ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​គម្រោង​ជួសជុល​បណ្ណាល័យ​ខាងត្បូង​ប្រាសាទព្រះខ័ន​

​យោ​ម​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា បណ្ណាល័យ​ខាងត្បូង​នៃ​ប្រាសាទព្រះខ័ន បានបញ្ចប់​ការជួសជុល​នៅក្នុង​ខែឧសភា ឆ្នាំ​២០២១​នេះ ដោយ​អជ្ញាធរ​ជាតិ​អ​ប្សា​រា​។

លោក ជា សារិទ្ធ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​បានឱ្យដឹងថា បណ្ណាល័យ​នេះ​មាន​សភាព​ទ្រុឌទ្រោម ហើយ​ទ្រេត​ខ្លាំង​ទៅ​ជ្រុង​ខាងត្បូង​ដោយសារ​គ្រឹះ​ចុះខ្សោយ និង​ដើម​ស្ពង់​ធំ​ដុះ​ពីលើ​ដំបូល​ធ្វើឱ្យ​ប្រេះស្រាំ​បើកចំហរ​ធំ​ចាប់ពី​ផ្នែក​ដំបូល​រហូតដល់​ខឿន​ដែល​អាច​ប្រឈម​នឹង​ការដួលរលំ​។​

បុរាណ​វិទូ​រូបនេះ​បញ្ជាក់ថា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២០ រហូតដល់​ខែឧសភា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក World Monuments Fund (WMF) ធ្វើ​សម្រង់​ប្លង់​និង​សិក្សា​យ៉ាង​ម៉ត់ចត់​ពី​ស្ថានភាព​គ្រោះថ្នាក់ រួមទាំង​ការធ្វើ​កំណាយ​បុរាណវិទ្យា ដើម្បី​ពិនិត្យ​ស្ថានភាព​គ្រឹះ​របស់​ប្រាសាទ​។ គម្រោង នេះ​ប្រើ​រយៈពេល​ប្រហែល​១៥​ខែ ត្រូវ​រុះរើ​ថ្ម ជួសជុល​ពង្រឹង​គ្រឹះ និង​រៀប​ផ្គុំ​តាម​ផ្នែក​ដែល​ខូចខាត​ឡើងវិញ​។​

ក្រោយពេល​បញ្ចប់​ការជួសជុល​បណ្ណាល័យ​ខាងត្បូង​នៃ​ប្រាសាទព្រះខ័ន​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា មាន​ផែនការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​អាគារ​ព្រះ​ឥសូរ និង​ជួសជុល​កំពង់ទឹក​នៅ​ខាងកើត​ព្រះខ័ន​។​

ក្រៅពីនោះ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​លើ​គម្រោង​ធ្វើ​ផែនទី​ហានិភ័យ ដើម្បី​កំណត់​ទីតាំង​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ និង​កំណត់​គោលដៅ​ជួសជុល​នៅ​កន្លែង​អាទិភាព​៕ អត្ថបទ​៖ លោក យី សុថា រូបភាព​: លោក ហាប់ គឹម​អាន និង​លោក ជា សា​រិ​ទ្ធិ​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130