វិស័យ​អាទិភាព​ទាំង ៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ «​មនុស្ស ផ្លូវ ទឹក និង ភ្លើង​» នៅ ដដែល​។​

សម្តេច​បន្ថែមថា វិស័យ​អាទិភាព​មួយទៀត​គឺ «​បច្ចេកវិទ្យា​» ពោល​«​គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​» សម្រាប់​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​, ជាពិសេស បដិវត្តន៍ ឧស្សាហកម្ម​ទី ៤ ដែល​កំពុង​ផ្លាស់ប្តូរ​នូវ​របៀប​នៃ​ការរស់នៅ ការប្រកប​របរ​ចិញ្ចឹមជីវិត និង​ការប្រាស្រ័យ​ទាក់ទង​របស់​មនុ​ស្សទូ​ទាំង​សកលលោក ។​

សម្តេច​ធិបតី​បាន​បន្ថែមទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាល​បាន​បន្ថែម បញ្ច​កោណ​ទី ៥ គឺ «​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​» ដើម្បី​ជំរុញ​កំណើន ផលិតភាព សេដ្ឋកិច្ច និង​សង្គម ក៏ដូចជា​ប្រសិទ្ធភាព​ការងារ ព្រមទាំង​បានដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ មាន​ជាអាទិ៍ : «​គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២០២០-២០៣០» ដែលមាន​គោលបំណង​កសាង​នូវ​មូលដ្ឋានគ្រឹះ សម្រាប់​ចាប់យក​ផលិតផល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចំពោះមុខ ក៏ដូចជា សម្រាប់​ចូលរួម​នៅក្នុង​ដំណើរការ​បង្កើត​បច្ចេក​វិទ្យា​ថ្មី​ប្រកបដោយ​នវានុវត្តន៍​នាពេល​អនាគត​, «​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥» ដែលមាន​គោលបំណង​កសាង​សេដ្ឋកិច្ច​ឌីជីថល​ឱ្យ​ក្លាយជា​ចន្ទល់​កំណើនសេដ្ឋកិច្ច​ថ្មី​ផង និង​ជា​ប្រព័ន្ធ​អេកូឡូស៊ី រួមចំណែក​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​នៃ​សង្គម​ឌីជីថល​កម្ពុជា​ផង​, និង​«​គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល​កម្ពុជា ២០២២-២០៣៥» ដែលមាន​គោលបំណង​កសាង​រដ្ឋាភិបាល​ឆ្លាត ដោយ​ឈរលើ​មូលដ្ឋាន ការប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា​ឌីជីថល ជា​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អភិបាលកិច្ច និង​ការកែទម្រង់​លើ​គ្រប់​វិស័យ ព្រមទាំង​ចូលរួម​ដោះស្រាយ បញ្ហា​ប្រឈម និង​បង្កើត​កាលានុវត្តភាព​សម្រាប់​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​ប្រជាជន​កម្ពុជា ។

សម្តេច​បញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា ក៏បាន និង កំពុងផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​ការលើកស្ទួយ​សហគ្រាស​ធុន​មីក្រូ តូច និង មធ្យម​, សិប្បកម្ម​, ព្រមទាំង​ការពង្រឹង​ឧស្សាហកម្ម​ប្រតិគ​មន៍ (Backward Linkages) និង​ការកាត់បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ​អាជីវកម្ម ដូចជា ថ្លៃ​ដឹកជញ្ជូន​, ថ្លៃ​ទឹក​, ថ្លៃ​អគ្គិសនី​, ថ្លៃ​ឌីជីថល​, ថ្លៃ​សេវាសាធារណៈ និង​ថ្លៃ​មូលធន ព្រោះថា វិស័យ​ឯកជន គឺជា​គ្រឿង​ម៉ាស៊ីន​នៃ​សេដ្ឋកិច្ចជាតិ ក្នុងនោះ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម នឹង​ដើរតួ​កាន់តែ​សំខាន់​ថែមទៀត ដែលជា​មូលដ្ឋាន​សម្រាប់​ភាព​រីកចម្រើន​យូរអង្វែង​តរៀង​ទៅ ។​

បន្ថែម​ពីនេះ រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព ចំនួន ៦ សម្រាប់​ចាប់ផ្តើម​អនុវត្ត​ភ្លាម​ក្នុង​ឆ្នាំ ២០២៣ រួមមាន​កម្មវិធី​ទី ២ ដែល​នឹង​រួមចំណែក​លើកស្ទួយ​ផ្ទាល់​ដល់​សហគ្រាស​ធុន​មីក្រូ តូច មធ្យម និង​សិប្បកម្ម ក៏ដូចជា​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ជូន​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស និង​ការដាក់ចេញ​នូវ​ការជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ ឱ្យមាន​លទ្ធភាព​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ ។

សម្តេច​មហា​បវរ​ធិបតី ក៏បាន​ថ្លែង​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ល្អប្រសើរ​ក្នុង​ឆ្នាំ ២០២៣ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ក្រសួង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ ក្រសួង​ស្ថាប័ន​, រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, ដៃគូ​អភិវឌ្ឍន៍​, វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​, សហគ្រាស​ធុន​មីក្រូ តូច មធ្យម និង សិប្បកម្ម​, និង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត សំដៅ​លើកកម្ពស់​ជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​លើកស្ទួយ​សុខុមាលភាព​ប្រជាជន​កម្ពុជា ស្របតាម​ពាក្យស្លោក «​បច្ចេកវិទ្យា​ថ្មី កាលានុវត្តភាព​ការងារ​ថ្មី​» ៕

Related posts