ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលរង​ខេត្តរតនគិរី ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទន្លេស្រែពក

​ខេត្តរតនគិរី​÷ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ លោក គិត ទ្រី អភិបាលរង​ខេត្តរតនគិរី ត​តំណាង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក ស្ថិតនៅ​ក្នុងស្រុក​លំផាត់ ដែល​បច្ចុប្បន្ន​ទឹក​កំពុង​ហក់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នោះ​។​

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ លោក គិត ទ្រី អភិបាលរង​ខេត្តរតនគិរី មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរខេត្ត​យើង​បាន​ត្រៀម​រួចជាស្រេច​នូវ​វិធាន​ការសរុប មធ្យោបាយ​សរុប ដើម្បី​ឆ្លើយតបបាន​ទាន់ពេលវេលា​ក្នុងករណី​មាន​គ្រោះមហន្តរាយ​កើតឡើង​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលរង​ខេត្ត ក៏បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់ ដែល​កំពុង​ជន់​ឡើង​ខ្លាំង​នេះ សូម​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ និង​រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាងនេះទៅទៀត​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​តាមដាន ក្តាប់​ព័ត៌មាន​អំពី​សភាពការណ៍​គ្រោះធម្មជាតិ ស្ថានភាព​របស់​ប្រជាពលរដ្ឋ ត្រៀម​មធ្យោបាយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែតុលា​នេះ ទឹក​ទន្លេសេសាន ស្ថានីយ​កា​ចូ​ន មាន​កម្ពស់ ៨,៧៣​ម៉ែត្រ​ខណៈ​កម្រិត​កម្ពស់​ប្រកាសអាសន្ន​គឺ​៨,៥០​ម៉ែត្រ​។ ដោយឡែក​ទឹក​ទន្លេស្រែពក ស្ថានីយ​លំផាត់​ទឹក​មាន​កម្ពស់​១២,៨០​ម៉ែត្រ​ខណៈ​កម្រិត​កម្ពស់​ប្រកាសអាសន្ន​គឺ​១២,៥០​ម៉ែត្រ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130