ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេ​ង សាខុន បង្ហាញ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ស្តីពី “​ការផ្តល់សេវា​បច្ចេកទេស​កសិកម្ម​អភិរក្ស​ដោយមាន​ការបង់ថ្លៃ​សេវាកម្ម

អនុលោម​តាម​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​គុណភាព​ដី (UNCCD) រាជរដ្ឋាភិបាល បាននិងកំពុង​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​តាមរយៈ​កម្មវិធី​សកម្មភាព​ជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​គុណភាព​ដី (២០១៨-២០២៧)​។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាននិងកំពុង​អនុវត្ត​កាតព្វកិច្ច​នេះ​ដោយ​ឈរ​ស្មារតី​ទទួលខុសត្រូវ​តាមរយៈ​ការដាក់ចេញ​នូវ​យន្តការ​សំខាន់ៗ​មួយ ចំនួន ក្នុងនោះ​គឺ​ការពង្រឹង​កិច្ចសហការ​អន្តរជាតិ ជាពិសេស​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​បារាំង​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (CIRAD) ដើម្បី​សិក្សា​ស្រាវ ជ្រាវ និង​អភិវឌ្ឍ​បច្ចេក វិទ្យា​កសិកម្ម​អភិរក្ស​តាម​គោលការណ៍​ក​សិ​-​អេកូឡូស៊ី​។

បច្ចេកវិទ្យា “​កសិកម្ម​អភិរក្ស​តាម​គោលការណ៍​ក​សិ​-​អេកូឡូស៊ី​” អាច​អនុវត្តបាន​សម្រាប់​ការដាំដុះ​ដំណាំ​ចម្ការ (​ដី​មិន​លិច​ទឹក​) ជួយ​បង្កើន​ផលិតភាព​ដី កែលម្អ​គុណភាព​ដី កាត់បន្ថយ​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម ថ្លៃដើម និង​ទប់ស្កាត់​ការធ្លាក់ចុះ​គុណភាព​ដី បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ធនធាន ពេលវេលា និង​កម្លាំង​ពលកម្ម ព្រមទាំង​បង្កើន​ភាព​ធន់​របស់​ប្រព័ន្ធ​ផលិតកម្ម​ដំណាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។

បច្ចេកវិទ្យា​នេះ ត្រូវ​អនុលោម​តាម​គោលការណ៍ ០៣​សំខាន់ៗ​រួមមាន ៖ ១- ការដាំដុះ​ដោយ​មិន​ភ្ជួរ​រាស់​ដី ២- ការរក្សា​ឱ្យមាន​គម្រប​ដី​ជាប្រចាំ​ដោយ​មិន​ប្រើ​ថ្នាំ​កសិកម្ម គីមី (Biopesticides) និង​៣- ការដាំដុះ​ដំណាំ​គម្រប​ដី ដំណាំ​បង្វិល ហើយ​បច្ចេកវិទ្យា​នេះ​ត្រូវការ​ប្រើប្រាស់​ឧបករណ៍ និង​គ្រឿងយន្ត​កសិកម្ម​ជាការ​ចំ​បាច់​។ ឃើញច្បាស់​ពី​គុណ ប្រយោជន៍​ក៏​ពិត ប៉ុន្តែ​កសិករ​មិនទាន់​ទទួលយក​បច្ចេកវិទ្យា​នេះ​ទៅ​អនុវត្ត​នៅឡើយ ដោយហេតុ ថា​ការចូលរួម​ពី​ផ្នែក​ឯកជន​លើ​ការផ្តល់សេវា​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​សម្រាប់​ការដាំ​គ្រាប់​ស្ងួត​លើដី​មិន​ភ្ជួរ ការ​ភ្ជួរ​លប់​ដំណាំ​គម្រប​ដី​ដើម្បី​ដាំ​ដុះ​គ្រាប់ពូជ​ដំណាំ និង​ការប្រមូល​ផលដំណាំ​នៅមាន​តិចតួច ហើយ​ការផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​នេះ​ដល់​តួអង្គ​ពាក់ព័ន្ធ​ពី​សំណាក់​ស្ថាប័ន​ជំនាញ​ក៏​នៅមានកម្រិត​។​

