ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមិទ្ធផល​កើត​រាល់ថ្ងៃ​ដោយ​ស្នាដៃ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​

​ជា​រៀងរាល់​សប្តាហ៍ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតែ​ចេញ​មុខជា​សាធារណៈ​ស្ទើរតែ​មិន​លស់​ថ្ងៃ​ដើម្បី​សម្ពោធ​សមិទ្ធផល ឬ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ដែល​រៀបចំឡើង​ដោយ​ក្រសួង ស្ថាប័ន​ផ្សេងៗ​ដោយ​បង្ហាញ​អំពី​សមិទ្ធផល ស្នាដៃ ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី​ដើម្បី​អនុវត្ត​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។

​សកម្មភាព​បែបនេះ​បាន​កើតឡើង​តាំងពី​សម័យ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​មកម្ល៉េះ និង​បាន​ក្លាយទៅជា​ប្រពៃណី​របស់​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ទៅហើយ​។ ក្នុងនាម​ជា​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​សម្តេចនាយក​រដ្ឋមន្ត្រី​តែម្តង​មាន​ពេល​តិច​ណាស់​ដើម្បី​សម្រាក​ពីព្រោះ​ពេលវេលា​ស្ទើរតែ​ទាំងស្រុង​ត្រូវបាន​ចំណាយ​ទៅលើ​ការងារ​សព្វសារពើ​ដើម្បី​បម្រើ​ប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​។

ការគិតគូរ​និង​គូសវាស​ឱ្យចេញ​ជា​ផែនការ​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រទេស និង​ការរៀបចំ​សកម្មភាព​ការងារ​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ គឺជា​បេសកកម្ម​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ ហើយ​បេសកកម្ម​នេះ​ទៀតសោត​ទាមទារ​នូវ​ការប្តេជ្ញាចិត្ត សមត្ថភាព ជំនាញ ឆន្ទៈ​ការងារ​ខ្ពស់​និង​ទស្សនៈវិស័យ​វែងឆ្ងាយ​ទើប​អាច​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា​សម្រាប់​ប្រជាពលរដ្ឋ​។

​សមិទ្ធផល​ទាំងនេះ​ក៏​មិនអាច​សម្រេច​ជា​រូបរាង​បានដែរ​ប្រសិនបើ​គ្មាន​សុខសន្តិភាព ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​មានតម្លៃ​បំផុត និង​បើ​គ្មាន​ការចូលរួម​គាំទ្រ​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទេនោះ​។

​ការធ្វើសកម្មភាព​មិន​ចេះ​នឿយហត់​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គឺជា​ចលករ​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឱ្យមាន​សន្ទុះ​ទៅមុខ​ជា​លំដាប់​។ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព អគារ​ខ្ពស់​ទាប​គ្រប់​ប្រភេទ ហាង​ទំនិញ ផ្សារ​ទំនើប យានយន្ត​កកកុញ​ពេញ​ដងផ្លូវ ភ្លើងអគ្គិសនី​ព្រោងព្រាត សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក ការកម្សាន្ត​សប្បាយ​ប្រកបដោយ​ស្នាមញញឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវទេសចរ​បរទេស​នៅលើ​ទឹកដី​កម្ពុជា គឺជា​ទិដ្ឋភាព​ដែល​យើង​បានឃើញ​ជា​រៀងរាល់ថ្ងៃ​។

​ទិដ្ឋភាព​ទាំងនេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​និង​ដោយ​ងាយស្រួល​ឡើយ ប៉ុន្តែ វា​គឺជា​សមិទ្ធផល​ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​មិនចេះ​នឿយហត់​និង​ភាព​សកម្ម​ក្លៀវក្លា​របស់​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បន្តវេន​។

​សរុបមក គេ​អាច​និយាយបានថា សមិទ្ធផល​កើត​រាល់ថ្ងៃ​ដោយ​ស្នាដៃ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​។ គ្មាន​សមិទ្ធផល​ណា​កើតចេញពី​ការ​អង្គុយ​ហារ​មាត់​និយាយ​ដោយ​មិនបាន​ធ្វើ​អ្វី​ទាល់តែសោះ​នោះឡើយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា