ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឧ​ត្ត​មនា​វី​ទោ ទៀ សុខា រង​ការរិះគន់​រឿង​កូនចៅ​ដើរ​ប្រមូល​លុយ​ពី​ទូក​នេសាទ​យួន​-​សៀម ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​កម្ពុជា​ខេត្តកោះកុង

​ខេត្តកោះកុង ៖ ករណី​ដែល​ឧ​ត្ត​មនា​វី​ត្រី​ម្នាក់ ដែលជា​បញ្ជា​ការរង​លំហរ​សមុទ្រ​ប្រចាំការ នៅ​កោះ​ស្តេច បាន​ដើរ​ប្រមូល​លុយ​ពី​ទូក​នេសាទ​ជនជាតិ​យួន និង​សៀម ដែល​ចូលមក​នេសាទ ដោយ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​កម្ពុ​ជានា​ខេត្តកោះកុង បានក្លាយ​ជា​រឿង​ធម្មតា​សម្រាប់​មន្ត្រី​រូប នោះ ហើយក៏​គ្មានអ្វី​លាក់បាំង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​កោះ​ស្តេច​ផងដែរ ។ ប៉ុន្តែ​អ្វីដែល​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ភាព​អសកម្ម​ទាំងនោះ​ត្រូវបាន​គេ​រិះគន់​ទៅដល់​លោក​ឧ​ត្ត​មនា​វី​ទោ ទៀ សុខា ទៅវិញ​ថា បាន​បណ្តោយ​ឲ្យ​កូនចៅ​ដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​ទៅវិញ ។​
​ ​
​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឧ​ត្ត​មនា​វី​ត្រី ឯក សំអាន ដែល​ទទួលខុសត្រូវ​ស្នាក់ការ នៅ​កោះ​ស្តេច រួមជាមួយ​កូនដៃ​កូន​ជើង​មួយចំនួនទៀត បាន​ដើរ​ប្រមូល​លុយ​ជា​បន្ត​បន្ទាប់ពី​ក្រុម ទូក​នេសាទ​យួន និង​សៀម ដែល​ចូលមក​នេសាទ​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ​នៅក្នុង​ដែន សមុទ្រ​កម្ពុ​ជានា​ខេត្តកោះកុង ។ សកម្មភាព​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា តួនាទី​ជា​យោធា មិន​ទៅ​ការពារ​អធិបតេយ្យភាព បែរជា​ទៅ​ប្រមូល​លុយ​ពីបទ​ល្មើស​ទៅវិញ ! តើ​ត្រឹមត្រូវ​ដែរ​ទេ​?​។​
​ ​
​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា អ្នកនេស​ទ​ជនជាតិ​យួន​ក្រោម​ការសម្របសម្រួល​ពី​មេខ្លោង​២​រូប គឺ​ទី​១/ ឈ្មោះ វៀង ថា​ន់​ទៀង ភេទ​ស្រី ជា​ជនជាតិ​យួន និង​ទី​២/ ឈ្មោះ លឹម សៀម ហៅ​អា​ខ្លា ជនជាតិ​យួន​ដូចគ្នា បាន​ចូលមក​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​តាមរយះ​ទូក​អូស​គូ ដែល​បំពាក់​ឧ​បក​ណ៍​នេសាទ ទំនើបៗ និង​បំផ្លាញ​ពូជ​មច្ឆា​ជាតិ​ក្នុង​សមុទ្រ​កម្ពុជា ដោយមាន​ការការពារ​ពី​មេខ្លោង​ទាំង​២​នាក់​ខាងលើ ខណដែល​មេខ្លោង​ទាំង​នោះបាន​យកលុយ​ទៅ​សូ​កមេ​យោធា និង​នគរបាល​ជើង​ទឹក ដើម្បី​បំបិទមាត់ ។​
​ ​
​តាម​ព័ត៌មាន​ដែល​ទទួលបាន​ក្នុង​ទូក​មួយគូរ ត្រូវ​បង់​៧​ពាន់​ដុល្លារ ក្នុង​រយះពេល​៥០​ថ្ងៃ ឬមួយ​ទឹក ( ពាក្យ​សម្រាប់​អ្នកនេសាទ ) ប្រសិនបើ​ទូក​គូ​នោះ​អូស​ពី​ព្រំដែន​វៀតណាម ឬ​សៀម ចូលមក​សមុទ្រ​កម្ពុជា ដល់​ត្រង់ចំណុច​កោះតាង ។ ប៉ុន្តែ​បើ​គេ​ចង់​អូស​ឡើង​ទៅដល់​ចំណុច​កោះកុង​គឺ​ត្រូវ​បន្ថែម​២​ពាន់​ដុល្លារ​ទៀត ។ ទន្ទឹមនឹងនោះ​ក្រុម​នេសាទ​យួន​និង​សៀម​ដែល​ប្រក​បរបរ​នេសាទ​ខុសច្បាប់​ខាងលើ ត្រូវ​បន្ថែម​លុយ​១៣០០​ដុល្លារ សម្រាប់​ឧ​ត្ត​មនា​វី​ត្រី​មួយរូប​ទៀត ដែល​ទទួលខុសត្រូវ​លំហរ​សមុទ្រ​ត្រង់ចំណុច​ខាងលើ ។​