ដើម្បី​យល់ច្បាស់​ពី​ហេតុផល​នេះ គម្រោង​ស្តីពី “​ការផ្តល់សេវា​បច្ចេកទេស​កសិកម្ម​អភិរក្ស​ដោយមាន​ការបង់ថ្លៃ​សេវាកម្ម (CASF)” ត្រូវបាន​ផ្តួចផ្តើម​អនុវត្ត​ក្នុង​គោលដៅ​ឱ្យ​ផ្នែក​ឯកជន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​ដំណើរ​វិវឌ្ឍនាការ​កសិក​ម្ម​អភិរក្ស​តាម​គោលការណ៍​ក​សិ​អេកូឡូស៊ី​។ គម្រោង​នេះ​ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៨ ក្រោម​កិច្ចសហការ​រវាង​មជ្ឈមណ្ឌល​សេវាកម្ម​កសិកម្ម​អភិរក្ស (CASC) ជាមួយ​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម និង​នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម មជ្ឈមណ្ឌល​ស៊ី​សេន (CE SAIN) សាកលវិទ្យាល័យ Kansas State University និង​អង្គការ​ស្វី​ស​ខន​ថាក់ (Swisscontact)​។ គម្រោង​មាន​រយ​:​ពេល ៣​ឆ្នាំ (២០១៨-២០២១) ត្រូវ​ប្រើ ប្រាស់​ថវិកា​សរុប​ចំនួន ១៩៥ ០០០​ដុល្លារ ដែល​បានមកពី​ជំនួយឥតសំណង​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ (SDC)​។

១- គោលបំណង ៖
– ពង្រឹងសមត្ថភាព​សេវាករ​គ្រឿងយន្ត​កសិកម្ម ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម កសិករ អ្នកអនុវត្ត​បច្ចេកទេស និង​ផ្នែក​ឯកជន​ឱ្យ​យល់​និង​ទទួលយក​ប្រព័ន្ធ​ផលិតកម្ម​ដំណាំ​តាម​បច្ចេកទេស​កសិកម្ម​អភិរក្ស​
– បង្កើត​បណ្តាញ​នៃ​បណ្តុំ​វិនិយោគិន អ្នក​ចែកចាយ​បន្ត​សម្ភារ​និង​ធាតុ​ចូល​កសិកម្ម សេវាករ និង​កសិករ​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​អភិរក្ស​
– បង្កើត​បរិយាកាស​អាជីវ​កម្ម​សមស្រប​ដើ​ម្ប​ជំរុញ​ឱ្យ​វិនិយោគិន សេវាករ កសិករ និង​ផ្នែក​ឯកជន​ចូលរួម​ផ្លាស់ប្តូរ ការដាំដុះ​តាម​ទម្លាប់​ដែលមាន​ការ​ភ្ជួរ​រាស់​ដី មក​អនុវត្ត​បច្ចេកទេស​កសិកម្ម​អភិរក្ស​។​

២- សកម្មភាព​គោល​/​សមាសភាព​សំខាន់ៗ​របស់​គម្រោង​រួមមាន​៖
– ការពង្រឹង​សមត្ថភាព​បច្ចេកទេស​ដល់​សេវាក​រលើ​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​
– ការបង្កើត​ក្រុម​កសិករ​ផលិត​គ្រាប់ពូជ​ដំណាំ​គម្រប​ដី​ដោយ​ផ្សារភ្ជាប់​ជាមួយ​ក្រុមហ៊ុន​ឯកជន
– ការបំពាក់​បំប៉ន​ចំណេះដឹង​ដល់​កសិករ​លើ​គោលការណ៍​អនុវត្ត​បច្ចេកទេស​កសិកម្ម​អភិរក្ស​
– ការ​បង្កើតជា​បណ្តាញ​នៃ​បណ្តុំ​តួអង្គ​សំខាន់ៗ​រួមមាន សេវាករ កសិករ អ្នក​ចែកចាយ​ធាតុ​ចូល​កសិកម្ម ក្រុម​កសិករ ក្រុមហ៊ុន មន្ត្រី​បច្ចេកទេស​រួមគ្នា​ដើម្បី​ផ្សព្វផ្សាយ​បច្ចេកទេស ធ្វើការ​បង្ហាញ​ពី​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​អភិរក្ស​តាម​គោលការណ៍​ក​សិ​-​អេកូឡូស៊ី​
– ការបណ្តុះបណ្តាល​និស្សិត​ឱ្យ​ក្លាយជា​អ្នកជំនាញ​កសិកម្ម​វ័យក្មេង​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ចំណេះដឹង​បច្ចេកទេស និង​ការអនុវត្ត​ផ្ទាល់ ព្រមទាំង​ជំនាញ​ទន់​ដែល​ពួកគេ​អាច​ក្លាយជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​អភិរក្ស និង​សេវាករ​នៅតាម​សហគមន៍​នាពេលខាងមុខ​
– ការលើកកម្ពស់​ការស្វែងយល់ ការចែករំលែក​នូវ​ចំណេះដឹង បទពិសោធន៍ ការគ្រប់គ្រង​ចំណេះ ដឹង ការ​ចងក្រង​ឯកសារ ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ការវាយតម្លៃ​ពី​ប្រសិទ្ធភាព​នៃ​ការផ្សារភ្ជាប់​ជាមួយ​ផ្នែក​ឯកជន​។

