សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារតាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចដោយមានខ្លឹមសារជាអាទិ៍ថា ៖ “ ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ”។
សម្តេចបន្តថា “ អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និងដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា”។
សម្តេចបញ្ជាក់ថា “ ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃ១ឧសភា២០២៤ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ3.4.3។
សម្តេច ហ៊ុន សែន បន្ថែមថា “ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន២០០លានរៀល។ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈខ្ញុំសូមទាក់ទងទៅលោក សៀង ទៀង ដែលមានលេខទូរស័ព្ទ០១២ ៩៦១៩៧១៕