ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេ​ង សាខុន បង្ហាញ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ការកសាង​សមត្ថភាព​បន្សាំ​តាមរយៈ​ការពង្រីក​បច្ចេកវិទ្យា​ថាមពល​កកើត​ទ្បើង​វិញ នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​

​នៅថ្ងៃនេះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក លោក វេ​ង សាខុន បានបង្ហាញ​អំពី វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី​១០៖ គម្រោង ការកសាង​សមត្ថភាព​បន្ស៊ាំ តាមរយៈ​ការពង្រីក​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia Project, S-RET)​។​

តាម​លោក​រដ្ឋមន្ត្រី S-RET គឺជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​អនុវត្ត​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​មូលនិធិ​បរិស្ថាន​ពិភពលោក (GEF) តាមរយៈ​មូលនិធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ។ លោក​ថា​គោលដៅ​របស់​គម្រោង គឺ​ធ្វើឱ្យ​កាន់តែ​ប្រសើរ​នូវ​ជីវភាព​រស់នៅ​រប​ស់​កសិករ​ក្រីក្រ​តាម​ជនបទ​នៃ​ខេត្ត​គោលដៅ​ចំនួន ៥ គឺ​ខេត្តកំពត កណ្ដាល ព្រៃវែង ស្វាយរៀង និង​ខេត្តតាកែវ តាមរយៈ​ការពង្រីក​ឱ្យ​កាន់តែ​ទូលំទូលាយ​នូវ​ការទទួលយក និង​ប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ (Renewable Energy Technology, RET) ក្នុងការ​គាំទ្រ​ការផលិត ការកែច្នៃ និង​ការធ្វើ​អាជីវកម្ម​កសិកម្ម​រប​ស់​កសិករ​។​

លោក វេ​ង សាខុន បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​នេះ​ក៏បាន​ពង្រីក​ទៅ​ខេត្ត​ទាំងអស់​ដែល​គាំទ្រ​ដោយ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ដែល​កម្មវិធី​នេះ​កំពុង​អនុវត្ត​សកម្មភាព​នៅ​ទូទាំងប្រទេស កម្ពុជា​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា​គម្រោង S-RET មាន​រយៈពេល ៥ ឆ្នាំ គឺ​ចាប់ផ្តើម​អនុវត្ត​ពី​ខែតុលា ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០២១ (​រួមទាំង​ការពន្យារ​ការអនុវត្ត​គម្រោង​រយៈ ៦ ខែ ដោយសារ​បញ្ហា​កូ​វីដ ១៩) ដោយ​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ៤,៦ លាន​ដុល្លា​អាមេរិក​។​

លោក​រដ្ឋមន្ត្រី​ថ្លែងថា គោលបំណង​សំខាន់​របស់​គម្រោង​គឺ​គាំទ្រ និង​ជំរុញឱ្យមាន​ការប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ ក្នុង​ផលិតកម្ម​កសិកម្ម និង​ការកែច្នៃ​កសិផល​របស់​កសិករ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ដែលមាន​ប្រភព​មិន​ស្ថិតស្ថេរ ដូចជា​ប្រេងឥន្ធនៈ ធ្យូងថ្ម និង​ចរន្តអគ្គិសនី​ពី​បណ្ដាញ​រដ្ឋ ដែល​សុទ្ធសឹងតែ​ត្រូវ​ចំណាយ ថវិកា​គ្រួសារ​សម្រាប់​ការប្រើប្រាស់​។ លើសពីនេះ​ទៀត ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ បានផ្ដល់​អត្ថប្រយោជន៍​មហាសាល​ដល់​សុវត្ថិភាព និង​សុខមាលភាព​សង្គម​ផងដែរ​។​

លោក​បញ្ជាក់​បន្ថែមទៀត​ថា គម្រោង​មាន ២ សមាសភាគ​គឺ​៖
​សមាសភាគ​ទី ១៖ ការជំរុញ​ប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ​ក្នុង​ផលិតកម្ម​កសិកម្ម និង​ការកែច្នៃ​កសិផល​
​សមាសភាគ​ទី ២៖ ការកសាង​គោលនយោបាយ​គាំទ្រ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ ក្នុង​វិស័យ​កសិកម្ម​។​

