ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក លី ធុជ ចុះសួរសុខទុក្ខ​អត្ត​ព​លិ​ក​បាល់បោះ​រទេះ​ជនពិការ​កម្ពុជា

នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២៣ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ជា​ប្រធាន​សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា បាន​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​អត្ត​ព​លិ​ក​កីឡាបាល់បោះ​រទេះ​ជនពិកា​រ​កម្ពុជា និង​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ហ្គេម​ទាំងអស់ ដែល​កំពុង​ទទួល​ការហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​ជាតិ​ជនពិការ​តេ​ជោ​សែន (​បឹង​បៃតង​) ក្នុងឱកាស​រីករាយ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា ២០២៣​។​

ក្នុងនាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា លោក ទេសរដ្ឋមន្ត្រី បាន​ជម្រុញ​ឲ្យ​អត្ត​ព​លិ​ក​ជនពិការ​ទាំងអស់ ត្រូវ​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​បច្ចេកទេស ជាពិសេស​ត្រូវ​បង្កើន​ស្មារតី​ជា​ក្រុម និង​សាមគ្គីភាព ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នេះ​។​

លោក ទេសរដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​ក្រុម​នារី​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា ដែល​បាន​ដណ្តើម​មេដាយមាស​ជូន​ជាតិ​មាតុភូមិ ព្រមទាំង​ជូនពរ​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​បាល់បោះ​រទេះ​ជនពិការ ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ក្នុងការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ខាងមុខនេះ​។​

ក្នុងឱកាស​ចុះសួរសុខទុក្ខ លោក ទេស​រដ្ឋ​ម​ន្ទ្រី បាន​នាំយក​នូវ​ទឹក​សុទ្ធ ៤០០ យូរ និង ១០០ កេស​ធំ​, នំ​ភី​ហ្សា និង​ថវិកា​មួយចំនួន ប្រគល់ជូន​ដល់​ក្រុម​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ហ្គេម ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា