ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​២​នាក់ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា និង​កាន់កាប់ អាវុធ​ខុសច្បាប់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ

​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​២០ ខែកុម្ភ​: ឆ្នាំ​២០២៤ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ ហ័ង ពូ ហៅ អា​ហៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពី​ករណី ហិង្សា​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៩ ខែកុម្ភ​: ឆ្នាំ​២០២៤ នៅ​ចំណុច​បុរី​ដឺ​ផាក​ស៊ី​ធី ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​ជន​ជាតិចិន តាម​ពាក្យបណ្ដឹង​ខាងលើ នៅ​ចំណុច បុរី​KN ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទា​មានជ័យ និង​ដកហូត​វត្ថុតាង​រួន​មាន អាវុធខ្លី​ចំនួន​០៣​ដើម ក្នុងនោះ​មាន​អាវុធ​ម៉ាក G Lock 19 លេខ​BGDV859 ចំនួន​០១​ដើម​, អាវុធ​ម៉ាក ANSAR 17 លេខ​2203516 ចំនួន​០១​ដើម​, អាវុធ​ម៉ាក G LOCK 17 លេខ​2300617 ចំនួន​០១​ដើម​, និង​អាវុធ​វែង​ចំនួន​០១​ដើម ម៉ាក ESCORT MAGNUM លេខ​5760359 ចំនួន​០១​ដើម និង​គ្រាប់​ចំនួន​០២​គ្រាប់​, បង់​អាវុធ​ចំនួន​០៣, ដំបងឆក់ ចំនួន​០១​ដើម​, គ្រាប់​អាវុធខ្លី​ចំនួន​៦០​គ្រាប់​, ខ្នោះដៃ​ចំនួន​២​គូរ​, គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៦​កូន​ថង់​កិប ស្មើនឹង​ទម្ងន់​១២,៥៦​ក្រាម​, គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​មូល ពណ៌​ក្រហម​ក្បឿង​(WY)​ចំនួន​០១​ថង់​កិប ស្មើនឹង​១៩៦​គ្រាប់ ទម្ងន់​២១,៥៩​ក្រាម​, គ្រឿងញៀន​ប្រភេទ​ម្សៅ​ពណ៌​ស​(​កេ​តា​មីន​)​ចំនួន​០១​កូន​ថង់​កិប ទម្ងន់​០,៦៦​ក្រាម និង​ឧបករណ៍ប្រើប្រាស់​គ្រឿង​ញៀ និង​ប័ណ្ណសំគាល់ខ្លួន​ជាច្រើន​ទៀត​។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យដឹង​ទៀតថា ជនសង្ស័យ ១-​ឈ្មោះ ជា ជីន​ហ្គ័​រ ហៅ​កាំ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ២-​ឈ្មោះ លី អ៊ី​ន​ឈុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​ជនសង្ស័យ​ទាំង​០២​នាក់ ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច បាន​ឆ្លើយ​សារភាពថា កាល​ពីមួយ​ឆ្នាំមុន ថៅកែ​របស់ខ្លួន​បានប្រគល់​កាំភ្លើងខ្លី​ចំនួន​០២​ដើម និង​កាំភ្លើង​វែង​ចំនួន​០១​ដើម ព្រមទាំង​គ្រាប់កាំភ្លើង​មួយចំនួន ទុក​សម្រាប់​ការពារ​ក្នុង​ហាង អេ​ផ្លាស ហើយ​រូប​ខ្លួន​បាន​យក​កាំភ្លើង​នោះមក​រក្សាទុក​ក្នុង​បន្ទប់​របស់ខ្លួន​ជួល​ស្នាក់នៅ​។ បន្ទាប់មក​នៅ​ថ្ងៃទី​១៩ ខែកុម្ភ​: ឆ្នាំ​២០២៤ ពួកខ្លួន​ខឹង​នឹង​ឈ្មោះ ហ័ង ពូ ហៅ​អា​ហៃ ដោយ​ពួកខ្លួន​ខ្ចីប្រាក់​មិនបាន​ទើប​ប្រើប្រាស់​អាវុធ​វាយ​គំរាម អា​ហៃ និង​ប្រពន្ធ​របស់​វា ពិតប្រាកដ​មែន ចំណែក​គ្រឿងញៀន​ដែល​សម្ថ​កិច្ច​ដកហូត​ខាងលើ គឺ​ពួកគេ​ទិញ​មក​សម្រាប់​ប្រើប្រាស់​ខ្លួនឯង​តែប៉ុណ្ណោះ​។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យដឹង​ថា មុនពេល​បង្ក្រាប​បទល្មើស​ខាងលើនេះ ក៏​ទទួលបាន​ការសម្របសម្រួល​នីតិវិធី ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​នី​តិ​វិធី​ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកុម្ភ​: ឆ្នាំ​២០២៤​នេះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា