ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សារបស់ហាម៉ាស បានឲ្យដឹងថា យ៉ាងហោចណាស់បុគ្គលិក ៥ នាក់នៃអង្គការមិនមែនរដ្ឋាភិបាល World Central Kitchen (WCK) រួមទាំងជនបរទេសត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
អ្នកនាំពាក្យការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងថា អ្នកដែលស្លាប់ក្នុងឧបទ្ទវហេតុនៅកណ្តាលក្រុង Deir al-Balah របស់ហ្គាហ្សា រួមមានពលរដ្ឋប៉ូឡូញ អូស្ត្រាលី និងអង់គ្លេស ព្រមទាំងប៉ាឡេស្ទីនម្នាក់។
WCK បានបង្ហោះនៅលើ X ថា នេះគឺជាសោកនាដកម្មមួយ ដោយបុគ្គលិកជំនួយមនុស្សធម៌ និងជនស៊ីវិល មិនគួរក្លាយជាគោលដៅទេយើងដឹងពីរបាយការណ៍ដែលថា សមាជិកនៃក្រុម World Central Kitchen ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ IDF ខណពេលដែលកំពុងធ្វើការដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់អាហារមនុស្សធម៌របស់យើងនៅក្នុងតំបន់ហ្គាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមសកម្មប្រយុទ្ធ Hamas បានបញ្ជាក់ថា ការវាយប្រហារនេះមានគោលបំណងធ្វើភេរវកម្មលើបុគ្គលិកនៃទីភ្នាក់ងារមនុស្សធម៌អន្តរជាតិ និងរារាំងពួកគេមិនឱ្យបន្តបេសកកម្ម៕