បន្ទាយមានជ័យ៖ព្រឹកថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៤នេះ ក្នុងសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានបើកកិច្ច ប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
កិច្ចប្រជុំនេះមានការចូលរួម លោក ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រហែល១០០នាក់។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កិច្ចប្រជុំរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ ពិតជាមានសារសំខាន់ សម្រាប់អ្នកចូលរួមបានទទួលជ្រាបនូវព័ត៍មានអភិវឌ្ឍ និងស្ថានភាពទូទៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា ស្ថានភាពទូទៅរបស់ប្រទេសយើងទាំងមូលផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា សមិទ្ធិផលជាច្រើនដែលមន្ទីរអភិវឌ្ឍន៍ជនបទបានអនុវត្តកន្លងមកនេះ គឺការខិតខំប្រឹងប្រែងរបស់មន្ត្រីក្នុងមន្ទីរអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍនានា រួមគ្នា គាំទ្ររួមគ្នាកសាង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារប្រទេសមួយនេះឲ្យចេញពីភាពក្រីក្រ ហើយត្រូវបានមជ្ឈដ្ឋានជុំវិញជឿជាក់ថា កម្ពុជានៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសដែលមានចំណូលមធ្យម ហើយឆ្នាំ២០៥០ នឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
លោកក៏បានចាត់ទុកថា ការខិតខំប្រឹងប្រែងទាំងនេះ បានមកក៏ដោយសារកត្តាសន្តិភាពជាតម្លៃមួយ ដែលមិនអាចកាត់ថ្លៃបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោក ប៊ុន ចន្ទវណ្ណៈថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងថេរភាពនយោបាយ នៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ អន្តរជាតិ ដើម្បីស្ថេរភាពនយោបាយនិងការអភិវឌ្ឍជាដើម។
លោក បន្តឲ្យដឹងទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ មនុស្សផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យាដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ តាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍ កម្ពុជា ឲ្យបានក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
លោក ប៊ុន ចន្ទវណ្ណៈបានបន្តឲ្យដឹងទៀតថាចក្ខុវិស័យ និងយុទ្ធសាស្ត្រខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនៅគោលនយោបាយអភិវឌ្ឍន៍ជនបទដែលមានគោលបំណងប្រែក្លាយតំបន់ជនបទនៃកម្ពុជាឲ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើនប្រកបដោយបរិយាបន្ននិងមាននិរន្តរភាពគោលបំណងលើកកម្ពស់ គុណភាពនិងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ដោយបានកំណត់យុទ្ធសាស្ត្រចំនួន ៤ គឺ ១/អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនិងគមនាគមន៍ ២/លើកកំពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣/សកម្មភាពសេដ្ឋកិច្ចជនបទនិង ៤/ពង្រឹងសេវាកំទ្ររដ្ឋបាលនិងកិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងស្ថាប័នជាដើម៕