​ ​
​ទន្ទឹម​នោះ​ស្ត្រី​មេខ្លោង​ជនជាតិ​យួន ឈ្មោះ វៀង ថា​ន់​ទៀង នេះ​ថែមទាំង​នាំ​ទូក​អូស​មឹក​របស់​ជនជាតិ​យួន​ឲ្យ​ចូលមក​នេសាទ​យ៉ាង​គគ្រឹគគគ្រេង​ក្នុងភូមិ​សាស្ត្រ​ខាងលើ ហើយ​បាន​បង់លុយ​ឲ្យ​មន្ត្រី​យោធា និង​នគរបាល​ជើង​ទឹក​ដូចគ្នា ។​
​ ​
​ប្រជាពលរដ្ឋ​បាន​អះអាងថា ព័ត៌មាន​នៃ​អំពើពុករលួយ​ខាងលើនេះ គឺ​ពួកគាត់​ទទួលបាន​ពី​ការ​អួតអាង​របស់​មេខ្លោង​ជនជាតិ​យួន​ទាំង​២​នាក់​នោះ ព្រោះថា មេខ្លោង​ទាំង​២​នាក់​នោះ បាន​ដើរ​អួត​ប្រាប់​គេ​ប្រាប់​ឯង​ថា គេ​មិន​ខ្លាច​សមត្ថកិច្ច​បង្ក្រាប​នោះឡើយ ដោយហេតុថា ទាំង​មេ​យោធា​ជើង​ទឹក និង​មេ​នគរបាល​ជើង​ទឹក​ក្នុង​លំហរ​សមុទ្រ​សុទ្ធតែ​បានទទួល​លុយ​ដូច​អ្វីដែល​ពួកគេ​បានបង្ហាញ​ខាងលើ​នោះ​អស់ហើយ ( SIC ) ។​
​ ​
​ប្រជាពលរដ្ឋ​លើ​ឡើង​ថា ភាព​អាណាធិបតេយ្យ នៃ​ទូក​នេសាទ​យួន​ចូលមក​នេសាទ​ក្នុង​ដែន សមុទ្រ​កម្ពុជា នៅ​ចំណុច​ខាងលើ​ពុំ​មានការ​លាក់បាំង​នោះទេ ហើយ​នរណា​ក៏បាន​ដឹង​គ្រប់ៗ​គ្នា ។ ប៉ុន្តែ​ម្នាក់ៗ បាន​គ្រាន់តែ​ដឹង​ប៉ុណ្ណោះ ហើយ​មិន​ហ៊ាន​និយាយ​អ្វី​ទាំងអស់ ព្រោះ​ខ្លាច​អំណាច​កង​យោធា​និង​នគរបាល​ជើង​ទឹក​ទាំងអស់នោះ ។​
​ ​
​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​តាមរយះ​សារព័ត៌មាន ផ្តល់ព័ត៌មាន​ទៅ​ថ្នាក់លើ ដើម្បី​មាន​វិធានការ​បង្ក្រាប​ជាបន្ទាន់ បើ​ពុំ​នោះទេ មច្ឆា​ជាតិ​ក្នុង​សមុទ្រ​កម្ពុជា និង​វិនាស​ហិនហោច​មិន​ខាន ព្រោះ​ទូក​នេសាទ​យួន​និង​សៀម​ទាំងនោះ បំពាក់​ឧបករណ៍​ទំនើបៗ ដើម្បី​ស្រូបយក​ត្រី រួមទាំង​ប្រភេទ​សត្វ​ដែល​រស់ក្នុង​សមុទ្រ​ទាំងអស់ ទោះ​តូចក្តី​ធំក្តី ។ ដូច្នេះ​វា​និង​បំផ្លាញ​មច្ឆា​ជាតិ​ក្នុង​សមុទ្រ​គ្មាន​សេសសល់​នោះឡើយ ។​
​ ​
​ទន្ទឹម​នោះ​ទូក​នេសាទ​បំពាក់​ឧបករណ៍​ទំនើបៗ បែបនេះ គេ​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​ធ្វើ​សកម្មភាព​នេសាទ​ឡើយ នៅឯ​ប្រទេស​យួន​និង​សៀម ។ ដូច្នេះហើយ​ទើប​គេ​ចូលមក​នេសាទ​ក្នុង​សមុទ្រ​កម្ពុជា ព្រោះតែ​មានការ​ឃុបឃិត​ទទួល​សំណូក​ជា​ទឹកប្រាក់​របស់​មន្ត្រី​យោធា​និង​នគរបាល​ជើង​ទឹក​ទាំងអស់នោះ ។​
​ ​
​ទាក់ទង​ករណីនេះ​ភ្នំពេញ​ថ្មី មិនទាន់​សុំ​ការបំភ្លឺ ឬ​បញ្ជាក់​ណាមួយ​ពី​លោក​ឧ​ត្ត​មនា​វី​ទោ ទៀ សុខា ដែល​ទទួលខុសត្រូវ​លំហរ​សមុទ្រ​នៅឡើយ​ទេ រួមទាំង​លោក​ឧ​ត្ត​មនា​វី​ត្រី ឯក សំអាន ផងដែរ ។ ប៉ុន្តែ​ភ្នំពេញ​ថ្មី នឹង​ព្យាយាម​រក​ការបញ្ជាក់​ពី​លោក​ទាំងពីរ​នាពេលខាងមុខ ៕

 

 

FB_IMG_149516673974111 18554892_429194310784394_1393788661_n11 FB_IMG_149516670132311 FB_IMG_149516671983011

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130