ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រះវេស្សន្តរឆ្នាំ២០០០ លោកតា គង់ លន់ ធ្វើបណ្តាំចុងក្រោយ ដោយសុំឲ្យយកសពទៅតម្កល់ក្នុងពាងជាមួយសពពស់កេងកង

ខេត្តកណ្តាល ៖ គេប្រហែលជា មិនទាន់ភ្លេចនៅឡើយទេ ដែលកាល ពីជាង២០ឆ្នាំមុន លោកតា គង់ លន់ ឬព្រះវេស្សន្តរឆ្នាំ ២០០០ បានបង្ហាញនូវការភ្ញាក់ផ្អើល និងល្បីល្បាញក្នុងស្រទាប់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងអ្នកសារព័ត៌មានផងដែរ អំពីការលះបង់ភរិយាជាទីស្រឡាញ់របស់លោកទៅឲ្យបុរសផ្សេងទៀតដែលជារឿងមិននឹកស្មានដល់ទាល់តែសោះ ។

ផ្តើមពីការលះបង់ភរិយាជាទីស្រឡាញ់ រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៅឲ្យបុរសផ្សេងទៀត ដែលបង្ហាញពីការដាក់ទានដោយចិត្តសប្បុរសជ្រះថ្លា គ្មានការអាឡោះអាល័យ       សូម្បីតែតណ្ហាក៏លោកបានលះបង់ដែរនោះ លោកតា គង់ លន់ ត្រូវបានសាធារណជន បានប្រសិទ្ធនាមឈ្មោះថ្មីដល់លោកថា « ព្រះវេស្សន្តឆ្នាំ២០០០ » ចាប់ពីពេលនោះមកដល់សព្វថ្ងៃនេះ ។

លោកតា គង់ លន់ ឬ ព្រះវេស្សន្តរឆ្នាឆំា២០០០ ដែលមានជន្មាយុជាង៦០ឆ្នាំហើយនោះ គឺជាអ្នកស្នងបរមីដ៏ល្បីល្បាញរាប់ទសវត្ស និងមិនសាបរលាបក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋអ្នកមុខអ្នកការ ឧកញ៉ា គហិបតី មន្ត្រីរាជការ រាប់សែន រាប់លាននាក់នៅតែបន្តនាំគ្នាទៅបន់ស្រន់ និងសុំឲ្យបរមីស្នងរូបលោកតា គង់ លន់ បំភ្លឺអំពីជោគវាសនាក្នុងការប្រកបមុខរបររកស៊ី ហើយជួយលើកជោគជាតារាសីមុខមាត់ បុណ្យសក្កិតាមអ្វីដែលពួកគេចង់បានថែមទៀត ។ អាចនិយាយថា លោកតា គង់ លន់ បានសាងភាពល្បីល្បាញ ឬជំនឿដល់បងប្អូនប្រជា ពលបានយូរអង្វែង ហើយកាន់តែល្បីរន្ទឺខ្លាំងឡើងខុសប្លែកពីអ្នកស្នងរូប ឬស្នងបរមីផ្សេង ៗ ទៀត ដែលគេសង្កេតឃើញថា មានភាពល្បីល្បាញ ឬសាងជំនឿតែក្នុងរយៈពេលខ្លីប៉ុណ្ណោះក៏សាបរលាបទៅវិញ ។

ពាក់ព័ន្ធអ្វីដែលបានលើកឡើងខាងលើនេះ លោកតា គង់ លន់ ធ្លាប់មានប្រសាសន៍ថា លោកតាបានរក្សាយ៉ាងខ្ជាប់ខ្ជួននូវភាពសុច្ចរិត សច្ចៈ ទៀងត្រង់ មិនលោភលន់ មិនប្រមាថគោរពប្រតិបត្តិបានត្រឹមត្រូវនូវពុទ្ធឱវាទ រួមទាំងការលះបង់នូវកាមកិលេសដែលបានដិតនៅជាប់នឹងអារម្មណ៍មនុស្សគ្រប់រូប ។ ដូច្នេះហើយទើបធ្វើឲ្យលោកតានៅតែរក្សាបាននូវជំនឿមិនថមថយពីបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ស្គាល់និងមានជំនឿទៅលើបរមីរបស់លោកតា គង់ លន់ មានការភ្ញាក់ផ្អើលជាខ្លាំងនោះគឺលោកតា​ គង់ លន់ ឬព្រះវេស្សន្តរឆ្នាំ២០០០ បានធ្វើជាបណ្តាំចុងក្រោយមួយសម្រាប់ក្រុមគ្រួសារ រួមទាំងអ្នកថែរក្សានៅជុំវិញ លោកថា « ពេលលោកស្លាប់ទៅ សូមតម្កល់សពលោកក្នុងពាង រួមជាមួយសពពស់កេងកង » ខណដែលបណ្តាំនោះត្រូវបានគ្រួសារសាច់ញាតិរួមទាំងអ្នកថែរក្សាលោកកត់ត្រា និងចងចាំ ហើយសន្យាថា នឹងធ្វើតាមបណ្តាំរបស់លោក ។

