ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្អើល​ពេញ​ខេត្តកោះកុង ៖ លោកស្នងការ​បញ្ជា​ឲ្យ​ចាប់​អ្នក​ភ្នាល់​ជល់​មាន់​តាម​ទូរទស្សន៍ ព្រោះតែ​គ្មាន​អ្នក​ចូល​លេងល្បែង​ក្នុង​បន​ល្បែង​របស់ខ្លួន​

​ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ​ស្ទើរតែ​ទូទាំង​ខេត្តកោះកុង បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​វិធានការ​បែប​អាង​អំណាច របស់លោក​ស្នងការ​ខេត្តកោះកុង ដែល​បញ្ជា​ឲ្យ​អធិការ​ក្រុង ខេមរភូមិន្ទ ចុះបង្ក្រាប​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ភ្នាល់​បាល់ និង​ជល់​មាន់​ម្រៀ​លៗ តាម​កញ្ចក់ ទូរទស្សន៍ កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ ស្ថិតក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង​ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ។​
​ ​
​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ការចុះ​បង្ក្រាប​ខាងលើនេះ បន្ទាប់ពី​គេ​ដឹងថា បន​ល្បែង ដុះ​ស្លែ​មួយកន្លែង​របស់លោក​ស្នងកា​រ ស្ថិតនៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដែល​ពួកគេ​បាន​ជួល​ដី​របស់​ក្រុមហ៊ុន LYP ធ្វើ​ទីតាំង ស្ថិតនៅ​ខាងកើត​ក្រៅរបង កាស៊ីណូ កោះកុង​រី​សត ប្រមាណ​៧០០​ម៉ែត្រ​ពុំមាន​អ្នក​ទៅ​ចូល​លេង​ដូច​ធម្មតា ។​
​ ​
​តាម​ពលរដ្ឋ​អះអាងថា ដោយសារតែ​ខឹង​គ្មាន​មនុស្ស​ចូល​លេង​ក្នុង​បន​ល្បែង​ខាងលើនេះ ហើយ​ទើប​លោកស្នងការ​ចេញ​បញ្ជា​ឲ្យ​អធិការ​ក្រុង​ខេមរភូមិន្ទ​ចុះបង្ក្រាប​កន្លែង​លក់​កាហ្វេ​នោះ តែម្តង ដោយហេតុថា អ្នក​ដែល​ធ្លាប់តែ​ទៅលេង​ក្នុង​បន​ល្បែង​ខាងលើ​របស់ លោកស្នងការ​គេ​ឈប់ ទៅលេង​ហើយ បាននាំគ្នា​មក​ភ្នាល់​ជល់​មាន់​តាម ទូរទស្សន៍​នៅ​ហាង​កាហ្វេ​នោះ​វិញ ។​
​ ​
​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ហាង​កាហ្វេ​មួយកន្លែង​ដែល​រង​ការបង្ក្រាប​នោះ គឺ​ម្ចាស់ ហាង​គ្រាន់តែ​បើកហាង​លក់​កាហ្វេ​ធម្មតា​ប៉ុណ្ណោះ ។ ប៉ុន្តែ​អ្នក​ដែល​ចូល​ពិសារ​កាហ្វេ​ក្នុង​ហាង បាន​ឆ្លៀតពេល​នាំគ្នា​ភ្នាល់​ជល់​មាន់​តាម​ទូរទស្សន៍​ដោយ​ទឹកប្រាក់​បន្តិចបន្តួច​ក្នុងន័យ​បន្ធូរ​អារម្មណ៍ ប៉ុណ្ណោះ ហើយក៏​មិនដែល​បង្ក​ការរំខាន ឬ​ជម្លោះ​អ្វី​នោះឡើយ ។ ដូច្នេះ​យើង​មិនអាច​ចាប់កំហុស របស់​ពួកគាត់ ឬ​ម្ចាស់​ហាង​នោះដែរ ព្រោះថា ករណី​ដូចគ្នានេះ​កើតឡើង​ស្ទើរ​ទូទាំងប្រទេស ។​
​ ​