ចំពោះ​ការអនុវត្ត​សកម្មភាព​គម្រោង​ក្នុង​សមាសភាគ​ទី ១ បាន​ដំណើរការ​ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​វិស័យ​ឯកជន និង​អង្គភាព​ជំនាញ​ទាំងឡាយ​ដែល​បាននិងកំពុង​ធ្វើ​អាជីវកម្ម​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ ក្នុង​វិស័យ​កសិកម្ម ដោយ​ត្រូវបាន​បែង​ចែកជា​ពីរ​ដំណាក់កាល គឺ​៖
​ក​. ការធ្វើ​ពិសោធន៍ និង​ធ្វើ​បង្ហាញ​ឲ្យ​កសិករ​ទទួលបាន​ផល​លើ​ការដាំដុះ ចិញ្ចឹម និង​កែច្នៃ​កសិផល ដោយផ្ទាល់ ដោយ​ប្រើប្រាស់​ថវិកា​ហិរញ្ញប្បទាន​របស់​គម្រោង ។ សម្រាប់​សកម្មភាព​នេះ មាន​ក្រុមហ៊ុន និង​អង្គភាព​ចំនួន ៩ ចូលរួម​អនុវត្ត គឺ​៖
១. ក្រុមហ៊ុន EcoSun បាន​ដំឡើង​ម៉ូ​ទ័​រ​បូមទឹក​ចល័ត ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ៤០ គ្រឿង ជូន​ដល់​កសិករ​ចំនួន​៤០ គ្រួសារ​,
២. ក្រុមហ៊ុន KOSOL/LES បាន​ដំឡើង​ឧបករណ៍​ហា​លស​ម្ងួ​ត ប្រើ​ថាមពលព្រះអាទិត្យ​ចំនួន ៣០ គ្រឿង ជូន​ដល់​កសិករ​ចំនួន ៣០ គ្រួសារ​,
៣. ក្រុមហ៊ុន GIC បាន​ផ្គត់ផ្គង់​ភ្ញាស់​ស៊ុតមាន់ ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ២៤ គ្រឿង ជូន​ដល់​កសិករ​ចំនួន ២៤ គ្រួសារ​,
៤. ក្រុមហ៊ុន KGC បាន​ផ្គត់ផ្គង់​ឧបករណ៍​ផលិត​ធ្យូង​អនាម័យ​សម្រាប់​កម្តៅ​កូន​មាន់ ចំនួន ១៣០ គ្រឿង ជូន​ដល់​កសិករ​ចំនួន ១៦៥ គ្រួសារ​,
៥. ក្រុមការងារ​សកលវិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម (RUA) បាន​ផ្គត់ផ្គង់​ប្រ​ព័​ន្ឋ​កម្តៅ​ទឹក​សម្រាប់​លាង​សម្អាត​បន្លែ និង​ផ្លែឈើ ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ១៥ គ្រឿង សម្រាប់​កសិករ ១៥ គ្រួសារ​
៦. ក្រុមហ៊ុន SOGE បាន​ផ្គត់ផ្គង់ ប្រ​ព័​ន្ឋ​ដាំ​ដំណាំ​លើទឹក ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ២១ គ្រឿង ជូន​ដល់​កសិករ​ចំនួន ២១ គ្រួសារ​,
៧. ក្រុមហ៊ុន NRG បាន​ផ្គត់ផ្គង់​ឧបករណ៍​ភ្ញាស់ និង​ចិញ្ចឹម​ចង្រិត ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ១៥ គ្រឿង ជូន​ដល់​កសិករ​ចំនួន ១៥ គ្រួសារ​,
៨. ក្រុមហ៊ុន SE បាន​ផ្គត់ផ្គង់​ម៉ាស៊ីន​កិន​ចំណី​សត្វ និង​ប្រអប់​ត្រជាក់ ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ចំនួន ១៥ គ្រឿង ជូន​ដល់​កសិករ​ចំនួន ១៥ គ្រួសារ​,
៩. ក្រុមហ៊ុន HIC បាន​ផ្គត់ផ្គង់​ថាមពលព្រះអាទិត្យ និង​ជីវឧស្ម័ន សម្រាប់​ដំណើរការ​ទីសត្តឃាតរ​បស់​សហគមន៍ ចំនួន ១០ គ្រឿង ជូន​ដល់​អ្នកទទួលផល​ចំនួន ៥០ គ្រួសារ ។​

​ខ​. លទ្ធផល​នៃ​ការធ្វើ​ពិសោធន៍ និង​អនុវត្ត​បង្ហាញ​ផ្ទាល់​របស់​ក្រុមហ៊ុន​/​អង្គភាព​ជំនាញ​ខាងលើនេះ ត្រូវបាន​ពិនិត្យ និង​វាយតម្លៃ​ជា​បន្តបន្ទាប់ ដោយ​អ្នកជំនាញ​បរទេស និង​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​សំខាន់ៗ រួមមាន ៖ ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ការទទួលយក របស់​កសិករ​ជាដើម ។​

