ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រោងចក្រ​ផលិត​រថយន្ត Ford នឹងត្រូវ​ស្ថាបនា​នៅ​ខេត្តពោធិសាត់ ជាមួយ​តម្រូវការ​កម្មករ​ប្រមាណ​៥០០​នាក់​

ខេត្តពោធិ៍សាត់​នឹង ទទួលបាន​រោងចក្រ​ផ្គុំ និង​តម្លើងរថយន្ត Ford ថ្មី​មួយ​បន្ថែម​លើ​សមិទ្ធផល​ដែលមាន​ក្នុង​ខេត្ត​។​នេះ​ជាការ​ផ្តល់​ពត៌មាន​ដោយ​រដ្ឋបាលខេត្ត​។​

អភិបាលខេត្ត​ពោធិសាត់​លោក​ម៉ៅ ធនិន បាន​ថ្លែងថា នេះ​ពិតជា​មហា​កិត្តិយស​ក្រៃលែង ក្រោម​ម្លប់​នៃ «​សន្តិភាព​» ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​បានផ្តល់​ជូន​កាដូ​ពិសេស​ថ្មី​មួយ សម្រាប់​ខេត្តពោធិ៍សាត់ គឺ​រោងចក្រ​ផលិត​រថយន្ត Ford ដែល​ស្ថិត​ក្នុងភូមិ​សា​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខណដែល​រោងចក្រ​នេះ​អាច​ស្រូបយក​កម្លាំង​ពលកម្ម បាន​ប្រមាណ​៥០០​នាក់ សម្រាប់​ខ្សែចង្វាក់​ផលិតកម្ម ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។​

សូមជម្រាបថា នា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​កម្ពុជា​/​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​លើ​គម្រោង​វិនិយោគ​រោងចក្រ​ផ្គុំ និង​តម្លើងរថយន្ត (​ផលិត ចែកចាយ លក់ និង​សេវាកម្ម​) របស់​ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺ​រថយន្ត Ford Renger និង​រថយន្ត Ford Everes​។​

កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​និម្មិត (ZOOM) ដោយបាន​ការចូលរួម​ពី ឯ​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​គណៈកម្មការ​អន្តរក្រសួង ស្ថាប័ន របស់​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​កម្ពុជា​/​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​។​

ឆ្លងកាត់​កិច្ចប្រជុំ​នេះដែរ​លោក​ម៉ៅ ធនិន​មានប្រសាសន៍​ដោយ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គម្រោង​នេះ ដោយបាន​លើកឡើងថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប៉ិនប្រសព្វ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​បានធ្វើឱ្យ​មាតុប្រទេស​របស់​យើង មាន​អភិវឌ្ឍន៍ និង​រីកចម្រើន​ជា​លំដាប់ ជាពិសេស​និយាយ​ជារួម​និង​និយាយ​ដោយឡែក ខេត្តពោធិ៍សាត់​ត្រូវបាន​ទទួល នូវ​មរតក​អមតៈ​ជាច្រើន ដែល​ថ្ងៃនេះ​ទទួលបាន​នូវ​មរតក​ថ្មី​មួយ​បន្ថែមទៀត គឺ​រោងចក្រ​ផ្គុំ និង​តម្លើងរថយន្ត Ford ក្នុងស្រុក​ក្រគរ នៃ​ខេត្តពោធិ៍សាត់​។​

លោក​បន្តថា ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត តំណាងឱ្យ​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​លោក​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សូម​ទទួលយក ព្រមទាំង​ចូលរួម​ទៅតាម​លទ្ធភាព ជាមួយនឹង​ការ​តម្លើង​រោងចក្រ​នេះ​។

លោក​អភិបាល​ក៏បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​យ៉ាង​មុត​ម៉ាំ​ថា រោងចក្រ​នេះ ដែល​បង្កើត​នៅក្នុង​ទឹកដី​នៃ​ខេត្តពោធិ៍សាត់ នឹង​ជួយ​លើកកម្ពស់​ជីវភាព កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជាពិសេស​គឺ​យើង​ទទួលបាន នូវ​ការ​ស្រូបយក​ទីផ្សារពលកម្ម ដែល​ទាំងនេះ​គឺជា​ការចូលរួមចំណែក​យ៉ាង​ធំធេង​ណាស់ ក្រោម​ម្លប់​នៃ​សន្តិភាព ដែល​សម្តេច​បាន​យកអាយុ​ជីវិត​ទៅ​ប្តូរ ទើប​មានការ​អភិវឌ្ឍ​នៅលើ​ទឹកដី​នៃ​មាតុភូមិ​យើង និង​និយាយ​ដោយឡែក នៅក្នុង​ខេត្តពោធិ៍សាត់​របស់​យើងខ្ញុំ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130