លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolay Patrushev បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន aif.ru កាលពីថ្ងៃអង្គារម្សិលមិញថា គោលដៅរបស់រុស្ស៊ីក្នុងការធ្វើឱ្យអ៊ុយក្រែនជាទឹកដីគ្មានយោធា គឺនៅតែស្ថិតក្នុងរបៀបវារៈជាដរាប ខណៈដែលសហរដ្ឋអាមេរិក និងអង្គការណាតូដែលជាប់ពាក់ព័ន្ធក្នុងជម្លោះនៅតែមើលឃើញថា ប្រទេសនេះគឺជាទឹកដីដ៏ចាំបាច់ និងមិនអាចខ្វះបានដើម្បីប្រឆាំងរុស្ស៊ី។
លោក Patrushev បានថ្លែងយ៉ាងដូច្នេះថា សហរដ្ឋអាមេរិក និងអង្គការណាតូ នៅតែចិញ្ចឹមចិត្តរៀបចំផែនការរក្សា និងគ្រប់គ្រងអ៊ុយក្រែន ឬយ៉ាងហោចណាស់យកមួយផ្នែកនៃទឹកដីអ៊ុយក្រែនធ្វើជាមូលដ្ឋានប្រឆាំងរុស្ស៊ី ។ តាមផែនការធំរបស់ពួកគេ គឺចង់គ្រប់គ្រងទាំងស្រុងនូវទឹកដីអ៊ុយក្រែនតែម្តងដើម្បីបម្រើផលប្រយោជន៍នៃប្លុកអាត្លង់ទិកខាងជើង។
លោកបានចង្អុលបង្ហាញថា ផែនការសម្ងាត់របស់អង្គការណាតូដែលសម្រេចចិត្តរួមលើការចែកចាយអាវុធថ្មី ជាមួយនឹងសមត្ថភាពបច្ចេកទេសខ្ពស់ និងរយៈចម្ងាយឆ្ងាយ និងការបណ្តុះបណ្តាលទាហានស៊ីឈ្នួល រួមទាំងអ្នកបះបោរគឺវាជាផែនការយូរ និងច្បាស់លាស់សម្រាប់ប្រតិបត្តិការប្រឆាំងរុស្ស៊ី។
លោកបានសង្កត់ធ្ងន់ថាក្នុងស្ថានភាពនេះ គោលដៅនៃការរំសាយកងទ័ពអ៊ុយក្រែនគឺមានកម្រិតខ្ពស់ក្នុងរបៀបវារៈ សម្រាប់រុស្ស៊ី ហើយប្រតិបត្តិការយោធារបស់យើងនៅអ៊ុយក្រែន គឺដើម្បីសម្រេចគោលដៅរបស់យើងផងដែរ។
លោ Patrushev បាននិយាយបន្តថា អង្គការណាតូបានធ្វើសមយុទ្ធនៅលើទឹកដីអ៊ុយក្រែនតាំងពីឆ្នាំ ១៩៩៥ ហើយក្រុង Kiev បានផ្តល់សិទ្ធិឱ្យសម្ព័ន្ធភាពយោធាណាតូ ចូលក្នុងទឹកដីរបស់ខ្លួនដោយសេរីចាប់តាំងពីឆ្នាំ ២០០៤ មក ហើយនោះជាមហន្តរាយដ៏ធំសម្រាប់រុស្ស៊ី។ ដូច្នេះយើងគ្មានជម្រើសណាផ្សេងពីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ៕