លោក​រដ្ឋមន្ត្រី​បន្តថា ក្រុមហ៊ុន​/​អង្គភាព​ជំនាញ​ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​វាយតម្លៃ​នេះ ត្រូវ​បានទទួល​ការគាំទ្រ និង​ឧបត្ថម្ភ​ពី​គម្រោង​នូវ​ថវិកា​ហិរញ្ញប្បទាន​សម្រាប់​ប្រើប្រាស់​ជា​ទុនវិនិយោគ ក្នុងការ​ពង្រីក​បច្ចេក​វិទ្យា​ថាមពល​កកើតឡើង​វិញ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជូន​ដល់​កសិករ​ដទៃទៀត ដោយមាន​ការរៀបចំ​ជា​បណ្ដាញ​លក់ និង​សេវា​ក្រោយពេល​លក់​ជាដើម ដើម្បី​ធ្វើ​ឲ្យ​កសិករ​ងាយ​ទទួលយក​ទៅប្រើ​ប្រាស់​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​ទំនុកចិត្ត​។​

លោក​ថា ក្រុមហ៊ុន និង​អង្គភាព​ដែល​ទទួលបាន​ជោគជ័យ ហើយ​ទទួលបាន​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​ពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ​ទាំងនោះ រួមមាន​៖
១. ក្រុមហ៊ុន IMB បាន​ផ្គត់ផ្គង់​ម៉ូ​ទ័​រ​បូមទឹក ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ៥២៩ គ្រឿង សម្រាប់​កសិករ​ទទួល​ផល​ចំនួន ២៤២៩ គ្រួសារ​
២. ក្រុមហ៊ុន EDM/PB បាន​ផ្គត់ផ្គង់​ទូ​ភ្ញាស់​ស៊ុតមាន់ ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ១៩៥ គ្រឿង សម្រាប់​កសិករ​ទទួល​ផល​ចំនួន ៨០៩ គ្រួសារ​
៣. ក្រុមហ៊ុន EcoSun បាន​ផ្គត់ផ្គង់​ម៉ូ​ទ័​រ​បូមទឹក​ចល័ត ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ៦៤០ គ្រឿង សម្រាប់​កសិករ​ទទួល​ផល​ចំនួន ២ ២៣២ គ្រួសារ​
៤. ក្រុមហ៊ុន KOSOL/LES បាន​ផ្គត់ផ្គង់​ឧបករណ៍​ហា​លស​ម្ងួ​ត ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ៧១ គ្រឿង សម្រាប់​កសិករ​ទទួល​ផល​ចំនួន ៧១ គ្រួសារ​
៥. ក្រុមហ៊ុន GIC បាន​ផ្គត់ផ្គង់​ទូ​ភ្ញាស់​ស៊ុតមាន់ ប្រើ​ថាមពលព្រះអាទិត្យ ចំនួន ៥៨ គ្រឿង សម្រាប់​កសិករ​ទទួល​ផល​ចំនួន ៤១៣ គ្រួសារ​
៦. ក្រុមហ៊ុន KGC បាន​ផ្គត់ផ្គង់​ធ្យូង​អនាម័យ សម្រាប់​កម្តៅ​កូន​មាន់ ចំនួន ៧៥០ គ្រឿង សម្រាប់​កសិករ​ទទួល​ផល​ចំនួន ៩១៥ គ្រួសារ​
៧. ក្រុមហ៊ុន SE បាន​ផ្គត់ផ្គង់​ម៉ាស៊ីន​កិន​ចំណី​សត្វ និង​ប្រអប់​ត្រជាក់ ប្រើ​ថាមពល ព្រះអាទិត្យ ចំនួន ៧០ គ្រឿង សម្រាប់​កសិករ​ទទួល​ផល​ចំនួន ៧០ គ្រួសារ​
៨. ក្រុមហ៊ុន NBP បាន​ផ្គត់ផ្គង់​ឡ​ជីវឧស្ម័ន ចំនួន ២ ៦១៣ គ្រឿង សម្រាប់​កសិករ​ទទួល​ផល​ចំនួន ២ ៦១៣ គ្រួសារ ។​