​ប៉ុន្តែ​គេ​ដឹងថា ប្រតិបត្តិការ​នោះ​វា​គ្រាន់តែ​ជា​ឧបាយកល​ខ្មៅ​ងងឹត​របស់​ក្រុម​លោកស្នងការ ដោយសារតែ​គ្មាន​មនុស្ស​ទៅលេង​ក្នុង​បន​ល្បែង​ខុសច្បាប់​របស់ខ្លួន​ប៉ុណ្ណោះ ។ ទន្ទឹម​នោះ​ក៏​ល្បី ផងដែរ​ថា បន​ល្បែង​ដែល​គ្រប់គ្រង​ដោយ​លោកស្នងការ​នោះ គឺ​កន្លងមក​បាន​ប្រើល្បិច​គៀបស៊ី អ្នក​ចូល​លេង​យ៉ាង​ចាស់ដៃ ដូចជា ករណី​ជល់​មាន់​ជាដើម ។ តាម​ការរាយការណ៍​ប្រសិនបើ​មាន់ ជល់​របស់​ក្រុម​ម្ចាស់​បន​ល្បែង​ជល់​ចាញ់ ឬ​ទំនងជា​ចាញ់​នោះ គឺ​អ្នករៀបចំ​ផ្គូរ​ផ្គង់​មាន់​ដែល​គេ ស្គាល់​ថា ជា​ដៃជើង​ម្ចាស់​បន​ល្បែង​នោះ បាន​ប្រើល្បិច​ប្រកាសថា មាន់​មួយគូរ​នេះ​អត់​ប្រកាស លទ្ធផល​នោះទេ ឬ​អាច​និយាយថា ឆាចោល​មិន​ទូទាត់​លុយ ។​
​ ​
​ប្រជាពលរដ្ឋ​ច្រើន​នាក់​ដែល​ធ្លាប់​រងគ្រោះ​នឹង​កលល្បិច​ខាងលើនេះ បាននាំគ្នា​ឈប់​ទៅ លេង​ក្នុង​បន​ល្បែង​នោះ​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​បន​ល្បែង​របស់លោក​ស្នងការ​ស្ទើរតែ​គ្មាន មនុស្ស​ទៅ លេង​ថែមទៀត ។​
​ ​
​មូលហេតុ​នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោកស្នងការ​ឆេះដុំ ហើយ​រិះរក​វិធានការ​ឬ​របាយ​កល តាមរយះ​អំណាច​របស់ខ្លួន ដើម្បី​បង្ក្រាប​តាម​ហាង​កាហ្វេ​តូចតាច​ដោយ​គ្រាន់​តែមាន​អ្នក​ចូល ពិសារ​កាហ្វេ ហើយ​ឆ្លៀត​ភ្នាល់​ជល់​មាន់​តាម​ទូរទស្សន៍ ដើម្បី​កំដរ​អផ្សុក​ទៅវិញ ហើយ​វិធានការ នោះ​គឺ ដើម្បី​គៀង​គូរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ទៅ​ចូល​លេងល្បែង​ជល់​មាន់​ក្នុង​បន​ល្បែង​របស់ខ្លួន​វិញ ដោយ​បង្ហាញថា មានតែ​បន​ល្បែង​របស់ខ្លួន​ប៉ុណ្ណោះ ដែលមាន​សុវត្ថិភាព ព្រោះ​មានច្បាប់ ។​
​ ​
​សូមជម្រាបថា កាលពី រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ ២០១៨ មេប៉ូលីស​ខេត្តកោះកុង បាន​បញ្ជា​អោយកំលាំង​ប៉ូលីស​ក្រុង​ខេមរៈភូមិន្ទ​ម៉ា​ហ្វូង ដឹកនាំ​ដោយ​អធិការ​ឈ្មោះ ហេង លាង ចុះបង្ក្រាប​ទីតាំង​ហាង​លក់​កាហ្វេ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ស្ទឹង​វែង​សង្កាត់​ស្ទឹង​វែង​ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ដែល​អ្នក​ផឹក​កាហ្វេ​ភាគច្រើន​ចូលចិត្ត​លេងល្បែង​ភ្នាល់​គ្នា​តាម​ទូរទស្សន៍ មានដូចជា​វ៉ៃ​បុក ជល់​មាន់ ធ្វើអោយ​អ្នក​ផឹក​ការ​ជាច្រើន​នាក់​ភ័យ​ស្លន់ស្លោរ​រត់​ចែក​ជើង​គ្នា​ចោល​ម៉ូតូ ហើយ​ត្រូវ​សមត្ថកិច្ច​ខាងលើ​លើក​ម៉ូតូ​ដែល​ម្ចាស់​រត់ចោល​នោះបាន​ចំនួន​១៣ គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរៈភូមិន្ទ​។​
​ ​