បាត់ដំបង​គឺជា​ខេត្ត​គោលដៅ ដោយ​ផ្តោតលើ​ផលិតកម្ម​ដំណាំ​ចម្ការ​ប្រចាំ​រដូវ (​ពោត ដំឡូង​មី សណ្តែក​) ឈើ​ហូប​ផ្លែ និង​ការ​ចិញ្ចឹមសត្វ​នៅ​តំបន់​ខ្ពង់រាប​ក្នុងស្រុក​រតនៈមណ្ឌល និង​ផលិតកម្ម​ស្រូវ​ទំនាប​រំពឹង​ទឹកភ្លៀង​ក្នុងស្រុក​បាណន់​។ មាន​កសិករ សហគមន៍​កសិកម្ម ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​គ្រាប់ពូជ​ដំណាំ​គម្រប​ដី និង​សេវាករ​គ្រឿងយន្ត​ដែល​ទទួលបាន​ការគាំទ្រ​បច្ចេកទេស​លើ​ការថែទាំ​ដំណាំ និង​សេវាកម្ម​រៀបចំ​ដី និង​ដាំ​ដុះ​ពី​អ្នកជំនាញ ព្រមទាំង​និស្សិត និង​អ្នកស្រាវជ្រាវ​។ សេវាករ ទទួលបាន​ឱកាស​វិនិយោគ​ថ្មីៗ​លើ​ការផលិត​ឧបករណ៍​កៀរ​ពង្រាបដី ផលិត​ដោយ​រោង​ជាង​ក្នុងស្រុក (​ឡា​រ៉ាណូ​) និង​ការ​នាំចូល​ម៉ាស៊ីន​ដាំ​គ្រាប់​ស្ងួត​ផ្ទាល់​លើដី​អត់​ភ្ជួរ​នាំចូល​ពី​ក្រៅប្រទេស​។ និស្សិត និង​អ្នកស្រាវជ្រាវ​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​ទ្រឹស្តី​និង​ការអនុវត្ត​ផ្ទាល់​លើ​បង្គុំ​បច្ចេក​ទេ​កសិកម្ម​អភិរក្ស​។​