ដោយ​ទ្បែ​ក​សកម្មភាព​គម្រោង​ក្នុង​សមាសភាគ ទី ២ ត្រូវបាន​អនុវត្ត ដោយមាន​ការចង្អុលបង្ហាញ​ពី​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​ឆ្លើយតប​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (TWG-CCAFF) ហើយ​បានរៀបចំ ៖
 សេចក្តីព្រាង​គោលនយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី “ ការលើកកម្ពស់ ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ក្នុង​វិស័យ​កសិកម្ម​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០៣០ ”
 សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ខាងលើ​
 សេចក្តីព្រាង​កម្មវិធីសិក្សា​មុខវិជ្ជា​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ ដើម្បី​បញ្ជ្រាប​ចូលក្នុង​កម្មវិធីសិក្សា តាម​មហាវិទ្យាល័យ​នានា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សាស្ត្រាចារ្យ​នៃ​គ្រឹះស្ថាន ឧ​ត្ត​ម​សិក្សា​កសិកម្ម ទាំង ៣ ខាងលើ​។​

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ដែរ​ថា រហូតមកដល់​ពេលនេះ គម្រោង​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៤,៣០ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៩៤% នៃ​ថវិកា​សរុប ចំនួន ៤,៦០ លាន​ដុល្លារ​អាមេរិក ដោយ​សម្រេច​ជោគជ័យ​បាន​ប្រមាណ ៩៨% នៃ​លទ្ធផល​ដែល​បានគ្រោង​។ ទន្ទឹមនឹងនេះ កសិករ​ដែល​ទទួលបាន​ផល បាន​ពេញ​ចិត្តនឹង​ទទួល​នូវ​បច្ចេកវិទ្យា​ទាំងអស់​ខាងលើ ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ​កសិកម្មរ​បស់​ពួកគាត់​។​

