ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្លែងថា លោកខាងលិចគួរតែយកចិត្តទុកដាក់ចំពោះគោលលទ្ធិនុយក្លេអ៊ែរដែលបានធ្វើបច្ចុប្បន្នភាពថ្មីនេះរបស់រុស្ស៊ី ដែលឆ្លុះបញ្ចាំងពីសិទ្ធិ និងសមត្ថភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការការពារខ្លួនពីការគំរាមកំហែង។
ទីក្រុងមូស្គូបានបង្ហាញពីការផ្លាស់ប្តូរដែលបានស្នើឡើងចំពោះការរារាំងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងខែកញ្ញា ខណៈដែលអ៊ុយក្រែននៅតែទាមទារឱ្យមានការអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់លោកខាងលិចសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ី។ គោលលទ្ធិថ្មីនេះត្រូវបានអនុម័តជាផ្លូវការនៅថ្ងៃអង្គារម្សិលមិញ ហើយតែប៉ុន្មានម៉ោងបន្ទាប់ពីកាំជ្រួចដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិករបស់អ៊ុយក្រែន ត្រូវបានគេប្រើប្រាស់ដើម្បីតម្រង់គោលដៅក្នុងតំបន់ Bryansk ទឹកដីរុស្ស៊ី។
លោក Erdogan បានថ្លែងបែបនេះកាលពីថ្ងៃអង្គារនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ។ លោកគិតថាសេចក្តីថ្លែងការណ៍របស់រុស្ស៊ីថ្មីនេះគឺជាវិធានការសំខាន់មួយដើម្បីឆ្លើយតបទៅនឹងជំហរដែលបានធ្វើឡើងប្រឆាំងនឹងរុស្ស៊ី ទាក់ទងនឹងការប្រើប្រាស់អាវុធមិនធម្មតាចូលទឹកដីរុស្ស៊ី។ លោកបន្តថាបញ្ហានេះត្រូវតែត្រូវបានពិចារណាដោយមន្ត្រីណាតូទាំងអស់ទ្បើងវិញ ព្រោះវាមិនមែនជារឿងធម្មតានោះទ្បើយ។ លោកបន្ថែមថា រុស្ស៊ីមានសិទ្ធិនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួន និងមានវិធានការការពារខ្លួនពិតប្រាកដ ហើយពូ ទីន មិនញញើតនឹងឆ្លើយតបនោះទេ។ មេដឹកនាំទួរគីរូបនោះបានបន្ថែមថា ប្រទេសណាតូមានសិទ្ធិដូចគ្នាក្នុងការការពារខ្លួន ប៉ុន្តែចាំបាច់ត្រូវចាំថា មិនមានអ្វីកើតឡើងចំពោះសង្រ្គាមដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនោះទេ។
សារព័ត៌មានអាមេរិកជាច្រើនបានរាយការណ៍កាលពីចុងសប្តាហ៍មុននេះថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានដកការរឹតបន្តឹងលើការប្រើប្រាស់គ្រាប់រ៉ុក្កែតដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិករបស់ទីក្រុងគៀវ ហើយសេតវិមានក៏មិនបានបញ្ជាក់ ឬបដិសេធរបាយការណ៍នោះទេ។ ប៉ុន្តែលោក Vladimir Zelensky របស់អ៊ុយក្រែនបានអះអាងកាលពីថ្ងៃអង្គារថាពួកគេផ្សព្វផ្សាយនោះគឺជាការពិតហើយ អាមេរិកសម្រេចឲ្យយើងប្រើប្រាស់បន្ទាន់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចថា ការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងគៀវ នឹងផ្លាស់ប្តូរចរិតលក្ខណៈនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន និងធ្វើឱ្យអង្គការណាតូ ក្លាយជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងអរិភាពនេះ៕
ដោយ៖ ពេជ្រ