អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​មកពី​វិទ្យាល័យ ហ៊ុន សែន សៀមរាប បើក​យុទ្ធនា​ការសម្អាត​សំរាម​ក្នុង​រមណីយដ្ឋាន​អង្គរ​

​ជាការ​ឆ្លើយតប​ទៅនឹង​សេចក្តីអំពាវនាវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដល់​ភ្ញៀវទេសចរ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​ប្លា​ស្ទិ​ក​ជា​អតិបរមា និង​ទុកដាក់​សំរាម​ឱ្យបាន​ល្អ​នៅក្នុង​រមណីយដ្ឋាន​អង្គរ នា​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ បាន​ចុះ​យុទ្ធនាការ​សម្អាត​សំរាម​នៅ​ភូមិ​ត្រពាំង​សេស និង​នៅតាម​ដងផ្លូវ​ពីមុខ​ប្រាសាទអង្គរវត្ត​ទៅ​ព្រលានយន្តហោះ​ចាស់​។ សកម្មភាព​ដ៏​ល្អ​នេះ ពិតជា​គំរូ និង​បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួមចំណែក​យ៉ាង​ថ្លៃថ្លា​ពី​មហាជន​ក្នុងការ​កាត់បន្ថយ​សំរាម ការ​ទុកដាក់​សំរាម និង​ការគ្រប់គ្រង​សំរាម​បានល្អ ដែល​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ និង​ក្រុង​សៀមរាប​ទាំងមូល​កាន់តែ​ស្អាត និង​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត ហើយ​លើកកម្ពស់​សុខភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែងអំណរគុណ​ដល់​សាលាក្រុង​សៀមរាប អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​សកម្មភាព​សម្អាត​សំរាម​នៅក្នុង​រមណីយដ្ឋាន​អង្គរ និង​រួមចំណែក​ថែរក្សា លើក​តម្លៃ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​បង្ហាញ​ពី​ការរស់នៅ​ប្រកបដោយ​ភាពថ្លៃថ្នូរ​នៃ​សង្គមជាតិ​យើង​៕
​អត្ថបទ​៖ ឆាយ ផាន់​នី​

Related posts