មកដល់ត្រង់នេះ យើងសូមរំលឹកអំពីប្រវត្តិសពពស់កេងកងឡើងវិញបន្តិច ដើម្បីអ្នកតាមដានព័ត៌មានចាប់អារម្មណ៍ និងយល់ដឹងច្បាស់ថា តើអ្វីទៅជាសត្វពស់កេងកង ហើយសពពស់កេងកងមានប្រវត្តិយ៉ាងដូចម្តេចជាមួយលោកតាគង់ លន់ ។

លោកតា គង់ លន់ បានរម្លឹកថា ក្រោយពេលដែលលោកសាងបរមី ហើយមានភាពល្បីល្បាញ រហូតបានសាងនូវប្រាសាទដ៏ធំស្ពឹមស្កៃនោះលោកតាបានទទួលសត្វពស់ថ្លាន់មួយក្បាលពីម្ចាស់ភោជនីយដ្ឋាននាគទិព្វយកមកថ្វាយលោក ព្រោះថា សត្វពស់ថ្លាន់នេះមានទម្ងន់ធ្ងន់ រូបរាងធំវែង ហើយកាចថែមទៀត ។ លោកថា ដោយមានឧបនិស្ស័យពីអតីតជាតិលោកក៏បានទទួលយកសត្វពស់ថ្លាន់មួយក្បាលនេះយកមកចិញ្ចឹម ហើយចាត់ទុកជាកូនរបស់លោកថែមទៀត ។ លោកថា ពេលមកដល់ដំបូងសត្វពស់ថ្លាន់នេះកាចណាស់គ្មានអ្នកណាហ៊ានចូលជិតវាទេ ។ ប៉ុន្តែថ្ងៃមួយលោកតាបានដើរទៅជិតសត្វពស់ថ្លាន់នោះ ហើយបាននិយាយថា.. បើឯងចង់រស់នៅជាមួយ « ឪពុក » នោះចូរអ្នកកុំកាចដូចពេលនេះអី…. ហើយបើនៅតែកាចដូច្នេះឪពុកនឹងយកកូនទៅនៅកន្លែងផ្សេងទៀតហើយ .. ហើយចាប់ពីពេលនោះមកសត្វពស់ថ្លាន់មួយក្បាលនេះបានផ្លាស់ប្តូរពីកាចទៅជាស្លូត ហើយសូម្បីតែក្មេងៗ ទៅអង្អែលក្បាលវាក៏សម្ងំស្ងៀមដែរ ។

ក្រោយមកភាពល្បីល្បាញរបស់សត្វពស់ថ្លាន់មួយក្បាលនេះបានឬដល់ផលិតករភាពយន្ត ម្នាក់ ហើយក៏បានមកទាក់ទងលោកតា គង់ លន់ ដើម្បីស្នើសុំសត្វពស់ថ្លាន់នេះទៅថតខ្សែភាពយន្តរឿង « ពស់កេងកង » ហើយលោកក៏យល់ព្រម ។

លោកតា គង់ លន់ បានរៀបរាប់បន្តថា ភាពយន្តរឿងពស់កេងកងនោះមានភាពល្បីល្បីណាស់ជំនាន់នោះ ហើយតាមរយៈនៃការថតភាពយន្តនោះទើបធ្វើឲ្យសត្វពស់ថ្លាន់មួយក្បាលនេះកាន់តែមានភាពល្បីរន្ទឺ ផ្អើលដល់ប្រជាពលរដ្ឋទូទាំងប្រទេសមកមើលសត្វពស់ថ្លាន់នេះយ៉ាងគគ្រឹគគគ្រេងមិនលោះថ្ងៃនោះឡើយ ។ ចាប់ពីពេលនោះមកសត្វពស់ថ្លាន់មួយក្បាលនេះត្រូវបានគេហៅគ្រប់ៗគ្នាថា « ពស់កេងកង » រហូតមក ។

