នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានចូលរួមជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានបើកកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូង និងមិនធ្លាប់មានពីមុនមក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Biden បានស្វាគមន៍សមភាគីរបស់គាត់នៅសេតវិមាន ហើយបានលើកទ្បើងថា គាត់ចង់យកយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ពួកគេទៅកាន់ កម្រិតយុទ្ធសាស្ត្រថ្មី។ លោកថា យុទ្ធសាស្ត្រថ្មីនោះនឹងគ្របដណ្តប់អ្វីៗគ្រប់យ៉ាងចាប់ពីសន្តិសុខថាមពល រហូតដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខដែនសមុទ្រផងដែរ។ លោក Biden បានថ្លែងថា នៅពេលដែលយើងឈរជាមួយគ្នា យើងអាចបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ទាំងអស់គ្នា។
ចំណែក Kishida ក៏បានថ្លែងផងដែរថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន គឺជាប្រទេសដែនសមុទ្រដែលតភ្ជាប់ដោយមហាសមុទ្រប៉ាស៊ីហ្វិក និងជាដៃគូធម្មជាតិដ៏យូរលង់ ។
ដោយទ្បែក លោកប្រធាធិបតីហ្វីលីពីន Marcos បានអះអាងថា ការប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញនៃពេលវេលារបស់យើង តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើផ្នែករបស់មនុស្សគ្រប់រូប ការយកចិត្តទុកដាក់ចំពោះគោលបំណងរួម និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះបទបញ្ជាអន្តរជាតិដែលផ្អែកលើច្បាប់។
មេដឹកនាំទាំង ៣ ក៏បានយល់ស្របថា ហ្វីលីពីនកំពុង ស្ថិតនៅក្រោមសម្ពាធ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនពីអ្វីដែលពួកគេហៅថា យុទ្ធសាស្ត្រឈ្លានពាន របស់ចិន។
គួររម្លឹកថា កងកម្លាំងមកពី អាមេរិក ជប៉ុន និងហ្វីលីពីន រួមនឹងអូស្ត្រាលី ថ្មីៗនេះបានធ្វើសមយុទ្ធរួមគ្នាមួយក្នុងសប្តាហ៍ពេញ នៅសមុទ្រចិនខាងត្បូង។ ពួកគេគ្រោងនឹងធ្វើដូច្នេះម្តងទៀតនៅប៉ុន្មានខែខាងមុខ។
មេដឹកនាំប្រទេសទាំង ៣ ក៏បានព្រមព្រៀងគ្នាថានាវិកឆ្មាំឆ្នេរសមុទ្រជប៉ុននិងហ្វីលីពីននឹង ហ្វឹកហាត់ និង “ធ្វើសមកាលកម្ម ការងាររបស់ពួកគេជាមួយសមភាគីអាមេរិកនៅលើកប៉ាល់អាមេរិកផងដែរ។
ប្រធានាធិបតី លោកBiden បាននិយាយថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសជប៉ុន និងហ្វីលីពីន គឺជាការការពារយ៉ាងរឹងមាំជាងមុន។ លោកបានបន្ថែមថា ពួកគេកំពុងចាប់ផ្តើម យុគសម័យថ្មីនៃភាពជាដៃគូនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ៕