ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ហ៊ុន សែន ៖ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​១​លាន​ដូ​ស​បន្ថែមទៀត និង​ឧបករណ៍​តេស្ត​រហ័ស​៣០​ម៉ឺន ជំនួយ​របស់​មិត្ត​ចិន ត្រូវបាន​ដឹក​មកដល់​កម្ពុជា​ហើយ​

​រាជធានី​ភ្នំពេញ ៖ សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហោះ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កដោយ​សម្តេច​បានបញ្ជាក់​ថា វ៉ាក់សាំង​កូ​វីដ​១៩ របស់​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់ ប្រទេស​ចិន​ចំនួន ១​លាន​ដូ​ស​បន្ថែមទៀត និង​ឧបករណ៍​តេស្ត​រហ័ស​ចំនួន ៣០​ម៉ឺន ដែលជា​ជំនួយ​របស់​មិត្ត​ចិន ត្រូវ​ដឹក​មកដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១​នេះ​។ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដែល​ដឹក​មកដល់​កម្ពុជា​នេះ គឺជា​ការបញ្ជាទិញ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​។ ចំណែកឯ​ឧបករណ៍​តេស្ត​រហ័ស​ចំនួន ៣០​ម៉ឺន ដែល​ដឹក​មកជា​មួយ​វ៉ាក់សាំង​នេះ គឺជា​ជំនួយ​របស់​មិត្ត​ចិន​។​

សម្តេច​បន្ថែមថា វ៉ាក់សាំង គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​លើ​ពិភពលោក​។ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​នោះ ក៏បាន​ដាក់ចេញ​ផែនការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​។​

រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្វះស្វែង​យ៉ាងខ្លាំង​ក្នុង​ការរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​។ មកដល់​ពេល​ពេល​បច្ចុប្បន្ននេះ រកបាន​វ៉ាក់សាំង​ប្រមាណ​ជា ១៨​លាន​ដូ​ស​ហើយ ដែល​ក្នុងនោះ​មាន​ទាំង​ការ​ផ្តល់ជំនួយ និង​ការបញ្ជាទិញ​។ វ៉ាក់សាំង​ប្រមាណ​ជា ១៧​លាន​ដូ​ស​នេះ ភាគច្រើន​ជា​វ៉ាក់សាំង​របស់​ចិន គឺ​ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់​។​

តាម​ផែនការ​នៅត្រឹម​ខែសីហា ខាងមុខនេះ កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​គ្រប់ ២០​លាន​ដូ​ស​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ដែលមាន​ចំនួន​ប្រមាណ ១០​លាន​នាក់​។ កម្ពុជា ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រមាណ ៥​លាន​ដូ​ស​បន្ថែមទៀត សម្រាប់​ចាក់​ជូន​ក្មេង និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ទៅ​១៧​ឆ្នាំ​ផងដែរ​។ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ជាង ៧​លាន​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង​រួចរាល់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130