លោកតា គង់ លន់ បានបញ្ជាក់ថា ក្រោយពេលដែលលោកបានកសាងប្រាសាទឈ្មោះ « ប្រាសាទភិមានផុសអណ្តែតឥន្ទ្រព្រហ្មបុរីស្រីព្រះវេស្សន្តរ ឥន្ទបត្តបូរីស្រីអយុធ្យា » រួចរាល់មកនាអំឡុងឆ្នាំ២០០០ លោកក៏បានសុំយាងព្រះមហាក្សត្រមកសម្ពោធ ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ ប៉ុន្តែលោកទទួលព័ត៌មានបឋមថា ព្រះមហាក្សត្រមិនបានយាងមកទេ ដោយមានតំណាងព្រះអង្គមកចូលរួមជាអធិបតីជំនួសវិញ ។

លោកថា ក្រោយទទួលបានព័ត៌មានខាងលើនេះលោកតាបាននិយាយប្រាប់បងប្អូននៅជំវិញលោកថា ប្រសិនបើមិនបានព្រះមហាក្សត្រព្រះអង្គយាងមកសម្ពោធទេនោះ លោកនឹងស្លាប់ហើយ ព្រោះលោកចង់បានព្រះមហាក្សត្រយាងមកសម្ពោធដោយមិនចង់បានតំណាងព្រះអង្គនោះទេ ។ លោកបន្តថា ក្រោយពេលដែលលោកនិយាយដូច្នេះ លុះយប់ឡើងក៏ស្រាប់តែយល់សប្តិឃើញពស់កេងកងនោះចេះនិយាយ ហើយបាននិយាយប្រាប់លោកថា « ឪកុំស្លាប់អី… ខ្ញុំស្លាប់ជំនួសឪវិញ… » ។

លោកតា គង់ លន់ បានបញ្ជាក់បន្ថែមថា លុះស្អែកឡើងក៏ស្រាប់តែលោកឃើញពស់កេងកងរមួលខ្លួនក្នុងទឹកអូរមុខប្រាសាទបែកទឹកសម្ពោងបង្កឲ្យមានការភ្ញាក់ផ្អើល រហូតស្លាប់តែម្តង ។ លោកថា ដោយអាណិតស្រឡាញ់ និងទុកសត្វពស់កេងកងជាកូននោះលោកបានរៀបចំពិធីបុណ្យសពពស់កេងកង រហូត៧យប់៧ថ្ងៃ ហើយក៏មានប្រជាពលរដ្ឋ មន្ត្រីរាជការ រួមទាំងតារាសម្តែងរាប់ពាន់រាប់ម៉ឺននាក់មកចូលរួមបុណ្យដែលធ្វើឲ្យពិធីបុណ្យមានភាពអធិកអធមមែនទែន ។

លោកតា គង់ លន់ បានឲ្យដឹងថា លោកបានធ្វើបណ្តាំរួចហើយ ទាំងកូន ទាំងចៅ ទាំងញាតិញ៉ោម និងប្រជាពលរដ្ឋដែលមានជំនឿលើលោកថា « ប្រសិនបើលោកស្លាប់ទៅសូមយកសពលោកដាក់ក្នុងពាងមួយ ហើយយកសពពស់កេងកងដាក់ក្នុងពាងនោះជាមួយផង» ។ បណ្តាំនោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលបន្ថែមទៀតសម្រាប់កូនចៅ រួមទាំងប្រជាពលរដ្ឋច្រើនលើសលុបដែលកំពុងមានជំនឿលើលោកតា គង់ លន់ ហើយពួកគេសុទ្ធតែបានសន្យាថា នឹងគោរពធ្វើតាមបណ្តាំលោក ។

គួរំលឹកថា លោកតា គង់ លន់ ដែលកំពុងមានភាពល្បីល្បាញខ្លាំងតាំងពីជាង៤០មុន រហូតសព្វថ្ងៃនេះ លោកកំពុងគង់នៅក្នុងប្រាសាទ« ភិមានផុសអណ្តែតឥន្ទ្រព្រហ្មបុរីស្រីព្រះវេស្សន្តរ ឥន្ទបត្តបូរីស្រីអយុធ្យា »ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានចម្ងាយពីភ្នំពេញប្រមាណជាង២៤គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ១ ហើយបើគេធ្វើដំណើរពីភ្នំពេញទៅប្រាសាទលោកតា គង់ លន់ ស្ថិតនៅខាងឆ្វេងដៃ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130