​លទ្ធផល​សំខាន់ៗ ផ្សេងទៀត ដែល​គម្រោង​សម្រេចបាន មានដូចជា​៖
 បាន​ចងក្រង និង​ផ្សព្វផ្សាយ​ឯកសារ​បច្ចេកទេស​តាម​បច្ចេកវិទ្យា​នីមួយៗ រួមមាន ៖ ម៉ូ​ទ័​រ​បូមទឹក ទូ​ភ្ញាស់​ស៊ុតមាន់ ម៉ាស៊ីន​កែច្នៃ​ចំណី​សត្វ ឧបករណ៍​ហា​លស​ម្ងួ​ត ប្រព័ន្ធ​កម្តៅ​ទឹក​សម្រាប់​ត្រាំ និង​លាង​សម្អាត​បន្លែ និង​ផ្លែឈើ និង​ការដាំ​បន្លែ​លើទឹក ប្រើ​ថាមពលព្រះអាទិត្យ និង​ធ្យូង​អនាម័យ​សម្រាប់​ដុត​កម្តៅ​កូន​មាន់​
 បាន​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម និង​មន្ត្រី​ជំនាញ​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ២៥ រាជធានី ខេត្ត សរុប ៣៥ នាក់ (​ស្ត្រី ៥ នាក់​)
 បាន​បែងចែក​ឧបករណ៍​កសិកម្ម ប្រើ​ថាមពលព្រះអាទិត្យ ជូន​នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម និង​ការិយាល័យ គ្រឿងយន្ត​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ទាំង ២៤ ខេត្ត​
 បានរៀបចំ​ដំណើរការ​ពិព័រណ៍​ពាណិជ្ជកម្ម​បច្ចេកវិទ្យា ប្រើ​ថាមពល​កកើត​ឡើងវិញ ក្នុង​វិស័យ​កសិកម្ម​ចំនួន​២ លើក (​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តស្វាយរៀង​)
 បានរៀបចំ និង​ដំណើរការ​ការសិក្សា​គោលនយោបាយ​ស្តីពី “ ការប្រើប្រាស់​បច្ចេកវិទ្យា ប្រើ​ថាមពល​កកើត​ឡើងវិញ ក្នុង​វិស័យ​កសិកម្ម​ខ្នាតតូច​នៅ​កម្ពុជា “ ដែល​លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ផ្តល់នូវ​ធាតុ​ចូល​យ៉ាងសំខាន់​សម្រាប់​ការរៀបចំ​គោលនយោបាយ​របស់​ក្រសួង ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​បច្ចេកវិទ្យា ប្រើ​ថាមពល​កកើត​ឡើងវិញ ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ឆ្នាំ​២០២​​១-២០៣០
 បានរៀបចំ និង​ដំណើរការ​ការសិក្សា​គោលនយោបាយ​លើក​ទី ២ (​នៅ​ឆ្នាំ ២០២១ នេះ​) ដើម្បី​ស្វែងយល់​អំពី​ផល​សេដ្ឋកិច្ច និង​បរិស្ថាន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា ប្រើ​ថាមពល​កកើត​ឡើងវិញ​ក្នុង​ផលិតកម្ម​កសិកម្ម និង​ការកែច្នៃ​កសិផល​ខ្នាតតូច ដែល​ផ្តល់​ធាតុ​ចូល​បន្ថែម សម្រាប់​ជា​ទឡ្ហីករណ៍​យ៉ាងសំខាន់​ដើម្បី​ការកសាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​មធ្យ​ម និង​វែង​នាពេលខាងមុខ​
 បាន​ជម្រុញ​ក្រុមហ៊ុន​បច្ចេកវិទ្យា ប្រើ​ថាមពល​កកើត​ឡើងវិញ ដែល​បាននិងកំពុង​សហការ​ជាមួយ​គម្រោង ឱ្យ​ពង្រឹង​អាជីវកម្ម​របស់ខ្លួន ដោយ​បង្កើតឱ្យមាន​បណ្តាញ​លក់​រាយ និង​សេវាកម្ម​ក្រោយពេល​លក់​ឱ្យ​កាន់តែ​ខិតជិត​ដល់​កសិករ​ជា​អ្នកប្រើប្រាស់​
 បាន​ស្វែងយល់ និង​គណនា បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ត្រូវបាន​កាត់បន្ថយ​ដោយសារ​ការប្រើប្រាស់​បច្ចេក​វិទ្យា ប្រើ​ថាមពល​កកើត​ឡើងវិញ​របស់​គម្រោង
 បាន​ជាវ​បច្ចេកវិទ្យា ប្រើ​ថាមពល​កកើត​ឡើងវិញ ពី​បណ្តា​ក្រុមហ៊ុន​ខាងលើ ដើម្បី​ចែកជូន​ការិយាល័យ​វិស្វកម្ម​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត សម្រាប់ បណ្តុះបណ្តាល​និង​អនុវត្ត​បង្ហាញជូន​កសិករ ឬ​សហគមន៍​នានា​ក្នុង​ខេត្ត​
 បាន​បំពាក់​តម្រង​ស្ពាន់ធ័រ (H2S) ក្នុង​ប្រព័ន្ធ​ឡ​ជីវឧស្ម័ន ដើម្បី​ការពារ​សុខភាព​កសិក​រ​អ្នកទទួលផល បាន​ចំនួន ៤២១ ឡ​
 បាន​លើកកម្ពស់ និង​ធ្វើ​បង្ហាញ​ផ្ទាល់​អំពី​ការ​បំ​លែង​ជីវឧស្ម័ន បាន​ពី​ឡ​ជីវឧស្ម័ន​មកប្រើប្រាស់​សម្រាប់ ៖
– បង្វិល​ម៉ាស៊ីនបូមទឹក ជំនួស​ការប្រើ​សាំង ចំនួន ៧ កន្លែង​
– បង្វិល​ម៉ាស៊ីនកិនស្រូវ​ធុន​តូច ជំនួស​ការប្រើប្រាស់​ប្រេង​មា​ស៊ូ​ត​ចំនួន ១ កន្លែង​
– បំភ្លឺ​អំពូល​ភ្លើង​កម្តៅ​កូន​មាន់​ចំនួន ១២ កន្លែង​។​
 បានធ្វើ​ជីធម្មជាតិ​គ្រាប់ ដោយ​ប្រើប្រាស់​កាកសំណល់​ពី​ឡ​ជីវឧស្ម័ន និង​ធ្វើ​ពិសោធន៍​អំពី​ប្រសិទ្ធភាព​ចំនួន ៣ កន្លែង ក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តស្វាយរៀង​។​

លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ដោយ​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​គម្រោង និង​ដោយមាន​ការលើកទឹកចិត្ត និង​ចង្អុលបង្ហាញ​ជាប្រចាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង ជាពិសេស លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គម្រោង​នេះ ត្រូវបាន​មូលនិធិ​បរិស្ថាន​សកល (GEF) និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) វាយតម្លៃថា​ជា​គម្រោង​ដែល​អនុវត្តបាន​ល្អប្រសើ​រ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​បាន​សន្យាថា​នឹង​បន្ត​គាំទ្រ​ឱ្យមាន​ការអនុវត្ត​នៅ​ដំណាក់កាល​ទី ២ ថែមទៀត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130