ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ផែនការ​រៀបចំ​ដែនដី​នៅ​ខេត្តស្វាយរៀង​ឆ្នាំ​២០២៤ – ២០៤៤

​ខេត្តស្វាយរៀង ៖ សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ផែនការ​រៀបចំ​ដែនដី​ខេត្តស្វាយរៀង​២០២៤ – ២០៤៤ និង​ប្លង់គោល​ប្រើប្រាស់​ដី និង​ផែនការ​ប្រើប្រាស់​ដី​ក្រុង​បាវិត ដែល​បានរៀបចំ​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម មាន វណ្ណ​នី អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

​លោក​អភិបាលរង​ខេត្ត​មានប្រសាសន៍ថា ផ្អែក​តាម​កម្មវិធី​នយោបាយ​សម្រាប់​នីតិកាល​ទី ៧ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​បន្ត​ផ្ដោតជាសំខាន់​លើ​របៀបវារៈ​ធានា ប្រសិទ្ធភាព​សមិទ្ធកម្ម តាមរយៈ​ការអនុវត្ត​អភិក្រម ’​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” និង​អភិក្រម ’​ជវភាព នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​”​។

​លោក​បន្តថា ពាក់ព័ន្ធ​នឹង​ការពង្រឹង​ការគ្រប់គ្រង និង​ការធ្វើ​ទំនើបកម្ម នគរូបនីយកម្ម សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា រាជ​រដ្ឋា​-​ភិ​បាល​ផ្ដោត​អាទិភាព​លើ ៥ ចំណុច ដោយ​ក្នុងនោះ​ការងារ​កសាង​ផែនការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ការពង្រឹង​សមត្ថភាព​អនុវត្ត​ការងារ​កសាង​ផែនការ​រៀបចំ​ដែនដី និង នគរូបនីយកម្ម​ថ្នាក់ក្រុង​-​ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ នៅ​ទូទាំង​រាជធានី​-​ខេត្ត ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង និង​ទីប្រជុំជន​សំខាន់ៗ ប្រកបដោយ​ភាព​ធន់ និង​សោភ័ណភាព និង​ការរៀបចំ​ទីក្រុង ជាពិសេស ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ទីក្រុង​វៃឆ្លាត ឬ​ទីក្រុង​បៃតង ឬ​ទីក្រុង​ដែល​គួរឱ្យ​ចង់​រស់នៅ គឺជា​កិច្ចការ​ដ៏​ចម្បង​មួយ​ផងដែរ ហើយ​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវមាន​ការរៀបចំ​ផែនការ​ឲ្យ​បានល្អ​ប្រសើរ ច្បាស់លាស់ មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ គិតគូរ​បាន​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​យ​ចក្ខុវិស័យ បម្រើ​ឲ្យ​ផលប្រយោជន៍​រួម ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​រីកចម្រើន​របស់​សង្គម​ជាតិ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។

​លោក​បាន​បន្ថែមថា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដែលមាន សម្ដេច​មហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ១ ទាក់ទង​នឹង​ការងារ​រៀបចំ​ដែនដី ប្លង់គោល​ប្រើប្រាស់​ដី និង​ផែនការ​ប្រើប្រាស់​ដី ឱ្យសម្រេចបាន​លទ្ធផល​ផ្លែផ្កា​ដ៏​ត្រចះត្រចង់ សម្រាប់​ជា​គុណប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល រដ្ឋបាលខេត្ត​ស្វាយរៀង នឹងចូលរួម​សហការ សម្របសម្រួល និង​គាំទ្រ​នូវ​រាល់​សកម្មភាព​នានា​របស់​មន្ទីរ​រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្វាយរៀង និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវអនុវត្ត​នៅក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា