ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​កម្ពុជា-ចិនរួមគ្នាអបអរសាទរខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​

​នៅល្ងាចថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤នេះ ​ស្ថាប័នកំពូលៗរបស់កម្ពុជា រួមទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល បានរួមគ្នាជាមួយស្ថានទូចិនប្រចាំកម្ពុជា​ ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នារាជធានីភ្នំពេញ។

តំណាងរាជរដ្ឋាភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ នាពេលនោះថា ក្នុងរយៈពេល៧៥ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តចិន ប្រទេសចិនបានសម្រេច នូវសមិទ្ធផលអភិវឌ្ឍន៍ជាតិយ៉ាងធំធេង លើគ្រប់វិស័យនិងប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តម សូមអបអរសាទរនូវការសម្រេចបាននូវគោលដៅ ១០០ឆ្នាំទី១របស់ចិន នៅឆ្នាំ២០២១ គឺការកសាងសង្គមប្រកបដោយវិបុលភាព ហើយឯកឧត្តមមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំបក្សកុម្មុយនីស្តចិន ដែលមាន​ប្រធានរដ្ឋចិន Xi Jinping ជាស្នូល ប្រទេសចិននឹងទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការអភិវឌ្ឍប្រទេស ជាពិសេស ការសម្រេចបានគោលដៅ ១០០ឆ្នាំទី២ គឺការកសាងប្រទេសចិន ឲ្យក្លាយជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩ ដែលនឹងក្លាយជាខួប១០០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន ចិនបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ របស់ពិភពលោក»។

ឯកឧត្តម បណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដែរថា ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​ ៧៥ឆ្នាំមកនេះ បានធ្វើឲ្យពិភពលោកបានទទួលស្គាល់ចិនកាន់តែច្បាស់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងពិភពលោក ដែលមិនអាចខ្វះតួនាទីរបស់ចិនបានទេ ព្រោះចិនមានតួនាទីសំខាន់ក្នុងនយោបាយសម្រាប់ពិភពលោកដែលប្រកាន់ខ្ជាប់នូវចរន្តពហុគោល។ ក្រៅពីនេះ ចិនមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ច ព្រោះគ្មានប្រទេសណាបដិសេធ មិនធ្វើសេដ្ឋកិច្ច ជាមួយប្រទេសចិននោះដែរ។

ឯកឧត្តមបានបន្តថា មិត្តភាពដែកថែបឈានដល់ត្បូងពេជ្រ រវាងកម្ពុជានិងចិន គឺពិត​រឹងមាំ ហើយការរៀបចំពិធីអបអរសាទររូមគ្នា បានបង្ហាញពីការរឹតចំណង​មិត្តភាពទំនាក់ទំនងដ៏ស្អិតរមូត រវាងប្រទេសទាំងពីរ។ ឯកឧត្តម មានសុទិដ្ឋនិយមថា ទំនាក់ទំនងនេះពិតជាផ្តល់ប្រយោជន៍ទាំងសងខាង ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍អំពីភាពជោគជ័យនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​ រយៈពេល៧៥ឆ្នាំមកនេះ ដែលមានការប្រែប្រួលមុខមាត់ដ៏ខ្លាំងក្លា ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តចិន។ ឯកឧត្តមជឿជាក់ថា ការរីកចម្រើនរបស់ចិននឹងជំរុញបុព្វហេតុចំណងមិត្តភាព រវាងចិននិងកម្ពុជា ​​ជាមួយនឹងការគោរពដ៏ខ្ពង់ខ្ពស់ និងអំណរគុណដ៏ស្មោះត្រង់។

ឯកឧត្តមបានគូសបញ្ជាក់ថា ស្ថានទូតចិននឹងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នរបស់កម្ពុជា ដើម្បី​ពង្រឹងនិងពង្រីកចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឲ្យឈានឡើងដល់កម្រិតថ្មីមួយទៀត។ ភាគីចិននឹងផ្តល់ការគាំទ្រដល់ភាគីកម្ពុជា ក្នុងការសម្រេចបាន​នូវចក្ខុវិស័យ ឆ្នាំ២០៣០ និង ចក្ខុវិស័យ ឆ្នាំ២០៥០ ហើយសហការជាមួយភាគីកម្ពុជាដើម្បីកសាងសហគមវាសនារួម ក្នុងយុគសម័យថ្មី​ ដែលមានគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់បំផុត៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា