ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅសារមន្ទីរទួលស្លែង មានរៀបចំកិច្ចប្រជុំរវាងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដោយឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមួយលោក Sardar Umar Alam ប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ និងឣ្នកជំនាញកូរ៉េ ដឹកនាំដោយលោក Song Yungjun តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការសិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តតាមរយៈអង្គការ KOICA។គម្រោងជំហានទី២នេះ ផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និង ការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។
កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។
អ្នកជំនាញ រួមទាំងមន្ត្រីអង្គការយូណេស្កូ និងទីភ្នាក់ងារ KOICA បានវាយតម្លៃខ្ពស់លើការឣនុវត្តកិច្ចការនានារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការងារអភិរក្សបណ្ណសារមន្ទីរនិងសមុច្ច័យ ការឣភិរក្សទីតាំងប្រវត្តិសាស្ត្រខ្មែរក្រហម និងការឣប់រំដើម្បីសន្តិភាព។