គម្រោង​ត្រូវបាន​អនុវត្ត​នៅ​ទីតាំង​គោល​សរុប​ចំនួន ១៨​ភូមិ ក្នុងស្រុក​រតនៈមណ្ឌល សំឡូត និង​ស្រុក​បាណន់​ដែល​សម្រេចបាន​លទ្ធផល​រួមមាន​ជាអាទិ៍ ៖
​ក​. ការវិនិយោគ​របស់​ផ្នែក​ឯកជន​៖ មាន​ក្រុមហ៊ុន​ចំនួន​២ ដែល​បានសម្រេច​ដាក់ទុន​វិនិយោគ​គឺ​៖
• រោង​ជាង​ផលិត​ឧបករណ៍​កសិកម្ម​ឬ​ស្សី​កែវ (​ឡា​រ៉ាណូ​) បាន​វិនិយោគ​លើ​ការផលិត​ឧ​បរ​ណ៍​កៀរ​ពង្រាបដី ឧបករណ៍​ជ្រោយ​បំបែក​ស្រទាប់​បាត​នង្គ័ល និង​នាំចូល​ម៉ាស៊ីន​ដាំ​គ្រាប់​ស្ងួត និង​ដាំ ដំ​ឡួ​ង​មី​ដោយ​មិន​ភ្ជួរ​ដី សរុប​ចំនួន​១១​គ្រឿង សម្រាប់​លក់​ជូន​សេវាករ​ផ្សេងទៀត​ក្នុងស្រុក​។​
• ក្រុមហ៊ុន​ស្មា​ត​អា​ក្រូ (SmartAgro) បាន​វិនិយោគ​លើ​ការផលិត​គ្រាប់ពូជ​ដំណាំ​គម្រប​ដី​តាម​កិច្ចសន្យា​ជាមួយ​កសិករ​នៅ​ស្រុក​រតនៈមណ្ឌល​ដើម្បី​លក់​បន្ត​ដល់​កសិករ​នៅក្នុង​តំបន់​គោលដៅ​គម្រោង និង​នៅ​ទូទាំងប្រទេស​។ ស្មា​ត​អា​ក្រូ​បាន​ផលិត​គ្រាប់ពូជ​ដំណាំ​គម្រប​ដី​ចំនួន ១២​ប្រភេទ ដែលមាន​បរិមាណ​សរុប​ប្រមាណ ៣០​តោន ដែល​អាច​ដាំ​លើ​ផ្ទៃដី​ប្រហែល​ជាង​១ ៥០០​ហ​.​ត​។

​ខ​. ការគាំទ្រ​បច្ចេកទេស និង​ការសម្របសម្រួល​ការផ្តល់​សេវាកម្ម​ដោយមាន​ការបង់ថ្លៃ​៖
​ក្នុង​រយៈពេល​០៣​ឆ្នាំ គម្រោង​បាន​សម្របសម្រួល​ការផ្តល់​សេវាកម្ម​ដល់​កសិករ​តាមរយៈ​ការបង់ថ្លៃ​នៅក្នុង​ស្រុក​គោលដៅ​គម្រោង​ដោយ​ផ្តោតលើ​ផលិតកម្ម​ស្រូវ ពោត ដំឡូង​មី និង​ពិពិធ​កម្ម​ដំណាំ​ប្រចាំ​រដូវ ហើយ​ថ្មីៗ​នេះ​លើ​ផលិតកម្ម​ឈើ​ហូប​ផ្លែ និង​បញ្ចូល​ការដាំ​ដំណាំ​ចំណី​សត្វ​(​ចិញ្ចឹម​គោ​) ទៅក្នុង​ប្រព័ន្ធ​ផលិតកម្ម​ដំណាំ ដែលមាន​កសិករ​ចូលរួម​សរុប​ចំនួន​៦៦០​គ្រួសារ លើ​ផ្ទៃដី​ចំនួន ១ ៦៨៦​ហ​.​ត​។

​គ​. ការពង្រឹង​សមត្ថភាព​ប្រើប្រាស់​គ្រឿងយន្ត និង​បច្ចេកទេស​កសិកម្ម​អភិរក្ស ៖
​គម្រោង​បាន​បណ្តុះបណ្តាល និង​ចែករំលែក​ចំណេះដឹង​ដល់​អ្នកពាក់ព័ន្ធ​មួយចំនួន​រួមមាន ៖
• អ្នកបច្ចេកទេស​វ័យក្មេង​របស់​សហគមន៍​ចំនួន​០៦​នាក់ និង​និស្សិត​កសិកម្ម​វ័យក្មេង ០៨​នាក់
• សេវាករ​គ្រឿងយន្ត​កសិកម្ម និង​អ្នកបើកបរ​ត្រាក់ទ័រ ស្តីពី​គំរូ​អាជីវកម្ម ការប្រើប្រាស់ និង​ថែទាំ​គ្រឿងយន្ត​កសិកម្ម ចំនួន​១៨​នាក់​
• ការចែករំលែក​ចំណេះដឹង​ដល់​ភាគី​ពាក់ព័ន្ធ​នានា​រួមមាន​៖ កសិករ និង​សេវាករ​ក្រៅ​តំបន់​គោល ដៅ អ្នកស្រាវជ្រាវ បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល មន្ត្រី​បច្ចេកទេស អ្នក​ផ្សព្វផ្សាយ តាមរយៈ​ទិវា​ស្រែ​បង្ហាញ ការប្រជុំ​ថ្នាក់ភូមិ និង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី មាន​អ្នកចូលរួម​សរុប​ចំនួន ១ ២៤៧​នាក់​។​

