ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​ជំនាញ​អះអាងថា ប្រាង្គ​ប្រាសាទ បុរាណ​ដ្ឋា​ន​ចំនួន​៨៥៧​ទីតាំង​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ​

លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុងចំណោម​ប្រាង្គ​ប្រាសាទ បុរាណ​ដ្ឋា​ន​សរុប​ជាង ៥៣០០ កន្លែង​នៅ​ទូទាំងប្រទេស​ក្នុងនោះ បុរាណ​ដ្ឋា​ន ប្រាង្គ​ប្រាសាទ​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ​សរុប​មាន​ចំនួន ៨៥៧ ទីតាំង ក្នុងនោះ ៤២៦ បុរាណ​ដ្ឋា​ន​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​«​ភ្នំ​គូលែន​»​។ លោក​បន្តថា ចំនួន​បុរាណ​ដ្ឋា​ន​នៅក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​អាច នៅមាន​ច្រើន​ទៀត​ដែល​ស្ថិតក្នុង​ព្រៃ​ជ្រៅ​មិនទាន់​រកឃើញ​។​

អ្នកនាំពាក្យ​រូប​នោះបាន​បន្ថែមថា ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ចម្រុះ​កម្ពុជា​បច្ចុប្បន្ន​មាន​សរុប​មាន​ចំនួន​ជាង ៧០ ទីតាំងនៅ​ក្នុង​ខេត្ត​ចំនួន ២១ ក្នុងចំណោម​ខេត្ត​រាជធានី ២៥ របស់​កម្ពុ​ជាមាន​ផ្ទៃដី​សរុប​ទំហំ ៧៣​លាន​ហិកតា ស្មើ​ប្រមាណ ៤១%​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​។ លោក​ថា តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​មិន​ត្រឹមតែ​សម្បូណ៌​ដោយ​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និង​រុក្ខជាតិ​តូចធំ​ដែលមាន​តម្លៃ​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិរក្ស​ជីវៈចម្រុះ​នោះទេ តែ​ក៏មាន​បុរាណ​ដ្ឋា​ន​ដែលជា​ជង្រុក​នៃ វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​របស់​ជាតិ​សាសន៍​ខ្មែរ​ដ៏​សម្បូណ៌​បែប​។

លោក នេត្រ ភក្ត្រា​បាន​ឲ្យ​ដឹង​ទៀតថា ក្រសួងបរិស្ថាន​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុងការ​ការពារ និង​អភិរក្ស​បុរាណ​ដ្ឋា​ន​ទាំងនេះ​។​លោក​បញ្ជាក់ថា ក្រសួងបរិស្ថាន​មាន​យុត្តាធិការ​លើ​ការគ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស ចំណែក​ក្រសួង​វប្បធម៌​និង​វិចិត្រ សិល្បៈ​មាន​តួនាទី​ក្នុងការ​អភិរក្ស​ការពារ​បុរាណ​ដ្ឋា​ន​និង​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់ការពារធម្មជាតិ​ទាំងនោះ​ដូចជា​ការជួសជុល តំហែទាំ​ជាដើម​។ លោ​កថា​នេះ​គឺជា​កិច្ចសហការ​មួយ​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុងនាម​រាជរដ្ឋាភិបាល​ដើម្បី​ការពារ​និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​ផង និង​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ផង​ដែលមាន​តម្លៃ​មហាសាល​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។

លោក​រដ្ឋលេខាធិការ​ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា ប្រាង្គ​ប្រាសាទ​និង​បុរាណ​ដ្ឋា​ន​ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​នឹង​ធនធានធម្មជាតិ ខណដែល​បុរាណ​ដ្ឋា​ន​ទាំងនេះ​បាននិងកំពុង​ក្លាយជា​តំបន់​ទេសចរណ៍​យ៉ាងសំខាន់​ផ្សារភ្ជាប់​នឹង​ទេសចរណ៍ធម្មជាតិ និង​បាន​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដូចជា​ប្រាសាទ​ជាំ​ស្រម​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ដែលជា​ការផ្សារភ្ជាប់រ​វា​ង​ទេសចរណ៍​សត្វ​ស្លាប​និង​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ពលរដ្ឋ​ខ្មែរ​។​

ទន្ទឹម​នោះ​ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ទាំងឡាយ​ដែល​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​ដែល មាន​បុរាណ​ដ្ឋា​ន​និង​ប្រាសាទបុរាណ សូម​ចូលរួម​ការពារ​និង​អភិរក្ស​ឱ្យ​បានល្អ​ដើម្បី​ថែរក្សា​កេរ​មរតក​ដូនតា​ខ្មែរ​ឱ្យនៅ​គង់វង្ស និង​អាច​ផ្តល់​ផលប្រយោជន៍​ទាំង​ការសិក្សា​ស្រាវជ្រាវ​ផ្នែ​បុរាណ វិទ្យា​និង​ការសិក្សា​ស្វែងយល់​ពី​ប្រពៃណី​វប្បធម៌​ទំនៀមទម្លាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130