ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តស្វាយរៀង​និង​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ដង​ទន្លេ​វ៉ៃ​គោ គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ចុងខែ​តុលា ឆ្នាំ​២០២២​ខាងមុខនេះ​

​ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​អង្គារ​៣​រោច ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ នៅ​សាលប្រជុំ​អាគារ “​ឃ “​សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​ពិធី​ប្រ ណាំង​ទូក​ឆ្នាំ​២០២២ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។​

​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព តំណាង​កងកម្លាំង​ទាំងបី លោក​អភិបាលក្រុង​/​ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ព្រមទាំង​អស់លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក គណៈកម្មាការ អនុគណៈកម្មការ​រៀប​ចំ​ពិធី​ប្រណាំងទូក​ជាច្រើនរូប​ទៀត​។​

​ឯកឧត្ដម ម៉ែន វិបុល​អភិបាលខេត្ត បាន​ណែនាំ​ដល់​អនុគណៈកម្មការ​ទាំ​ង​អស់​បន្ទាប់ពី​កិច្ចប្រជុំ​នៅថ្ងៃនេះ ត្រូវ​បន្ត​ចាត់ចែង​រៀបចំ​ប្រជុំ​បែងចែក​ការងារ​លម្អិត ស្របតាម​តួនាទី​ភារកិច្ច​ដែលមាន​កំណត់​ក្នុង​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត ជាពិសេស​រៀបចំ​ផែនការ​ចំណាយ​សម្រាប់​អនុគណៈកម្មការ​នីមួយៗ ដែល​ត្រូវ​ប្រើប្រាស់​ឲ្យ​បានច្បាស់លាស់ ដើម្បី​ព​ន្លឿ​ន​លើ​ការងារ​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព​នឹង​ទាន់ពេលវេលា​។

​សូមបញ្ជាក់ថា ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ​ឆ្នាំ​២០២២​នេះ គ្រោង​នឹង​រៀបចំ​ប្រព្រឹត្តិ​ទៅ​រយះពេល​២​ថ្ងៃ​គឺ ថ្ងៃ សៅ​-​អាទិត្យ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២​។ ទន្ទឹម​នោះ​ដើម្បី​រៀបចំ​ពិធី​នេះ​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន​ទាន់ពេលវេលា និង​បង្ក​បរិយាកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​កម្សាន្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ រដ្ឋបាលខេត្ត​ស្វាយរៀង​បាន​បង្កើត​គណៈកម្មការ​ចំនួន ១ អមដោយ​អនុគណៈកម្មការ​ចំនួន ១០​ផ្សេងទៀត​ជា​ជំនួយការ​ផងដែរ​៕ ដោយ ៖ គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា