ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធាន​រដ្ឋ​វៀតណាម​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​មានតម្លៃ​ខ្ពង់ខ្ពស់​ក្នុងការ​បន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​សម្តែង​ការគួរសម​ជាមួយ លោក​ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​វិមាន​ប្រមុខរដ្ឋ នា​រដ្ឋធានី​ហាណូយ នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ដែលជា​ថ្ងៃទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ពីថ្ងៃ​ទី ១២ ដល់​១៤ ខែកញ្ញា​ឆ្នាំ​២០២២​។​

លោក ង្វៀន សួន​ហ្វ៊ុ​ក បាន​អរគុណ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​សម្តេច​ប្រធានរដ្ឋសភា​និង​គណៈប្រតិភូ​កម្ពុជា ដែល​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​ប្រទេស​វៀតណាម ហើយ​បាន​ចាត់ទុកថា ដំណើរ​ទស្សនកិច្ច​នាពេលនេះ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ជា​ឆ្នាំ​មិត្តភាព ដែល​ប្រទេស​ទាំងពីរ​ប្រារព្ធ​ខួប​លើក​ទី ៥៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​។

លោក​ប្រធាន​រដ្ឋ​វៀតណាម​បាន​លើកឡើងថា សម្តេច​ប្រធានរដ្ឋសភា ជា​មហាមិត្ត និង​ជា​វីរៈជន​កំពូល​មូ​យ​រូប ដែល​បាន​ចូលរួមចំណែក​ដ៍​សំខាន់​នៅក្នុង​ការពង្រឹង ពង្រីក ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​ឲ្យ​បាន​រឹងមាំ​ឡើងជា​លំដាប់​។​ នៅក្នុង​ឱកាស​នោះ លោក​ប្រធាន​រដ្ឋ​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នៅក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។

ជាមួយគ្នានេះ លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ជំនួប​ទ្វេភាគី​រវាង​សម្តេច​ប្រធានរដ្ឋសភា​និង​លោក​ប្រធានរដ្ឋសភា​សង្គមនិយម​វៀតណាម កាលពី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ម្សិលមិញ ដែល​រួមចំណែក​ដល់​ការពង្រឹង និង​លើកកម្ពស់​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទាំងពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាពិសេស​រវាង​ស្ថាប័ន​រដ្ឋសភា​។​

សម្តេច​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ បាន​សម្តែង​ក្តីរំភើប​រីករាយ ដែល​បាន​ជួប​លោក​ប្រធាន​រដ្ឋ ជាថ្មី​ម្តងទៀត និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់លោក​នៅ​កម្ពុជា កាលពី​ចុងឆ្នាំ​២០២១ កន្លងទៅ ដែល​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា គួរ​ជាទី​មោទន​។​

សម្តេច​ក៏បាន​ថ្លែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​បក្ស រដ្ឋ និង ប្រជាជន​វៀតណាម សម្រេចបាន​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ឆ្ពោះទៅរក​វឌ្ឍនភាព​ជឿនលឿន ស្របតាម​ទិសដៅ​នៃ​មហាសន្និបាត​លើក​ទី​១៣ របស់ បក្ស​កុម្មុយនីស្ត​វៀតណាម​។

ឆ្លៀតឱកាស​នោះ សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​ជា​ថវិកា ដែល​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម បាន​ផ្តល់ជូន​ប្រជាជន​កម្ពុជា សម្រាប់​កសាង​អគា​រដ្ឋបាល​រដ្ឋសភា ដែល​បច្ចុប្បន្ន កំពុង​មមាញឹក​ក្នុងការ​សាងសង់ និង​ប្រព្រឹត្តិ​ទៅដោយ​រលូន ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣ ឬ​ដើមឆ្នាំ​២០២៤ ខាងមុខ​។​

សម្តេច ក៏បាន​គូសបញ្ជាក់ថា ប្រជាជន​កម្ពុជា​ចងចាំ​ជានិច្ច ចំពោះ​ពលី​កម្ម​ដ៏​ធំធេង របស់​កងទ័ព​ស្ម័គ្រចិត្ត វៀតណាម ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ដើម្បី​ជួយ​រំដោះប្រជាជន​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម នា​ថ្ងៃ ៧ ខែមករា ឆ្នាំ​១៩៧៩​។​

សូមជម្រាបថា​នៅមុន​ពេល​ចូលជួប​សម្តែង​ការគួរ​ជាមួយ​លោក​ប្រធាន​រដ្ឋ​វៀតណាម សម្តេច​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​បាន​អញ្ជើញ​ដាក់​កម្រងផ្ការ​និង​គោរព​វិញ្ញាណក្ខន្ធ លោក​ប្រធាន​ហូជីមិញ ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា