ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សាលប្រជុំ​សាលាស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង​

អភិបាល​នៃ​គណ​អភិបាលខេត្ត​ស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍​សា នៅ ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២៤​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សាលប្រជុំ​សាលាស្រុក​ចន្ទ្រា ដែលមាន​ទំហំ​១៥​ម៉ែត្រ x ៣០ ម៉ែត្រ​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​សាលាស្រុក និង​ការិយាល័យ​នានា​ជុំវិញ​ស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​អគារ​សាលប្រជុំ​ថ្មី​នេះ នឹង​ដើរតួនាទី​ដ៏​សំខាន់​សម្រាប់​បម្រើ​ឲ្យ​ការរៀបចំ​កិច្ចប្រជុំ ការបណ្ដុះបណ្ដាល​ផ្ដល់នូវ​ពុទ្ធិ និង​កម្មវិធី​ផ្លូវការ​ផ្សេងៗ​របស់​រដ្ឋបាល​ស្រុក​បាន​កាន់តែ​រលូន ល្អប្រសើរ ប្រកបដោយ​សោភ័ណភាព ផាសុកភាព ដែលជា​កម្លាំង​ជំរុញ​មួយ​រួមចំណែក​គាំទ្រ​ដល់​ការបំពេញ​ការងារ​បាន​កាន់តែ​ជោគជ័យ ជាពិសេស​ក្នុង​បេសកកម្ម​ចម្បង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​បន្ថែម​នូវ​កិច្ច​ការសំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖

១-​រដ្ឋបាល​ស្រុក​ត្រូវអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដើម្បី​ធានា​ឲ្យ​ដំណើរការ​ការងារ​ក្នុង​អង្គភាព ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​កំហុសឆ្គង ឆ្លើយតប​ទៅនឹង​គោលការណ៍​រដ្ឋបាល​ឯកភាព ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សេវា​ផ្សេងៗ ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវ​ការជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

២-​ត្រូវ​បន្ត​ខិតខំ​ថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​តាមរយៈ​ការជំរុញ និង​លើកទឹកចិត្ត​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ទាំង​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ ក្មេង​ទំនើង និង​បទល្មើស​លួច ឆក់ ប្លន់​នៅ​មូលដ្ឋាន និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ពិសេស​ច្បាប់​ចរាចរណ៍​ជើងគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។​

៣- សូម​ឲ្យ​រដ្ឋបាល​ស្រុក​ត្រូវ​រឹតបន្តឹង ទប់ស្កាត់ និង​ចាត់វិធានការ​លើ​ករណី​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​មាន​ស៊ី​ផ្លេ​ជា​ចង្វាក់ភ្លេង​កុំ​ឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន ក្នុងនោះ​ត្រូវ​ត្រួតពិនិត្យ​នៅតាម​បណ្ដា​យានដ្ឋាន ឬ​ទីតាំង​កែច្នៃ ណែនាំ​ឲ្យ​បញ្ឈប់​រាល់​ការកែច្នៃ​ស៊ី​ផ្លេ​ខុស​បច្ចេកទេស​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា