ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក​ វេ​ង សាខុន សំណេះសំណាល​ជាមួយ​និស្សិត​កសិកម្ម​ដែល​ចេញទៅ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​អ៊ី​ស្ត្រា​អែល​

នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃ​ពុធ ៧​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខារ​ប្រមាញ់​និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ចំនួន ២០០​នាក់ មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (Royal University of Agriculture – RUA) ដែល​នឹងត្រូវ​ចេញដំណើរ​ទៅធ្វើ​កម្មសិក្សា​រយ​:​ពេល ១១​ខែ សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២ ជំនា​ន់ទី​១៤ នៅ​ប្រទេស​អ៊ីស្រាអែល​។

លោក​អនុរដ្ឋលេខាធិការ លោក​សាកលវិទ្យាធិការ និង​ថ្នាក់ដឹកនាំ​ក្រសួង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ក៏បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​នាឱកាស​នោះ​ផងដែរ​។

មានមតិ​សំណេះសំណាល​ជាមួយ​និស្សិត​ផ្ទាល់​ចំនួន ១០​នាក់​តំណាង​ឲ្យ​និស្សិត ២០០​នាក់ (​ក្រៅពីនេះ​ជួប​តាម​ប្រព័ន្ធ Zoom) លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ RUA ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយ​:​ការពង្រឹង និង​ពង្រីក​កិច្ច​សហ ប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​ជាមួយ​ក្រុមហ៊ុន Agrostudie ក្នុងការ​ផ្តល់ឱកាស​ឲ្យ​និស្សិត​ឆ្នាំ​ទី​៣ បាន​ទៅ​ចូលរួម​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ដកស្រង់ ផ្លាស់ប្តូរ​បទពិសោធន៍​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​ក្នុង​ថ្នាក់ ក្នុង​មន្ទីរពិសោធន៍ និង​នៅ​កសិដ្ឋាន​ផ្ទាល់​។

លោក​បន្តថា លទ្ធផល​ជា​ផ្លែផ្កា​នេះ ទាំង RUA ក៏ដូចជា​ក្រសួង​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រដ្ឋាភិបាល​អ៊ីស្រាអែល​តាមរយ​:​ក្រុមហ៊ុន Agrostudies ដែល​តែងតែ​យកចិត្ត​ទុក ដាក់ គាំទ្រ និង​ផ្តល់ឱកាស​ឲ្យ​ដល់​និស្សិត​យើង​ទៅធ្វើ​កម្មសិក្សា​រៀងរាល់ឆ្នាំ ហើយ​ដែល​ចំនួន​និស្សិត​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ពី​ចំនួន ៨​នាក់​នៅ​ឆ្នាំ​ចាប់ផ្តើម ២០០៨ ដល់ ២០០​នាក់ នៅ​ឆ្នាំនេះ​។​

លោក​រដ្ឋមន្ត្រី​ក៏បាន​បើក​បង្ហាញ​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន​នៃ​វិស័យ​កសិកម្ម និង​បច្ចុប្បន្នភាព​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វិដ​-១៩ ដោយ​ភ្ជាប់​ទៅនឹង​វិធានការ​សំខាន់​របស់​រា​ជ រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នេះ​ផងដែរ​។ ស្ថិតក្នុង​បរិបទ​នេះ វិស័យ​កសិកម្ម​កំពុង​ពង្រឹង និង​ពង្រីក​តួនាទី​របស់ខ្លួន​ដើម្បី​ចូលរួម​ឲ្យ​កាន់តែ​ប្រសើរ ទាន់ពេល និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ កំណើន​ប្រាក់ ចំណូល ទិសដៅ​នាំចេញ និង​ជាពិសេស​ឲ្យ​ស្របទៅតាម​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ កំណើន ប្រជាជន និង​និន្នាការ​នៃ​សេចក្តីត្រូវការ​ផលិតផល​កសិកម្ម​ប្រកបដោយ​គុណភាព​នៅលើ​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។

លោក​រដ្ឋមន្ត្រី វេ​ង សាខុន​បាន​បន្តថា និស្សិត​ហាត់​ការ​ទាំងអស់​នឹង​ទទួលបាន​ឱកាសល្អ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​តាមរយ​:​ការសិក្សា​ទ្រឹស្តី និង​ហាត់​ការ​ផ្ទាល់​នៅក្នុង​មន្ទីរពិសោធន៍ រោងចក្រ​កែច្នៃ ចម្ការ​បន្លែ ផ្លែឈើ និង​ពូជ​ដំណាំ ថ្នាល​ពិសោធន៍ និង​កសិដ្ឋាន​ទំនើបៗ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​តែម្តង​។​

លោក​រដ្ឋមន្ត្រី​បាន​យក​ឱកាស​នេះ​ធ្វើ​ការអប់រំ​ទូន្មាន និង​ណែនាំ​បន្ថែម​ដល់​និស្សិត ដោយ​ត្រូវខិតខំ​រៀនសូត្រ​ទាំង​ទ្រឹស្តី និង​ប្រតិបត្តិ ចែករំលែក​បទពិសោធ​ន៍ ប្រកាន់ខ្ជាប់​នូវ​ក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ត្រូវមាន​អំណត់ អត់ធន់​ដើម្បី​អភិវឌ្ឍ និង​កសាង​ខ្លួនឯង​ឲ្យ​ក្លាយជា​និស្សិត​ឆ្នើម និង​មាន តម្លៃ រួច​បំពេញ​ប្រយោជន៍​ឲ្យ​ខ្លួនឯង ជាពិសេស​សង្គមជាតិ​ក្រោយពី​ត្រឡប់មក​មាតុភូមិ​វិញ​។

