ទិដ្ឋភាពទូទៅនៅក្នុងវត្តពោធិគីរីវង្សារាម-ស្វាយសៀមថ្មី អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដឹកនាំដង្ហែដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយគណៈប្រតិភូថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា​

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមជាមួយគណៈប្រតិភូថ្នាក់ដឹកនាំ ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានអញ្ជើញចូលរួមក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែមកកាន់វត្តស្វាយសៀមថ្មី ដឹកនាំផ្ទាល់ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឱកាសនោះដែរ បងប្អូនខ្មែរក្នុងទម្រង់សម្លៀកបំពាក់ប្រពីណៃ មកពីស្រុកផ្សេងគ្នាបានមកជួបជុំដង្ហែអង្គកឋិនទាន តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលមានទាំងការបង្ហាញទម្រង់ទស្សនីយភាពរបាំ វង់តន្ត្រីឆៃយុំា និងនារីកាន់ផ្ការួមគ្នាដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរប្រទក្សិណព្រះវិហារវត្តពោធិគីរីវង្សារាម បន្ទាប់មកទៀតគឺការវេរទ័យទាន បរិក្ខា និងបច្ច័យកសាងវត្តជូនដល់ព្រះចៅអធិការវត្តពោធិគីវង្សារាម និងព្រះចៅអធិការនៃវត្តស្ថិតក្នុងខេត្តត្រាវិញ (ព្រះត្រពាំង) ចំនួន ១៤២វត្ត ផ្សេងទៀតផងដែរ៕

សូមបញ្ជាក់ជូនថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ បានប្រព្រឹទ្ធទៅនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្រុកថ្កូវ ខេត្តត្រាវិញ ប្រទេសវៀតណាម ក្រោមផ្តួចផ្តើម​ដោយ​សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នជាតិ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានបិទបញ្ចប់​ដោយ​ជោគ​ជ័យ ជាមួយការបន្សល់ទុកនូវអនុស្សាវរីយ៍ មនោសញ្ចេតនា ក្តីរំភើប និងការចងចាំយ៉ាងជ្រា​ល​ជ្រៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្រោម។

Related posts