៣- ទិសដៅ​អនុវត្ត​បន្ត ៖
​ស្ថិតក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺឆ្លង​កូ​វីដ​-១៩ សកម្មភាព​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២១ ត្រូវបាន​ពន្យារពេល​។ ក្រុមការងារ​នៅតែ​បន្ត​បំពេញការងារ​យ៉ាងសកម្ម​ដោយ​ជួប​ផ្ទាល់​ជាមួយ​កសិករ​គំរូ​ម្នាក់ៗ​ដើម្បី​ជំរុញ​ប្រតិបត្តិ​ការដាំដុះ​តាម​ប្រតិទិន​ដាំ​ដុះ​នៅលើ​ទីវាល​ឱ្យបាន​រលូន​។ ក្នុង​ឆមាស​ទី​២ ក្រុមការងារ​គម្រោង​នឹង​បន្ត​សម្របសម្រួល​លើ​ការផ្តល់​សេវាកម្ម​គ្រឿងយន្ត និង​គ្រាប់ពូជ​ដំណាំ​គម្រប​ដី​ឱ្យបាន​ទាន់ពេលវេលា ផ្តល់​ការប្រឹក្សា​យោបល់​បច្ចេកទេស​លើ​ការថែទាំ​ដំណាំ ចែករំលែក​ចំណេះដឹង​តាមរយៈ​បណ្តាញ​សង្គម​ទៅដល់​តួអង្គ​នៃ​បណ្តាញ​កសិកម្ម​អ​ភ​រិ​ក្ស រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​និស្សិត និង​មន្ត្រី​បច្ចេកទេស​តាម​ប្រព័ន្ធ​អន​ឡាញ និង​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ដាំ​ដុះ​របស់​បណ្តាញ​កសិករ​ក្នុង​ឆ្នាំ​២០២១​។

ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​សង្ខេប​អំពី​ប្រភេទ​សេវាកម្ម​ជូន​ដល់​កសិករ ៖
១- ការ​កៀរ​ពង្រាប​ដីចម្ការ ១៤០ ០០០៛/​ហ​ត ដីស្រែ ៦០០ ០០០៛/​ហ​ត
២- ការដាំ​ដំណាំ​គម្រប​ដី​មុន​ដាំពោត​និង​ស្រូវ ១២០ ០០០៛/​ហ​ត
៣- ការដាំ​ស្រូវ ពោត សណ្តែក​ដោយ​ម៉ាស៊ីន​ដាំ​គ្រាប់​ស្ងួត​លើដី​មិន​ភ្ជួរ​រាស់​១៤០ ០០០៛/​ហ​ត​
៤- ការដាំ​ដំឡូង​មី​ដោយ​ម៉ាស៊ីន​លើដី​មិន​ភ្ជួរ​រាស់ ៣៥០ ០០០៛/​ហ​ត​
៥- ការដាំ​ពោត និង​ស្រូវ​លើ​គម្រប​ដី​ស្រស់ ១៤០ ០០០៛/​ហ​ត​
៦- ការដាំ​ដំណាំ​ចំណី​សត្វ ១៤០ ០០០៛/​ហ​ត
៧- ការដាំ​ដំណាំ​គម្រប​ដី​ក្នុង​ចន្លោះ​ឈើ​ហូប​ផ្លែ ១៤០ ០០០៛/​ហ​ត

​សរុប​ផ្ទៃដី​អនុវត្តបាន​ចំនួន ១ ៦៨៦​ហ​ត និង ៦៦០ គ្រួសារ​ទទួលបាន​សេវា​កម្មនេះ​។

​បើ​ចង់​ជ្រាប​ច្បាស់​អំពី​គម្រោង​សូម​អញ្ជើញ​ទាក់ទង​ទៅ​បណ្ឌិត សេង វ៉ាង (០១២ ៨០៤១៨១) ប្រធាន​នាយកដ្ឋាន​ធនធាន​ដី​កសិកម្ម លោក ងិន កុសល (០១២ ៩១២០៣៧) ប្រធាន​នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម និង​ឯកឧត្តម ង៉ោ ប៉ុន​ថា​ន (០១២ ៩២៩ ៨៨៨) សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130