លោក​បានបញ្ជាក់​បន្ថែម​ថា កម្ពុជា​អាច​សម្រេច​តាម​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ បាន​ដ៏​រាប​ណា​យើង​មាន​ធនធានមនុស្ស​គ្រប់ផ្នែក​ក្នុង​វិស័យ​កសិកម្ម​ពោរពេញ​ដោយ សក្តានុពល​ទាំង​ចំណេះ​ជំនាញ និង​ពោរពេញ​ដោយ​បទពិសោធន៍ និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ហើយ​ពិតណាស់​និស្សិត​គ្រប់រូប​អាច​ឆ្លៀត​យក​ឱកាស​ដ៏​ល្អ​នេះ ត្រូវខិតខំ​ស្រូបយក​នូវ​រាល់​ចំណេះ ជំនាញ​ដែលជា​ទុន​ពុទ្ធិ​យ៉ាងរឹងមាំ ដើម្បី​រួមគ្នា​គិតគូ​ដោះ ស្រាយ​ឲ្យ​បាន​សមស្រប ទាន់ពេលវេលា និង​មាន ប្រសិទ្ធភាព ឈានឆ្ពោះ​ទៅធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ជា​ជំហានៗ​ប្រកបដោយ​ចីរភាព និរន្តរភាព ទំនើបកម្ម​កសិកម្ម មាន​លក្ខណ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រ​ប្រួល​អាកាស ធាតុ និង​នរ​វា​នុ​វត្ត​ន៍ និង​ជាពិសេស​ដើម្បី​ចូលរួមចំណែក​ជា​កំលាំងចលករ​ក្នុងការ​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។​លោក​រដ្ឋមន្ត្រី​ក៏ បាន​ជូនពរ​ឲ្យ​និស្សិត​ទាំង ២០០​នាក់ ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា និង​ធ្វើដំណើរ​ទទួលបាន​សុវត្ថិភាព​។

តាម​របាយការណ៍​រប​ស់លោក ង៉ោ ប៉ុន​ថា​ន សាកលវិទ្យាធិការ​បាន​ឲ្យ​ដឹងថា​កម្មវិធី​ហាត់​ការ នៅ​ប្រទេស​អ៊ីស្រាអែល RUA បានធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Agrostudies លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​កសិកម្ម​តាំងពី​ឆ្នាំ​២០០៨ មក ក្នុង​គោលបំណង​លើក កម្ពស់​ការអប់រំ​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់​ដល់​និស្សិត​សម្រាប់​រយៈពេល​១១​ខែ ហើយ​កិច្ច​សហ ប្រតិបត្តិការ​នេះ​មាន​អាយុ ១៤​ឆ្នាំ​ហើយ សរុប​ទាំង​១៤ ជំនាន់ RUA បាន​បញ្ជូន​និស្សិត​ចំនួន ១ ៤៦៩​នាក់​ហើយ​។

ដោយឡែក​ឆ្នាំនេះ មាន​និស្សិត ២០០​នាក់ ក្នុងនោះ RUA មាន​និស្សិត​ចំនួន ១៦៥​នាក់ (​នារី ៦៦) វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម​មាន​និស្សិត​ចំនួន ១៨​នាក់ សាកលវិទ្យាល័យ​ស្វាយរៀង​មាន​និស្សិត​ចំនួន ១១​នាក់ (​នារី​៤) និង​សាកលវិទ្យាល័យ​ហេង សំរិន ត្បូងឃ្មុំ​មាន​និស្សិត​ចំនួន ៦​នាក់​។ ក្នុង​រយៈពេល ១១​ខែ និស្សិត​ត្រូវធ្វើ​ការសិក្សា​នៅក្នុង​ថ្នាក់​មាន​ទ្រឹស្តី និង​ការងារ​ស្រាវជ្រាវ ព្រមទាំង​ការអនុវត្ត​ផ្ទាល់​នៅក្នុង​កសិដ្ឋាន​។

ចំពោះមុខ​វិជ្ជា​រួមមាន​៖ ១. ស្តង់ដារ​កសិកម្ម​អន្តរជាតិ ២. សេដ្ឋកិច្ច​កសិកម្ម ៣. ការការពារ​ដំណាំ ៤. គម្រោង​ស្រាវជ្រាវ ៥. អភិរក្ស​ធនធាន​ដី ៦. មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​ស្រោចស្រព​បែប​ទំនើប ៧. បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល​បន្លែ និង​ផ្លែឈើ ៨. ការធ្វើ​កសិកម្ម​ឈើ​ហូប​ផ្លែ និង ៩. និរន្តរភាព​កសិកម្ម​។

ចំណែកឯ​ជំនាញ​ដែល​បាន​អនុវត្ត​នៅ​កសិដ្ឋាន​រួមមាន​៖ ១. ការចិញ្ចឹម​មាន់ ២. សាកវប្បកម្ម ៣. ការប្រមូល​ផល​និង​ការ​វេច​ខ្ចប់ ៤. ដំណាំ​ផ្កា ៥. ការបណ្តុះ​ផ្សិត និង ៦. គ្រាប់ពូជ ជាដើម ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130