អាជ្ញាធរហ្វីលីពីន បន្តជម្លៀសប្រជាជន និងអំពាវនាវរកជំនួយ ខណព្យុះទីហ្វុងទី ៥ មិនទាន់ស្រាកស្រាន្ត

អាជ្ញាធរហ្វីលីពីន បានបញ្ជាឱ្យមានការជម្លៀស ដោយសារព្យុះទីហ្វុង Usagi បន្តបោកបក់ នៅថ្ងៃពុធនេះ ខណដែលការិយាល័យគ្រោះមហន្តរាយរបស់អង្គការសហប្រជាជាតិ អំពាវនាវស្វែងរកជំនួយចំនួន ៣២,៩ លានដុល្លារសម្រាប់ប្រទេសនេះ បន្ទាប់ពីព្យុះវាយប្រហារ ៥ លើក ជាប់ៗគ្នា ក្នុងរយៈពេល ៣ សប្ដាហ៍ សម្លាប់មនុស្សជាង ១៥០ នាក់ ។

 សេវាកម្មអាកាសធាតុជាតិ បានឲ្យដឹងថា Usagi ដែលជាព្យុះធំទី ៥ ដែលវាយប្រហារលើប្រទេសប្រជុំកោះនេះ ក្នុងរយៈពេល ៣ សប្តាហ៍ ហើយទំនងជាបន្តបោកបក់រហូតដល់ថ្ងៃព្រហស្បតិ៍ ក្នុងខេត្ត Cagayan នៅចុងភាគឦសាននៃកោះធំ Luzon ។

ទន្ទឹមនោះ ប្រធានការពារជនស៊ីវិលលោក Rueli Rapsing ក៏បានឲ្យដឹងថា អភិបាលខេត្ត បញ្ជាឱ្យជម្លៀសអ្នកស្រុកនៅតំបន់ដែលងាយរងគ្រោះដោយបង្ខំ ប្រសិនបើចាំបាច់។

លោក បានលើកឡើងថា នៅក្រោមពិធីសារសង្គ្រោះបន្ទាន់ អភិបាលទាំងអស់ ត្រូវតែអនុវត្តការជម្លៀសដោយបង្ខំ ជាពិសេសសម្រាប់តំបន់ដែលងាយរងគ្រោះ ដោយបន្ថែមថា មានប្រជាជនជាង ៤០,០០០ នាក់ ដែលរស់នៅក្នុងតំបន់ងាយនឹងរងគ្រោះ ។

អង្គការសហប្រជាជាតិ បានបង្ហាញ កាលពីថ្ងៃអង្គារថា ខ្យល់ព្យុះជាបន្តបន្ទាប់ បំផ្លាញធនធានរបស់រដ្ឋាភិបាល និងគ្រួសារក្នុងតំបន់។

ជាមួយគ្នានោះ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនប្រហែល ២១០,០០០ នាក់ ស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយទឹកជំនន់នាពេលថ្មីៗនេះ ត្រូវការការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិត និងការការពារយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលបីខែខាងមុខ ។

គួរបញ្ជាក់ថា ត្រឹមរយៈពេល ៣ សប្ដាហ៍ក្នុងខែនេះ ប្រទេសហ្វីលីពីន បានរងការវាយប្រហារដោយព្យុះទីហ្វុងរហូតដល់ទៅ ៥ លើក និងគ្រោះទឹកជំនន់ ៕

ដោយ៖ ពេជ្រ

 

 

Related posts