​ចំណែក​ម្ចាស់​ហាង​កាហ្វេ​ត្រូវ​សមត្ថកិច្ច​កោះហៅ​ទៅធ្វើ​កំណត់ហេតុ និង​ដកហូតយក​ទូរទស្សន៍​មួយគ្រឿង កុំព្យូទ័រ​លេប​ថប​១​និង​តុ​ដែក​១​ហើយ​បង្ខំ​អោយ​ឆ្លើយថា​ខ្លួន​ជា​អ្នកបើក​ទីតាំង​ល្បែងស៊ីសង តែ​ត្រូវ​ម្ចាស់​ហាង​បដិសេធថា​ខ្លួន​មិនបាន​បើក​ល្បែង​ទេ​គឺ​លក់​តែ​កាហ្វេ​ប៉ុណ្ណោះ ព្រោះ​អ្នក​ផឹក​កាហ្វេ​ជា​អ្នកមើល​ទូរទស្សន៍ គេ​ចង់​មើល​ប៉ុ​ស្ត៍​វ៉ៃ​បុក​ឬ​ជល់​មាន់​ហើយ​ភ្នាល់​គ្នា​វា​ជា​រឿង​របស់​ភ្ញៀវ ។​
​ ​
​តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ខណ​នេះ​អធិការ​ក្រុង​ខេមរភូមិន្ទ​បាន​ដោះលែង​ម៉ូតូ ដែល​រិ​ប​អូស​បាន​ពី​ការបង្ក្រាប​ហាង​កាហ្វេ​នោះ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ហើយ ព្រោះតែ​រក​មិនឃើញ ថា ពួកគេ​មាន​កំហុស ឬ​ពុំ​អា​ចរក​ភស្តុ​ង​តាង​ដាក់បន្ទុក​ជនរងគ្រោះ​បាន ។ ប៉ុន្តែ​លោក​អធិការ មិនបាន​ដោះលែង​ដោយ​ស្រួលៗ នោះទេ គឺ​គាត់​បង្ខំ​ឲ្យ​ម្ចាស់​ម៉ូតូ​បង់លុយ​១០០​ដុល្លារ​ក្នុង​មួយ គ្រឿង ( ទាំងអស់​១៣​គ្រឿង ) ជា​ថ្នូរ​នឹង​ការដោះលែង​យក​ម៉ូតូ​មកវិញ ។​
​ ​
​ដូច្នេះ​វា​ជា​អំពើពុករលួយ ឬ​ជាការ​បង្ក្រាប​តាម​កំហឹង ឬក៏​អាច​និយាយថា ជាការ​គៀបសង្កត់​ជាន់ក​ពលរដ្ឋ​បន្ថែមទៀត ពី​សំណាក់​មន្ត្រីនគរបាល​ថ្នាក់ក្រោម ខណដែល​សកម្មភាព​នោះបាន​ដុតបំផ្លាញ​នយោបាយ​ជួយ ពលរដ្ឋ​ជួប​ការលំបាក​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏ដូចជា​មានន័យថា ពួកគេ នាំគ្នា​ដុត​សន្លឹកឆ្នោត CPP ចោល​ជា​បណ្តើរៗ ។​
​ ​
​តាមរយះ​នោះ​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​អគ្គស្នងកា​រ​នគរបាលជាតិ​ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​មេត្តា ស្រាវជ្រាវ​ករណី​ខាងលើនេះ ដើម្បី​ទប់ស្កាត់​សកម្មភាព​ជិះជាន់​ប្រជាពលរដ្ឋ​របស់​មន្ត្រីនគរបាល ថ្នាក់ក្រោម​ជាបន្ទាន់​ផង ក្នុងពេលដែល​សម្តេច ហ៊ុន សែន កំពុងតែ​ថ្នាក់ថ្នម​សភាពការន​យោ បាយ​តាមរយះ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ ។​
​ ​
​ពាក់ព័ន្ធ​ការរិះគន់​ខាងលើ ភ្នំពេញ​ថ្មី​នៅ​មិនទាន់​អាច​សុំ​ការបកស្រាយ ឬ​បំភ្លឺ​ពី​លោកស្នងការ​ខេត្តកោះកុង​ក៏ដូចជា​មន្ត្រីនគរបាល​ពាក់ព័ន្ធ​នៅឡើយ​ទេ ។ ប៉ុន្តែ​យើង​នឹង​ព្យាយាម​គ្រប់​លទ្ធភាព ដើម្បី​ស្វែងរក​ការបកស្រាយ​ពី​លោកស្នងការ ឬ​មន្ត្រី​ពាក់ព័ន្ធ ហើយ​រាយការណ៍​ជូន​ប្រិយមិត្ត​អ្នកតាមដាន​នៅពេល​បន្ទាប់​ទៀត ៕
​ ​

 

44478084_952777654913145_8968859116776718336_n 44376069_280887629424243_6655356114994987008_n

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130