ប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានអំពាវនាវឱ្យកូរ៉េខាងជើងប្រញាប់ដកទ័ពរបស់ខ្លួន ចេញពីប្រទេសរុស្ស៊ី ។
ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា យ៉ាងហោចណាស់កងទ័ពកូរ៉េខាងជើង ប្រហែល ១០,០០០ នាក់ កំពុងដាក់ពង្រាយសម្រាប់សកម្មភាពដែលអាចកើតមានប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន ។
រុស្ស៊ី និងកូរ៉េខាងជើង បានពង្រឹងសម្ព័ន្ធភាពនយោបាយ និងយោធារបស់ពួកគេកាន់តែស៊ីជម្រៅ នៅពេលដែលសង្រ្គាមអ៊ុយក្រែន អូសបន្លាយ ប៉ុន្តែការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាង ទៅប្រយុទ្ធនឹងកងកម្លាំងក្រុងគៀវ ដោយបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ដែលបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយ នៅឯមន្ទីរប៉ង់តាហ្គោនថា ខ្ញុំអំពាវនាវឱ្យពួកគេដកកងទ័ពចេញពីប្រទេសរុស្ស៊ី ។
លោក Austin បានបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីបង្អាក់រុស្ស៊ី ពីការប្រើប្រាស់កងទ័ពទាំងនេះក្នុងការប្រយុទ្ធ ។ ប៉ុន្តែមានលទ្ធភាពថាដែលទីក្រុងមូស្គូ នឹងនៅតែធ្វើដូច្នេះ ដោយបន្តថា កងកម្លាំងកូរ៉េខាងជើង កំពុងត្រូវបានបំពាក់ដោយឯកសណ្ឋាន និងអាវុធរបស់រុស្ស៊ីរួចហើយ ។
ជាមួយគ្នានោះ លោក Kim បានកត់សម្គាល់ថា លោក ជឿថាការដាក់ពង្រាយកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី អាចបណ្តាលឱ្យមានការកើនឡើងនៃការគំរាមកំហែងផ្នែកសន្តិសុខ នៅលើឧបទ្វីបកូរ៉េដូចគ្នា ។
លោក បានបន្តថា ដោយសារតែមានទើបទីក្រុងព្យុងយ៉ាង ស្នើសុំការផ្ទេរបច្ចេកវិទ្យាពីរុស្ស៊ី ដើម្បីជួយដល់កម្មវិធីអាវុធរបស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ មីស៊ីលផ្លោងអន្តរទ្វីប និងផ្កាយរណបឈ្លបយកការណ៍ ជាថ្នូរនឹងការដាក់ពង្រាយកងកម្លាំងរបស់ខ្លួន។
ប៉ុន្តែលោក មិនបានប្រកាសពីការផ្លាស់ប្តូរចំពោះគោលនយោបាយដ៏យូរអង្វែងរបស់ទីក្រុងសេអ៊ូល ដែលរារាំងការលក់អាវុធចូលទៅក្នុងតំបន់ជម្លោះសកម្មរួមទាំងអ៊ុយក្រែន ដែលជាជំហរជាប់គាំងបើទោះបីជាមានការអំពាវនាវពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ ឱ្យពិចារណាឡើងវិញក៏ដោយ៕