គិតត្រឹមពេលនេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ បានធ្លាក់ទៅលេខ៧ ក្នុងនាមជាក្រុមលេខ២ល្អបណ្ណោះអាសន្ន នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC U20 Asian Cup China PR 2025™ វគ្គជម្រុះនៅចិនតៃប៉ិ។
កម្ពុជា ឆ្លងកាត់៣ប្រកួតកន្លងមក ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ នៅសល់១ប្រកួតក្នុងដៃ បើធៀបនឹងពូលផ្សេងៗទៀតពួកគេទើបប្រកួតបាន២ប្រកួតប៉ុណ្ណោះ ខណៈក្រុមអ៊ីរ៉ាក់ បច្ចុប្បន្នកំពុលឈរកំពូលតារាងក្រុមលេខ២ល្អបណ្ណោះអាសន្ន ដោយឆ្លងកាត់២ប្រកួតមាន៦ពិន្ទុនិងមានគ្រាប់បាល់ចំណេញ១៦គ្រាប់។
ចំណែកវៀតណាម ឈរលេខ២ ក្នុងនាមជាក្រុមលេខ២ល្អបណ្ណោះអាសន្ន មាន៦ពិន្ទុដូចគ្នា និងមានគ្រាប់បាល់ចំណេញ៨គ្រាប់ និងអូស្រ្តាលី ឈរលេខ៥ មាន៦ពិន្ទុនិងមានគ្រាប់បាល់ចំណេញ៣គ្រាប់។ យោងតាមតារាងនេះ កម្ពុជា ហាក់នូវសល់ឱកាសតិចបំផុតក្នុងការប្រជែងយកក្រុមលេខ២ល្អទាំង៥ក្រុមណាស់ ដោយចាញ់គ្រាប់គេច្រើនពេក។
សូមជម្រាបថា សម្រាប់ជំនួបចុងក្រោយនៃពូល B វគ្គជម្រុះពានរង្វាន់យុវជន U20 ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៥ ក្រុមកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះឆាយនីសតៃប៉ិ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាច៕