តាមសារព័ត៌មានបរទេសបានចុះផ្សាយថា គ្រោះរញ្ជួយដីកម្រិត៧.៥ រ៉ិចទ័របានវាយប្រហារតំបន់មួយចំនួននៅកោះតៃវ៉ាន់ក្បែរព្រំដែនប្រទេសជប៉ុន គ្រោះរញ្ជួយកម្រិតធ្ងន់ធ្ងរនេះបានបង្កឱ្យមានការប្រកាសអាសន្នភា្លមៗអំពីរលកយក្សស៊ូណាមិនៅភាគខាងត្បូងប្រទេសជប៉ុន។ អគារបានបាក់រលំនៅក្នុងទីក្រុង Hualien នៅឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ ជាមួយនឹងសេចក្តីរាយការណ៍ថាមានមនុស្សជាប់នៅខាងក្នុង ដោយមានការរញ្ជួយជាបន្តបន្ទាប់។អគារកម្ពស់ប្រាំជាន់នៅទីក្រុង Hualien រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបានដួលរលំហើយនៅសល់មុំ ៤៥ ដឺក្រេតែប៉ុណ្ណោះមុនពេលដួលរលំមកទាំងអស់។
តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុនបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រអាចបង្កឱ្យមានរលកកម្ពស់ដល់ទៅ៣ម៉ែត្រ នៅក្នុងតំបន់មួយចំនួននៃខេត្តអូគីណាវ៉ា ដែលមានចម្ងាយប្រហែល១០០០ម៉ាយពីភាគខាងត្បូងទីក្រុងតូក្យូ ហើយរលកយក្សស៊ូណាមិ កម្ពស់ ៣០សង់ទីម៉ែត្រ បានបោកបក់មកលើឆ្នេរ Yonaguni ដែលជាកោះដាច់ស្រយាលមួយ ដែលមានចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។
ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បាននិយាយថា ការរញ្ជួយដីមានកម្រិត ៧.៤ រ៉ិចទ័រ ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ ១៨ គីឡូម៉ែត្រ (១១ ម៉ាយ) ភាគខាងត្បូងទីក្រុង Hualien របស់តៃវ៉ាន់ ក្នុងជម្រៅ ៣៤.៨ គីឡូម៉ែត្រ។
ចំណែកទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីននៅព្រឹកថ្ងៃពុធនេះបានចេញការព្រមានអំពីរលកយក្សស៊ូណាមិដែលនិងវាយប្រហារតំបន់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកដោយអ្នករស់នៅតំបន់នោះនឹងជួបប្រទះរលកយក្សស៊ូណាមិដែកមានកម្ពស់ខ្ពស់។ ប្រជាជននៅតំបន់មាត់សមុទ្រក្នុងខេត្តមួយចំនួនត្រូវបានណែនាំឲ្យជម្លៀសភ្លាមៗទៅកាន់ទីទួលខ្ពស់ផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាពជាបន្ទាន់។
គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារកោះតៃវ៉ាន់ក្នុងខែកញ្ញា ឆ្នាំ ១៩៩៩ ដោយបានសម្លាប់មនុស្សប្រហែល ២,៤០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កោះតៃវ៉ាន់។ ការរញ្ជួយដីដ៏ធំបំផុតរបស់ប្រទេសជប៉ុនក្នុងកំណត់ត្រាគឺការរញ្ជួយដីក្រោមបាតសមុទ្រកម្រិត ៩.០ រ៉ិចទ័រក្នុងខែមីនា ឆ្នាំ ២០១១ ពីឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសជប៉ុន ដែលបានបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១៨,៥០០ នាក់ស្លាប់ និងបាត់ខ្លួន៕